អត្ថាធិប្បាយ៖ មរតកដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

0
73

នៅក្នុងប្រវត្តិសាស្រ្តកម្ពុជាចុងក្រោយបានកត់ត្រា និងចងក្រងទុកនូវស្នាដៃ វីរភាព ដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានធ្វើការបូជាទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីមាតុភូមិកម្ពុជាដ៏ជាទីស្រឡាញ់របស់យើងទាំងអស់គ្នា។
នៅក្នុងរយៈពេលជាង៤២ឆ្នាំកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្នូលរបស់គណបក្ស ជាអគ្គមគ្គទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងអង់អាចសម្រេចបាននូវជ័យជំនះដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ។ ពីក្នុងចំណោមសមិទ្ធផលធំៗ និងស្នាដៃដ៏ត្រចះត្រចង់ ដែលប្រវត្តិសាស្រ្តកម្ពុជាបានកត់ត្រាទុកក្នុងក្រាំងមាស មានស្នាដៃជាមរតកចំនួន២របស់សម្តេចតេជោដែលកំណត់នូវកត្តាស្លាប់រស់របស់ជាតិ ហើយបើគ្មានសកម្មភាពសង្គ្រោះបន្ទាន់ទេនោះ ប្រទេសនេះនឹងត្រូវធ្លាក់ទៅក្នុងជ្រោះមហន្តរាយជាមិនខាន ព្រមទាំងអាចរលប់រលាយបាត់ឈ្មោះពីផែនទីពិភពលោកទៀតផង។តើមរតកនោះជាអ្វី?
១-ការសង្គ្រោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពតនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ក្នុងចំណោមវិរជនសំខាន់ៗជាច្រើនរូបដែលបានក្រោកឡើងដឹកនាំចលនាសង្គ្រោះជាតិ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គដ៏លេចធ្លោមួយរូប ដោយសម្តេចបានចាកចេញពីមាតុភូមិស្វែងរកការរំដោះជាតិតាំងពីឆ្នាំ១៩៧៧។ សម្តេចបានបង្កើតកងទ័ពសង្រ្គោះជាតិជាលើកដំបូង និងក្រោយមកបានចូលរួមបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា វាយផ្តួលរំលំរបបប៉ុល ពត សង្រ្គោះជាតិ សង្រ្គោះមាតុភូមិ និងបានបើកឡើងនូវទំព័រសករាជថ្មីដ៏ភ្លឺចិញ្ចាចចិញ្ចែងសម្រាប់កម្ពុជា ។ ក្នុងរយៈពេលជាង៤០ឆ្នាំ ប្រទេសមួយដែលខ្ទេចខ្ទាំសល់តែផេះផង់ ប្រជាជាតិមួយដែលពិភពលោកលែងស្គាល់ លែងដឹងព្ញ ប្រជាជនមួយដែលរស់ឆ្លងកាត់ភាពទុរ្ភឹក្ស អត់ឃ្លាន រស់ស្មើមិនបាននឹងសត្វ បែរជាបានក្លាយទៅជាប្រទេសមួយដែលការរីកចម្រើនខ្លាំង ទាំងសេដ្ឋកិច្ចសង្គម និងមានសកម្មភាពរស់រវើក ក្លៀវក្លាយ៉ាងក្រៃលែង ។ ជីវភាពរស់នៅរបស់ប្រជាជនមានការប្រែប្រួលរីកចម្រើនឡើងជាលំដាប់។ ឆ្នាំ១៩៧៩ របស់កម្ពុជា គឺឆ្នាំសូន្យ ប៉ុន្តែ៤០ឆ្នាំក្រោយមក សេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ក្នុងអត្រាជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧,០% ផលិតផលសរុបសម្រាប់មនុស្សម្នាក់បានកើនពី០%នៅឆ្នាំ១៩៧៩ ទៅដល់១៧០០ដុល្លារ ក្នុងឆ្នាំ២០១៩។ កិត្យានុភាពប្រទេសកម្ពុជាបានឈរយ៉ាងត្រដែតត្រដឹមជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដោយយើងបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវនយោបាយការបរទេសដែលបម្រើ លើកស្ទួយ និងការពារផលប្រយោជន៍គោលរបស់ជាតិ គឺការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងអព្យាក្រឹត្យភាព រក្សាការពារបានគត់មត់នូវសន្តិភាព សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងឯកភាពសង្គម ស្របតាមពាក្យស្លោក”កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”។ ជាមួយគ្នានេះ អ្វីដែលជាមរកតតេជោសែន ដែលគ្មានអ្នកណាម្នាក់អាចបំភ្លៃបាននោះគឺ សម្តេចបានជ្រោងខ្ពស់បំផុត ការលើកកម្ពស់សិទ្ធិនៃការរស់រានមានជីវិតរបស់ប្រជាជន ជាសិទ្ធិតែមួយគត់ដែលមនុស្សគ្រប់ៗរូបត្រូវតែទទួលបានមុនអ្វីៗទាំងអស់។

២- ការជួយសង្រ្គោះអាយុជីវិតប្រជាជន បញ្ចៀសចេញផុតពីហានិភ័យ និងគ្រោះមហន្តរាយនៃជំងឺឆ្លងរាតត្បាតសកលកូវីដ១៩ ។ ថ្វីត្បិតតែមកដល់ពេលនេះ ប្រទេសជាតិយើងនៅតែស្ថិតក្នុងស្ថានភាពផុយស្រួយនៃការប្រឈមនឹងជំងឺកូវីដ១៩ ប៉ុន្តែតាំងពីកម្ពុជាបានទទួលរងការឆ្លងជំងឺនេះនាដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន យើងបានគ្រប់គ្រងសភាពការណ៍ក្នុងដៃ បញ្ចៀសបាននូវហានិភ័យធ្ងន់ធ្ងរ បើធៀបជាមួយបណ្តាប្រទេសនានានៅក្នុងពិភពលោក។ គិតមកត្រឹមថ្ងៃទី៨ ខែសីហា នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ជាង ៨ម៉ឺននាក់ អ្នកជាសះស្បើយជាង ៧ម៉ឺននាក់ និងអ្នកស្លាប់ជាង១៥០០នាក់ ដែលចំនួននេះ ពិតជាធ្វើឲ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែទោះយ៉ាងណាសន្ទស្សន៍នៃការឆ្លងថ្មី និងចំនួនអ្នកស្លាប់មិនមានការកើនឡើងទេ។ អ្វីដែលគួរឲ្យយកចិត្តទុកដាក់គឺ នៅមុនព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែ៤៨៤នាក់ ហើយពុំមានអ្នកស្លាប់ទេ។ យើងសាកល្បងប្រមើល មើលថា ក្នុងដំណាក់កាលនោះ ប្រសិនបើយើងគ្រប់គ្រងមិនបាន ហើយបណ្តែតបណ្តោយឲ្យជំងឺកូវីដ១៩វាយលុកខ្លាំងដូចបណ្តាប្រទេសមួយចំនួននៅលើពិភពលោក តើមកដល់ថ្ងៃនេះ កម្ពុជានឹងត្រូវធ្លាក់ខ្លួនទៅក្នុងស្ថានភាពទុរន់ទុរា និងដុនដាបយ៉ាងណាទៅ ជាពិសេសនៅពេលដែលជំងឺកូវីដ១៩បំលែងខ្លួនបានមកដល់កម្ពុជាហើយនោះ។ ប៉ុន្តែគឺអាស្រ័យដោយភាពឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានដាក់ចេញនូវយុទ្ធសាស្រ្ត យុទ្ធវិធី ស្របតាមដំណាក់កាលនីមួយៗ ទាំងការទប់ស្កាត់ការឆ្លងរីករាលដាលពីខាងក្រៅចូលមកក្នុងសហគមន៍ ការស្វះស្វែងរកវ៉ាក់សំាងមកចាក់ជូនប្រជាជនបានគ្រប់គ្រាន់ ទាន់ពេលវេលា បានឆ្លុះបញ្ចាំងឲ្យឃើញនូវប្រសិទ្ធភាពខ្ពស់នៃអភិបាលកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ជាក់ស្តែងគិតមកពេលនេះ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ក្នុងបណ្តាប្រទេសអាស៊ានទាំង១០ បន្ទាប់ពីប្រទេសសិង្ហបុរី ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានច្រើនជាងគេ និងបានក្លាយទៅជាប្រទេសទី៣នៅលើពិភពលោក ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីប្រទេសអ៊ីស្រាអែល និងឥណ្ឌូនេស៊ី។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសធំៗមួយចំនួនទៀតនៅក្នុងពិភពលោក ដែលរួមមានទាំងចិន អាមេរិក បារំាង ដែលបានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យក្រោមអាយុ១៨ឆ្នាំទៀតផង។ ក្នុងពេលដែលពិភពលោកទាំងមូលកំពុងស្ថិតក្នុងស្ថានភាពអត្តខាត់វ៉ាក់សាំងយ៉ាងធ្ងន់ធ្ងរ ដែលសូម្បីតែប្រទេសខ្លះមិនទាន់រកបានវ៉ាក់សាំងចាក់ជូនប្រជាជនរ បស់ខ្លួនមិនបាន១%ផងនោះ ប៉ុន្តែកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាជនគោលដៅដូចតាមផែនការដែលបានកំណត់ទុក។ កម្ពុជាបានគ្រោងចំណាយថវិកាចំនួន១៧០លានដុល្លារ ដើម្បីទិញវ៉ាក់សាំងឲ្យគ្រប់២០លានដូស គិតត្រឹមខែសីហា និងឈានទៅចាក់វ៉ាក់សាំងបញ្ចប់ទាំងស្រុងនៅខែវិច្ឆិកា ឆ្នាំ២០២១។ គិតត្រឹមដើមខែសីហា កម្ពុជាមានវ៉ាក់សាំងនៅក្នុងដៃចំនួន១៩លានដូស ហើយនៅខែសីហានេះ យើងនឹងទទួលបានវ៉ាក់សាំងប្រមាណ ៧,៦លានដូសទៀត ដែលជាជំនួយផង និងជាការបញ្ជាទិញផង ដែលសរុបកម្ពុជានឹងមានវ៉ាក់សាំងចំនួន ២៦,៥លានដូស សម្រាប់ចាក់ជូនប្រជាជន។
ទាំងនេះគឺជាស្នាដៃ ជាសមិទ្ធផល និងជាមរតកដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតេជោ ហ៊ុន សែន ទុកសម្រាប់ជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ និងប្រជាជនកម្ពុជា។ មរតកនេះមិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញនូវកេរ៍្តដំណែលដែលមិនអាចកាត់ថ្លៃបានរបស់អគ្គមគ្គុទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជាយើងនេះទេ ប៉ុន្តែក៏បានជួយទៅដល់ការសង្រ្គោះអាយុជីវិតប្រជាជនពីសេចក្តីស្លាប់ ជួយបញ្ចៀសហានិភ័យ និងគ្រោះមហន្តរាយឲ្យរលត់រលាយខ្ចាត់ខ្ចាយពីលើមាតុភូមិកម្ពុជាទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here