ទោះកូវីដ១៩ រំខាន តែព្រឹត្តិការណ៍អូឡាំពិកនៅតូក្យូត្រូវបិទបញ្ចប់ ដោយរលូន

0
42

ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅលើកទី៣២ នៅប្រទេសជប៉ុន ត្រូវបានបិទបញ្ចប់កាលពីយប់ថ្ងៃទី៨ ខែសីហា។ ការរៀបចំប្រកួតកីឡាលំដាប់ពិភពលោក នៅក្នុងបរិបទផ្ទុះមេរោគរាតត្បាតកូវីដ១៩ នេះ គឺពុំមែនជាការងាយស្រួលឡើយ ចំពោះជប៉ុនជាម្ចាស់ផ្ទះ ប៉ុន្តែឆ្លងកាត់ការប្រកួតចំនួន ១៦ថ្ងៃមក គឺការរៀបចំបានប្រព្រឹត្តទៅយ៉ាងរលូន ទោះបីជាមានការប្រឆាំងពីពលរដ្ឋជប៉ុនខ្លះៗក៏ដោយ។ បើតាមរបាយការណ៍ពីអ្នករៀបចំការប្រកួតតូក្យូអូឡាំពិក គឺចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា គេបានរកឃើញករណីឆ្លងកូវីដ១៩ ចំនួនតែ ៤៣០ករណីប៉ុណ្ណោះ ក្នុងចំណោមកីឡាករ ប្រតិភូ បណ្តាអ្នកកាសែត រួមទាំងអ្នកស្ម័គ្រចិត្តនានា ប្រមាណ ៥ម៉ឺន ២ពាន់នាក់ បើគិតជាមធ្យម ក្នុងមួយថ្ងៃៗ ករណីឆ្លងវិជ្ជមានកូវីដ១៩ មានត្រឹមតែ ០,០២ភាគរយប៉ុណ្ណោះ ដោយសារតែជប៉ុនបានរឹតបន្តឹងវិធានការខ្លាំងសម្បើមណាស់។ ការប្រកួតនេះ ជាការ «ប្រកួតបិទទ្វារ»គ្មាន ទស្សនិកជនអ្នកគាំទ្រទៅមើលផ្ទាល់នោះទេ។ មុននឹងចូលប្រកួត ហើយក្នុងដំណាក់កាលរៀបចំការប្រកួត នៅតូក្យូនេះ គឺគេមានការធ្វើតេស្តជំងឺកូវីដ១៩ យ៉ាងតឹងតែង និងទៀងទាត់។ កីឡាករណាដែលរកឃើញថា វិជ្ជមានកូវីដ១៩ គឺដាច់ខាតមិនឲ្យចូលប្រកួតឡើយ។ ជារួម គ្មានការលើកការប្រកួតលើវិញ្ញាសាណាមួយ ឬ ក៏លុបចោលការប្រកាសលទ្ធផល ព្រោះតែរំខានដោយកូវីដ១៩ ទេ។ អ្វីៗបានប្រព្រឹត្តទៅតាមការគ្រោងទុក។ សហរដ្ឋអាមេរិកនាំមុខគេ ទទួលបានមេដាយមាសច្រើនបំផុត រហូតដល់ ៣៩ មេដាយមាស ឯចិនវិញ ទទួលបានមេដាយមាស ចំនួន ៣៨។ រីឯ ជប៉ុនជាម្ចាស់ផ្ទះវិញ ទទួលបានមេដាយមាស ចំនួន ២៧។ ចក្រភពអង់គ្លេស ទទួលបានមេដាយមាស ចំនួន ២២។ ប្រទេសអឺរ៉ុប បួន គឺបារាំង អាល្លឺម៉ង់ អីតាលី ហូឡង់ គឺបានមេដាយមាស ១០ ស្មើគ្នា។ ប៉ុន្តែបារាំងបានមេដាយសរុប ៣៣ តែបានមេដាយមាសតែ ១០ទេ។ នៅបារាំង បណ្តាញព័ត៌មានក្នុងស្រុកបានផ្សាយអួតពីជាតិខ្លួន ជាពិសេស គឺក្រុមកីឡាការិនី ដែលទទួលបានមេដាយមាស សម្រាប់វិញ្ញាសា Handball ឬ បាល់គប់។ វិញ្ញាសាបាល់គប់ ទាំងក្រុមនារី និងទាំងក្រុមបុរសបារាំង គឺសុទ្ធតែឈ្នះព្រមៗគ្នា នេះជាមោទនភាពជាតិមួយ សម្រាប់នគរបារាំងសេស។ រឿងនេះក៏ជាឧបករណ៍ឃោសនាមួយទៀតសម្រាប់បារាំង ពីព្រោះ ការរៀបចំការប្រកួតកីឡាអូឡាំពិកលើកក្រោយឆ្នាំ២០២៤ គឺស្រុកបារាំងនឹងធ្វើជាម្ចាស់ផ្ទះ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here