សម្តេចតេជោ មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Astrazeneca ដូសទី៣ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ ទី២ ប្រភេទ Astrazeneca ទេ

0
92

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធចំពោះសំណើ របស់មន្ត្រីមួយចំនួន ដែលចង់ចាក់វ៉ាក់សាំង Astrazeneca ជាដូសជំរុញ ខណៈដែលខ្លួនបានចាក់ដូសទី១ និងទី២ ប្រភេទ Astrazeneca នេះ។

តាមរយៈសារជាសម្លេងនៅថ្ងៃទី០៩ សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Astrazeneca ដូសទី៣ ទៅតាមសំណើ អ្នកដែលបានចាក់វ៉ាក់សាំង Astrazeneca ដូសទី១ ទី២នោះទេ។ ការ សម្រេចនេះ គឺដោយសារតែគ្រូពេទ្យជំនាញ មិនទាន់បានសិក្សាលំអិតពីគម្លាតនៃការចាក់ពីដូសទី១ ដូសទី២ ទៅដូសទី៣នៅឡើយ សម្រាប់អ្នកចាក់ Astrazeneca នៅឡើយទេ។ ម្យ៉ាងទៀត កម្ពុជាក៏មិនទាន់មានវ៉ាក់សាំង Astrazeneca គ្រប់គ្រាន់ សម្រាប់ដំណើរការចាក់គ្រប់គ្នានោះទេ។ គួរកត់សំគាល់ថា មកដល់ពេលនេះ រាជរដ្ឋាភិបាល បានប្រើប្រាស់វ៉ាក់សាំង Astrazeneca ជាដូសជំរុញ រឺដូសទី៣ សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រូពេទ្យជួរមុខ នៅខេត្តនៅជាប់ព្រំដែនកម្ពុជា ដើម្បីទប់ទល់នឹងមេរោគបំប្លែងដែលតា។ ចំពោះការចាក់ដូសទី៣ រឺដូសជម្រុញនេះ គឺសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ប៉ុណ្នោះ។

សូមជម្រាបថា វ៉ាក់សាំងAstrazeneca ដែលជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេសជូនកម្ពុជានឹងត្រូវផុតកំណត់នៅខែកញ្ញា ខណៈជំនួយវ៉ាក់សាំងAstrazeneca ពីរដ្ឋាភិ បាលជប៉ុន ក៏មិនមានពេលវេលាយូរនោះដែរ។ ដូច្នោះ ការពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មន្ត្រីជួរមុខ ដែលបានចាក់ស៊ីណូវ៉ាក់ រឺស៊ីណូហ្វាម ជាកិច្ចការចាំបាច់ និងឲ្យ បានឆាប់រហ័សបំផុត។ កាលពីថ្ងៃទី០១ សីហា កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។ ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់ សាំង AstraZeneca បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here