ស្ត្រីរងគ្រោះព្រោះតែប្តីប្រើអំពើហឹង្សាដោយចេតនា និងអំពើផិតក្បត់ស្ទើរជារៀងរាល់ថ្ងៃ អស់រយៈពេលជាយូរឆ្នាំ បណ្តាលឱ្យនាងរលូតកូននៅក្នុងផ្ទៃអស់ពីរនាក់ ទើបនាងបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការខេត្តសៀមរាបដើម្បីស្វែងរកយុត្តិធម៌ទៅតាមផ្លូវច្បាប់។
ស្រ្តីរងគ្រោះឈ្មោះ រដ្ឋ រ៉ាន្នី អាយុ២៩ឆ្នំា ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរៀបរាប់ប្រាប់អ្នកកាសែត កម្ពុជាសុវណ្ណភូមិ ទាំងអួលដើមក ទឹកភ្នែកហូរតក់ៗដូចតំណក់ទឹកភ្លៀងថា ”នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជាមួយប្តីនាងខ្ញុំតាំងតែពីឆ្នាំ២០១៣មកម្លេះ រហូតមកដល់ឆ្នាំ២០២១នេះ នាងខ្ញុំមានកូនបួននាក់ ម្នាក់អាយុ៧ឆ្នាំ ឯម្នាក់ទៀតនៅក្នុងផ្ទៃជិតគ្រប់ខែ ចំណែកឯកូនពីរនាក់ទៀតរលួតបាត់ ដោយសារតែប្តីនាងខ្ញុំចូលចិត្តវាយដំច្រំធាក់ក្តិចខ្ញាំខាំជាំពេញខ្លួននាងខ្ញុំស្ទើរជារៀងរាល់ថ្ងៃ ព្រោះតែគាត់មានសាហាយស្មន់ខាងក្រៅក្បត់ចិត្តនាងខ្ញុំ។ តាំងតែពីនាងខ្ញុំកាន់ដៃគាត់ជាប្តីប្រពន្ធមក នាងខ្ញុំត្រូវបានគាត់ប្រើអំពើហឹង្សាជាញឹកញាប់ តែដោយសារតែស្រលាញ់ប្តីផង ណាមួយមិនចង់លែងលះគ្នានាំមានប្តីមួយប្តីពីរខ្លាចញាតិគេសើច នាងខ្ញុំក៏ចេះតែទ្រាំខាំមាត់សង្កត់ធ្មេញ តែប្តីនាងខ្ញុំចេះតែលួចលាក់មានស្រីមានសាហាយតែរហូតមិនព្រមកែប្រែសោះ នៅពេលនាងខ្ញុំចេះតែសួរដេញដោលគាត់ បណ្តាលឱ្យគាត់ចេះតែខឹងក្រេវក្រោធវាយដំនាងខ្ញុំឥតស្រាកស្រាន។ ក្នុងអំឡុងឆ្នាំ២០១៧ ខ្ញុំមានផ្ទៃពោះបីខែ ប្តីនាងខ្ញុំបានវាយដំនាងខ្ញុំរហូតរលូតកូនក្នុងផ្ទៃអស់ម្នាក់។ លុះដល់ចុងឆ្នាំ២០១៩ ប្តីនាងខ្ញុំគាត់បានក្បត់ចិត្តនាងខ្ញុំលួចរស់នៅជាមួយសាហាយស្មន់ដែលជាលេខាផ្ទាល់របស់គាត់ មិនតែប៉ុណ្ណោះប្តីនាងខ្ញុំបាននាំស្រីដែលជាសាហាយរបស់គាត់ ជិះឡានដើរលេង ឱ្យថើបក្នុងឡាន កៀកកើយលើដើមទ្រូងក្នុងឡាន មិនតែប៉ុណ្ណោះប្តីនាងខ្ញុំបានលួចលាក់នាំនាងលេខាផ្ទាល់របស់គាត់មករស់នៅក្នុង អាផាតមិន ដែលជាកន្លែងធ្វើការ ដូចប្តីប្រពន្ធអស់រយ:ពេលជិតមួយឆ្នាំ ហើយបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុគជាសាធារណ:ថែមទៀតផង។ បែកធ្លាយរឿងប្តីនាងខ្ញុំមានសាហាយជាលេខារបស់គាត់ចុងក្រោយនេះ ដោយសារនាងខ្ញុំចាប់បានភស្តុតាងដូចជា: សារជារូបភាព សារជាអក្សរ សារជាសម្លេង នៅក្នុងទូរស័ព្ទដៃ ក្នុងកុំព្យួរទ័រ តាមបណ្តាញសង្គមហ្វេសប៊ុគ តេឡេក្រាម អ៊ីនស្តាក្រាមជាដើម ហើយនាងខ្ញុំបានសួរដេញដោលរកហេតុផលជាមួយគាត់ក្នុងនាមជាប្តីប្រពន្ធ តែពេលនោះគាត់ក៏ប្រើហឹង្សាដាក់នាងខ្ញុំទៀត បណ្តាលធ្វើឱ្យនាងខ្ញុំឈឺចិត្តឥតថ្លាថ្លែង ក៏រលួតកូនទី២ដែលមានអាយុ៦ខែនៅមន្ទីរពេទ្យគន្ធបុប្ផាក្រុងសៀមរាប។ បន្ទាប់ពីនាងខ្ញុំចេញពីមន្ទីរពេទ្យនៅសសៃខ្ចីនៅឡើយ ប្តីនាងខ្ញុំក៏បានវាយដំនាងខ្ញុំជាបន្តបន្ទាប់មកទៀត ទើបនាងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីឱ្យតុលាការខេត្តសៀមរាប ផ្តន្ទាទោសប្តីរបស់នាងខ្ញុំឈ្មោះ ចៅ សេងថៃ តាមផ្លូវច្បាប់ ហើយសងសំណងជម្ងឺចិត្តដល់នាងខ្ញុំជាទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក“។
យោងតាមកម្មវត្ថុក្នុងពាក្យបណ្តឹងលេខ:១៩៤៨ ចុះថ្ងៃទី១៨ ខែ០៥ ឆ្នាំ២០២១ វេលាម៉ោង០២និង០៥នាទី ដែលកាសែតកម្ពុជាសុវណ្ណភូមិទទួលបានពីមេធាវីជនរងគ្រោះ ឈ្មោះ រដ្ឋ រ៉ាន្នី (ជាប្រពន្ធ) ដែលបានប្តឹងឈ្មោះ ចៅ សេងថៃ (ជាប្តី) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ពីបទល្មើស ផិត, ហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន និង ហឹង្សាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។
នៅរសៀលម៉ោង៤និង២២នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កាសែតកម្ពុជាសុវណ្ណភូមិ ពុំអាចសុំការបកស្រាយពីស្ត្រីឈ្មោះ សឿត បូរី អតីតលេខារបស់លោក ចៅ សេងថៃ ដែលរងការចោទប្រកាន់ពីលោកស្រី រដ្ឋ រ៉ាន្នី ជាភរិយាស្របច្បាប់របស់លោក ចៅ សេងថៃ បានទេ ព្រោះទូរស័ព្ទរបស់នាងខលលើកទី១មិនចូល ខលលើកទី២ចូល ហើយនាងសួរថាអ្នកខលមកជានរណា? នៅពេលចាងហ្វាងកាសែកម្ពុជាសុវណ្ណភូមិប្រាប់ថា ”ខ្ញុំឈ្មោះ ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ ទូរស័ព្ទពីខេត្តសៀមរាបទៅ“ លឺដូច្នេះនាង សឿត បូរី ក៏បិតទូរស័ព្ទបាត់ទៅ។ កាសែតកម្ពុជាសុវណ្ណភូមិបានព្យាយាមខលទូរស័ព្ទទៅនាង បូរី ម្តងទៀតតែនាងបាត់បិតទូរស័ព្ទមិនលើកទទួលទេ។
នៅរសៀលម៉ោង៤និង២៣នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ដដែលនេះ កាសែតកម្ពុជាសុវណ្ណភូមិ បាន ខលទូរស័ព្ទទៅលោក ចៅ សេងថៃ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធករណីដែលលោកស្រី រដ្ឋ រ៉ាន្នី ជាភរិយាដើមបានធ្វើការចោទប្រកាន់ថា ”លោក ចៅ សេងថៃ ប្រានប្រើហឹង្សាដោយចេតនា និង អំពើផិតក្បត់“ ដូចលោកស្រីបានរៀបរាប់ខាងលើ ហើយលោកចៅសេងថៃ បានប្រាប់តាមទូរស័ព្ទថា ”លោកសុំពេល១ម៉ោង ដើម្បីរៀបចំខ្លួន ហើយលោកនឹងខលទូរស័ព្ទត្រឡប់មកវិញ“។ ម៉ោង០៦និង០៥នាទីល្ងាចមិនបានខល បកមកវិញទេ គឺកម្ពុជាសុវណ្ណភូមិបានខលទៅលោកចៅសេងថៃ ម្តងទៀត លោកប្រាប់ថា ”លោកបានអោយខាងប្រធានធនាគារខលទៅសួរភរិយារបស់លោកពាក់ព័ន្ធអោយការសែតចេញផ្សាយ តែខាងភរិយាលោកថា មិនដឹងទេ មិនបានអោយផ្សាយទេ“ ហើយលោក ចៅសេងថៃបានសុំពន្យាពេល០៥នាទីទៀត ថានឹងខលមកកម្ពុជាសុវណ្ណភូមិវិញ។ ម៉ោង០៦និង៤៤នាទីយប់លោក ចៅសេងថៃ ខលត្រឡប់មកវិញសុំពេល១៥នាទីទៀត នឹងខលត្រឡប់មកវិញដើម្បីបកស្រាយបំភ្លឺ។ ម៉ោង០៧និង០៥នាទីយប់ថ្ងៃទី០២សីហាដដែលនេះលោកចៅសេងថៃបានបកស្រាយបំភ្លឺថា ”រឿងដែលប្រពន្ធខ្ញុំចោទខ្ញុមថាក្បត់ផិតមានសាហាយស្មននោះវាបានបញ្ចប់តាំងតែពីឆ្នាំ២០២០មកម្លេះ។ ឯរឿងថាខ្ញុំប្រើអំពើហឹង្សារហូតរលូតកូនអស់ពីរនាក់នោះមិនពិតទេ នោះមកពីសុខភាពរបស់គាត់ខ្សោយ។ ហើយស្នាមជាំនៅលើខ្លួនរបស់គាត់នោះមិនមែនខ្ញុំវៃដំច្រម់ធាក់អីទេ គឺគាត់ចេះតែប្រចណ្ឌរករឿងខ្ញុំ ក៏ប្រវ៉ាយប្រតប់គ្នាគ្នាតិចតួចគឺខ្ញុំចាប់ដៃឃាត់គាត់ទៅវាជាំ។ លោកអ្នកកាសែតគិតមើលឆ្អឹងខ្ញុំមាឌខ្ញុំធំដែរ បើវៃគាត់ដោយចេតនា ប្រពន្ធរបស់ខ្ញុំប្រហែលជាមិនរស់ទេ។ រាល់ថ្ងៃនេះខ្ញុំនិងប្រពន្ធរបស់ខ្ញុំរស់នៅក្នុងដំបូលផ្ទះតែមួយនៅឡើយទេ ការចំណាយទៅលើគ្រួសារ ទៅលើកូនរៀន ទៅលើបំណុលជាបន្ទុករបស់ខ្ញុំទាំងស្រុង។ រឿងប្រពន្ធខ្ញុំប្តឹងខ្ញុំទៅតុលាការជារឿងសិទ្ធិសេរីភាពរបស់គាត់ តែខ្ញុំមិនតបតជាមួយគាត់ទេ ព្រោះខ្ញុំមិនមានគំនិតថា បោះបង់ពួកគាត់ចោទេ។ ខ្ញុំគ្មានអ្វីបកស្រាយលើសនេះទេ សង្ឃឹមថា មហាជនទូទៅអាចយល់បានរឿងចង្កៀតក្នុងគ្រួសារណា ភ្លឺគ្រួសារនោះ ចានក្នុងរាវគង់តែរន្តំ សំខានគឺខ្ញុំស្រលាញ់ពួកគាត់“។
បើយោងតាមច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការការពារជនរងគ្រោះ ដែលប្រកាសឱ្យប្រើនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៥ មានត្រា ២ បានចែងថា ”អំពើហឹង្សាក្នុងគ្រួសារ គឺសំដៅលើអំពើហឹង្សាដែលកើតមាន និងអាចកើតមានទៅលើ: ១.ប្តី ឬ ប្រព្ធ ២.កូនក្នុងបន្ទុក ៣.ជនទាំងឡាយរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ“។ ក្នុងមាត្រា ៣ បានចែងថា ”អំពើហឹង្សារួមមាន: ការប៉ះពាល់ដល់ជីវិត ការប៉ះពាល់ដល់បូរណភាពរូបកាយ ការធ្វើទារុណកម្ម ឬ ការធ្វើអំពើឃោរឃៅ ការឈ្លានពានខាងផ្លូវភេទ។ មាត្រា ៣៥ នៃច្បាប់នេះផងដែរបានចែងថា ”អំពើហឹង្សាក្នុងគ្រួសារទាំងឡាយណា ដែលចូលជាបទល្មើសព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដោយយោងតាមច្បាប់ក្រមព្រហ្មទណ្ឌជាធរមាន។
រីឯក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ មាត្រា ២១៩ បានចែងថា ”អំពើហឹង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បូនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល កាលបើអំពើ ហឹង្សានោះត្រូវបានប្រព្រឹត្តទៅលើ (២-នារីមានគភ៍ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង)“។ មាត្រា ២២២ នៃក្រមព្រហ្មទណ្ឌដដែលបានចែងថា ”អំពើហឹង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បូនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល កាលបើអំពើ ហឹង្សានោះត្រូវបានប្រព្រឹត្តដោយសហព័ទ្ធ ឬ ដោយអនីតិសង្វាសជន របស់ជនរងគ្រោះ។
នៅក្នុងផែនការណែនាំស្តីពី ការចាត់តាំងអនុវត្តគោលការនយោបាយ ”ភូមិឃុំមានសុវត្ថិភាព“ របស់ក្រសួងមហាផ្ទៃប្រកាសឱ្យប្រើថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១០ ចំណុចទី៣ បានចែងផងដេរថា ”គ្មានអំពើអាណាចារ្យ ការជួញដូរស្ត្រី និងកុមារ និងអំពើហឹង្សាក្នុងគ្រួសារ។
ក្នុងច្បាប់ស្តីពី ឯកពន្ធភាព ឆ្នាំ២០០៦ មាត្រា ៧ បានចែងថា ”ត្រូវចាត់ទុកថា ផិត គឺការរួមសេវនកិច្ចរវាងបុរសដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្ត្រីដទៃក្រៅពីប្រពន្ធរបស់ខ្លួន ឬ ការរួមសេវនកិច្ចរវាងស្រ្តីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយជាមួយបុរសដទៃក្រៅពីប្តីរបស់ខ្លួន“។ មាត្រា ១០ នៃច្បាប់ដដែលនេះបានបញ្ញត្តិផងដែរថា ”ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៦ និង មាត្រា ៧ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី ១ (មួយ)ខែ ដល់ ១ (មួយ) ឆ្នំា និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្តន្ទាទោសណាមួយនៃទោសទាំងពីរ៕
ប្រភព : សារព័ត៌មានកម្ពុជាសុវណ្ណភូមិ