ម៉ាឡេស៊ីកាត់បន្ថយវិធានការរឹតត្បិត ចំពោះអ្នកទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ រួចហើយ

0
117

ម៉ាឡេស៊ីបានដាក់ប្រទេសក្នុងគ្រាមានអាសន្នជាតិ ៦ខែ ទើបនឹងផុតកំណត់ តាំងពីផ្ទុះរោគកូវីដ១៩ និងតាំងពីបិទប្រទេសជិតឈឹងពីខែមិថុនា សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ម៉ាឡេស៊ីជួបការលំបាកខ្លាំង។ តាមរបាយការណ៍ផ្លូវការកាលពីថ្ងៃអាទិត្យ ទី៨ ខែសីហា ម៉ាឡេស៊ីចាក់ថ្នាំបង្ការកូវីដ១៩ ចំនួន ៤០ម៉ឺននាក់។ ក្នុងចំណោមប្រជាជន ៣៣លាននាក់ គឺមានជាង ៨លាននាក់ហើយ ដែលបានទទួលថ្នាំបង្ការគ្រប់ចំនួនទាំងពីរលើក។ពេលនេះ ក្នុងចំណោមរដ្ឋទាំង ១៣ របស់សហព័ន្ធម៉ាឡេស៊ី គឺមានប្រជាជនភាគច្រើន ក្នុងរដ្ឋចំនួន ៨ ដែល ទទួលបានវ៉ាក់សាំងកូវីដ១៩ គ្រប់ទាំង ២ដូស គឺនឹងត្រូវអនុញ្ញាតអាចឲ្យមានសេរីភាពចេញដើរហាត់ប្រាណ និងផ្លាស់ទីពីខេត្តមួយទៅខេត្តមួយបាន។ ហាងពាណិជ្ជកម្ម និងហាងបាយអាចផ្តើមបើកវិញជាបណ្តើរៗហើយ។ លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានមានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ថា៖«នេះក៏ដោយសារតែប្រជាពលរដ្ឋបានទទួលថ្នាំបង្ការកូវីដ១៩ រួចហើយ។ ល្បឿនឆ្លងថយចុះហើយទម្ងន់បន្ទុកលើសុខភាពសាធារណៈអាចនឹងត្រូវធូរស្រាលបន្តិច»។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបន្ថែមថា «យើងនឹងបើកតំបន់សេដ្ឋកិច្ចឡើងវិញមួយជំហានម្តងៗ។ យើងនឹងដើរចេញពីវិបត្តិកូវីដ១៩ តែយើងត្រូវតែវិន័យ និងចាត់ចែងឲ្យបានច្បាស់លាស់»។ ចំពោះអ្នកវិភាគស្ថានការណ៍វិញ អ្នកកាន់អំណាចម៉ាឡេស៊ីធ្វើដូច្នេះ ទំនងជាចង់រំងាប់ចិត្តរបស់បាតុករប្រឆាំង ដែលទាមទារឲ្យរដ្ឋាភិបាលម៉ាឡេស៊ីចុះចេញពីតំណែង ព្រោះតែដោះស្រាយកូវីដ ១៩ មិនបានល្អ និងមានវិបត្តិនយោបាយផ្ទៃក្នុង។ ទោះបីជាប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីថា នឹងបន្ធូរបន្ថយវិធានការរឹតត្បិតបន្តិចក្តី ហើយការឆ្លងថយចុះបន្តិចមែន ប៉ុន្តែចំនួនឆ្លង និងចំនួនមនុស្សស្លាប់ គឺមានកម្រិតច្រើននៅឡើយ។ ក្នុងមួយថ្ងៃៗ ក្រុង Kuala Lumpur និងក្រុងសេដ្ឋកិច្ចធំៗផ្សេងទៀត មានករណីឆ្លង ចំនួនរាប់ពាន់នាក់។ នៅទូទាំងប្រទេស ករណីឆ្លងថ្មីចំនួនយ៉ាងហោច ២ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ ២៤ម៉ោង កាលពីថ្ងៃអាទិត្យ ទី៨ ខែសីហា ជំងឺកូវីដ១៩ សម្លាប់ពលរដ្ឋម៉ាឡេស៊ី ៣៦០នាក់ ដែលធ្វើឲ្យអ្នកស្លាប់ ដោយកូវីដ១៩ នៅម៉ាឡេស៊ីកើនដល់ជាង ១ម៉ឺន ៧រយនាក់៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here