ប្រធានាធិបតីអាមេរិកប្រកាសផ្តល់កន្លែងជ្រកកោនដល់ប្រជាជនហុងកុង

0
74

នៅក្នុងក្រឹត្យប្រធានាធិបតី ដែលផ្សព្វផ្សាយដោយសេតវិមាន លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាន សរសេរថា ការគាំទ្ររបស់អាមេរិកសម្រាប់ប្រជាជនហុងកុងនឹងមិនចុះខ្សោយនោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិកបានសម្រេចផ្តល់កន្លែងជ្រកកោនបណ្តោះអាសន្ន រយៈពេល ១ឆ្នាំកន្លះ ដល់ប្រជាជនហុងកុងដែលកំពុងស្ថិតនៅក្នុងទឹកដីអាមេរិក។ ប្រធានាធិបតីលោក ចូ បៃដិន បានបញ្ជាឲ្យក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិក ផ្អាកការបណ្តេញចេញប្រជាជនហុងកុង ក្នុងហេតុផលបញ្ហានយោបាយបរទេស។ តាមរដ្ឋបាលអាមេរិក មានប្រជាជនហុងកុងជាច្រើនពាន់នាក់ ដែលនឹងទទួលបានសិទ្ធិជ្រកកោនបណ្តោះអាសន្ន និងអាចធ្វើការនៅទឹកដីអាមេរិក។ ការសម្រេចរបស់ភាគីអាមេរិក បានធ្វើឲ្យប្រទេសចិនមិនសប្បាយចិត្ត។ នៅក្នុងសេចក្តីប្រកាសឆ្លើយតបកាលពីថ្ងៃសុក្រ ក្រសួងការបរទេសចិនបានចោទប្រកាន់អាមេរិកថា បានលូកដៃអន្តរាគមន៍យ៉ាងហិង្សាបំផុត ក្នុងកិច្ចការផ្ទៃក្នុងហុងកុង។ “ការផ្តល់កន្លែងជ្រកកោនដ៏ប្រាកដប្រជាដល់ប្រជាជនហុងកុង អាមេរិកកំពុងព្យាយាមនិយាយអាក្រក់ពីហុងកុង សំអុយឈ្មោះចិន និងធ្វើសកម្មភាព ដើម្បីបំផ្លាញភាពចម្រុងចម្រើន និងស្ថិរភាពនៅទីក្រុងហុងកុង”។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន។ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនវិញ បានវាយបករិះគន់ចំណាត់ការរបស់អាមេរិកដែរ ហើយថា ចិនចាប់តាំងពីអនុវត្តច្បាប់សន្តិសុខជាតិ នៅមួយឆ្នាំមកនេះ គេបានស្តារសណ្តាប់ធ្នាប់សង្គម និងធានាបាននីតិរដ្ឋឡើងនៅវិញនៅហុងកុង។ សម្រាប់អ្នកនាំពាក្យរបស់សេតវិមាន លោកស្រី Jen Psaki ប្រឈមនឹងការចាប់ឃុំខ្លួន ហើយនិងការជំនុំជម្រះ ដែលមានលក្ខណៈនយោបាយនៅហុងកុង ព្រមទាំងការបំបិទសិទ្ធិនយោបាយតាមលទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិ អាមេរិកនឹងនៅតែបន្តចាត់វិធានការ ដើម្បីផ្តល់ជំនួយជានិច្ច ដល់ប្រជាជនហុងកុង៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here