ក្រុមតាលីបង់វាយដណ្តើមកាន់កាប់ទីក្រុងកាន់តែច្រើនរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន

0
43

ក្នុងរយៈពេលតែ ៣ថ្ងៃ ក្រុមតាលីបង់វាយដណ្តើមយកបានទីក្រុងចំនួន ៤ របស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទីក្រុង Kunduz ទីក្រុង Sare Pul នៅប៉ែកពាយ័ព្យបានក្លាយជាទីក្រុងទី៤ របស់អាហ្វហ្កានីស្ថាន ដែលធ្លាក់ក្នុងដៃរបស់ពួកតាលីបង់។ តាមក្រុមប្រឹក្សា ទីក្រុងទាំងមូលនៃខេត្ត Sare Pul ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ ដែលកំពុងបន្តឡោមព័ទ្ធកងពលអាហ្វហ្កានីស្ថាន នៅជាយក្រុង។ ឆ្លៀតឱកាសដែលកងទ័ពអាមេរិកត្រូវដកចេញពីអាហ្វហ្កានីស្ថាន យ៉ាងយូរបំផុតនៅថ្ងៃទី៣១ ខែសីហា ក្រុមតាលីបង់បានបើកការវាយប្រហារទៅលើកងទ័ពរដ្ឋាភិបាល ៣ខែមកនេះ ដោយបានចូលទៅឡោមព័ទ្ធទីក្រុងធំៗរបស់អាហ្វហ្កានីស្ថាន។ កាលពីថ្ងៃសុក្រ ក្រុមតាលីបង់បានវាយចូលគ្រប់គ្រងជាលើកទី១ ទីក្រុង Zaranj ជាប់ព្រំដែនអ៊ីរ៉ង់។ តាមសាក្សីដែលទីភ្នាក់ងារព័ត៌មានបារាំងបានសម្ភាសន៍សាកសួរ បន្ទាប់ពីឮសន្ធឹកគ្រាប់កាំភ្លើង និងគ្រាប់បែក គេឃើញពួកទាហានតាលីបង់ដើរចូលទីក្រុងដោយគ្មានការបាញ់តដៃច្រើន ពីកងទ័ពរដ្ឋាភិបាលទេ។ សាក្សីជាច្រើន និយាយថា គេឃើញកងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានដកខ្លួនថយ ចេញពីសមរភូមិប្រយុទ្ធ ដោយបណ្តោយទុកឲ្យពួកតាលីបង់ចូលកាន់កាប់ទីក្រុង។ មន្រ្តីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ធ្លាប់បានអះអាងថា ប្រឈមនឹងការវាយប្រហាររបស់ពួកតាលីបង់នៅគ្រប់មុខព្រួញ កងទ័ពរដ្ឋាភិបាលសម្រេចដកខ្លួនមកការពារទីក្រុងធំៗរបស់អាហ្វហ្កានីស្ថានវិញ។ ប៉ុន្តែអ្នកជំនាញមួយចំនួន យល់ថា យុទ្ធនាការឃោសនារបស់ពួកតាលីបង់ ដែលផ្សព្វផ្សាយមិនឈប់ពីជ័យជំនះ និងការវាយដណ្តើមយកបានជាបន្តបន្ទាប់ ទីតាំងរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន បានធ្វើឲ្យកងទ័ពអាហ្វហ្កានីស្ថានបាក់ទឹកចិត្ត ដោយពេលខ្លះពួកគេមួយចំនួនបានទម្លាក់អាវុធ រត់ចោលសមរភូមិប្រយុទ្ធ។ ក្រុមតាលីបង់បានវាយដណ្តើមគ្រប់គ្រងតំបន់ និងប៉ុស្តត្រួតពិនិត្យព្រំដែនជាច្រើន ដែលសុទ្ធសឹងជាច្រកចេញចូលនាំប្រភពចំណូលសំខាន់ សម្រាប់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដូចជា នៅព្រំដែនអ៊ីរ៉ង់ ប៉ាគីស្ថាន តាហ្ស៊ីគីស្ថាន តួកមេនីស្ថាន។ ការបោះជំហានលឿនទៅមុខរបស់ពួកតាលីបង់ បានបង្កើតឲ្យមានក្តីបារម្ភពីសន្តិសុខ សុវត្ថិភាព ក្នុងរដ្ឋធានីកាប៊ូល។ ការវាយប្រហារភេរវកម្មរៀបចំឡើងដោយក្រុមតាលីបង់នៅកាប៊ូល ដែលបានសម្លាប់ប្រធានមជ្ឈមណ្ឌលព័ត៌មានរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ជាសញ្ញានៃអសន្តិសុខមួយទៀត ដែលធ្វើឲ្យស្ថានទូតអាមេរិកចាត់វិធានការ ដូចស្ថានទូតអង់គ្លេស ដោយបានប្រកាសឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអាហ្វហ្កានីស្ថាន។ តាមការប្រកាសរបស់ស្ថានទូតអាមេរិក នៅទីក្រុងកាប៊ូល ដោយយោងទៅលើស្ថានភាពអសន្តិសុខ និងកម្លាំងការពារសន្តិសុខមានចំនួនកំណត់ ពលរដ្ឋអាមេរិកត្រូវចាកចេញជាបន្ទាន់ពីអាហ្វហ្កានីស្ថាន៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here