សៀមរាប៖ ទីគោរពបូជា ដ៍ស័ក្តសិទ្ធិ ដែលធ្លាប់តែមានមនុស្ស កកកុញ ចម្រុះជាតិ សាសន៍ ចូលទៅបន់ផ្សង សុំសេចក្តីសុខ ក្នុងមួយថ្ងៃៗ ប៉ុន្តែពេលនេះ មានសភាពស្ងប់ស្ងាត់ ស្ទើតែមិនគួរអោយជឿ។ នោះគឺ អាស្រមព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេព។
តែទោះជាយ៉ាងណា ទីគោរពបូជាដ៍ស័ក្តសិទ្ធិ ក្នុងខេត្តទេសចរណ៍ សៀមរាបអង្គរមួយនេះ នៅតែមានបារមី ផ្តល់ជំនឿ ដល់ពលរដ្ឋខ្មែរ អោយចូលទៅគោរពបូជា បន់ផ្សង សុំសេចក្តីសុខ ជាប្រចាំ បើទោះបីជា មិនច្រើនកកកុញ ដូចមុន។
មន្ត្រីនគរបាល យាមប្រចាំការ នៅអាស្រមព្រះអង្គចេក ព្រះអង្គចម លោកស័ក្តិ ៣ វ៉ាន់ ណារ៉ាត់ បានបរិយាយថាៈ ចាប់តាំងពីជំងឺរាតត្បាតឆ្លង បិទខ្ទប់រាជធានី ខេត្ត ជាពិសេសខេត្តសៀមរាប ត្រូវបានបិទបណ្តាសង្កាត់ទៀត ធ្វើអោយមានភាពស្ងប់ស្ងាត់ របស់ពលរដ្ឋ ក្នុងការចូល មកបន់ស្រន់ នៅព្រះអង្គចេក ព្រះអង្គចម និងយាយទេព។
លោកបានបន្តថាៈ ពីមុន កូវីដក្នុងមួយថ្ងៃៗ មានអ្នកចូលមក បន់ស្រន់ច្រើន ដល់ទៅក្បែរ ពាន់នាក់ឯណោះ។ តែរាល់ថ្ងៃនេះ មានត្រឹម ៣០ ទៅ ៤០ នាក់ប៉ុណ្ណោះ។
ចំណែកលោក វ៉ាន់ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប ក៍បានថ្លែងៈ នៅព្រឹក ថ្ងៃទី៩ ខែសីហានេះ ស្រដៀងគ្នាដែរថាៈ ជាការពិតណាស់ ដែលស្ងាត់ ពលរដ្ឋ ចូលទៅ បន់ស្រន់។ ទាំងនេះ គឺដោយសាតែជំងឺកូវីដ រាតត្បាត ពលរដ្ឋមិនសូវហ៊ាន ចេញចូលតែប៉ុណ្ណោះ មិនមានកត្តាអ្វី ផ្សេងឡើយ។
លោកបានបន្តថាៈ មុនកូវីដ ក្នុង១ថ្ងៃ មានអ្នកចូលទៅបន់ស្រន់ រាប់រយនាក់ មានចម្រុះជាតិសាសន៍ ហើយបើចំថ្ងៃសីល ឬចំក្រុមភ្ញៀវចិនផង ឈានដល់ពាន់នាក់ ក្នុង១ថ្ងៃ។ អ្នកខ្លះចូលទៅបន់ផ្សង សុំសេចក្តីសុខ ខ្លះបន់ស្រន់ សុំជោគជ័យ ពីការធ្វើជំនួញ ឯខ្លះទៀត មកលាបំណន់ ដែលធ្លាប់បាន បន់ស្រន់ រួចហើយជាដើម។
លោកប្រធានមន្ទីរ បានបន្ថែមថាៈ ជាការកត់សំគាល់ ពេលពួកគាត់ ចូលមកអាស្រម នាងចេក នាងចម ហើយគឺបន្តចូលទៅបួងសួង ជាមួយលោកយាយ ទេព ដែលគង់នៅក្បែរគ្នាហើយ ទើបចាកចេញ ។
លោកបានបញ្ជាក់ថាៈ ទោះស្ថិតក្នុងស្ថានភាពកូវីដ ប៉ុន្តែដោយបារមីដ៍ស័ក្តសិទ្ធិ ហើយពលរដ្ឋ ភាគច្រើន មានជំនឿថា ក្រោយពេលបន់ស្រន់ គ្រប់យ៉ាង ហាក់បានស្រឡះក្នុងចិត្ត ធ្វើអោយពួកគាត់ នៅតែឆ្លៀតពេល មកបន់ស្រន់ មិនដែលមានថ្ងៃណា អត់សោះនោះឡើយ។ ប៉ុន្តែអាស្រមនាងចេក នាងចម អមដោយរូបលោក យាយទេព នឹងមានហ្វូងមនុស្ស គ្រប់ជាតិសាសន៍ កកកុញមកវិញ ពេលជំងឺកូដ រលាយបាត់ពីសកលលោក៕
ប្រភព : រស្មីកម្ពុជា