អ្នកជំនាញរំពឹងថា ការជួសជុលប្រាសាទបាយក្អែក នឹងរួចរាល់នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ !

0
304

ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានរំពឹងថា ប្រសិនបើមិនមានឧបស័គ្គរាំងស្ទះទេ ប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅប៉ែកខាងលិច នៃប្រាសាទអង្គរវត្ត នឹងត្រូវបញ្ចប់ការជួសជុល នៅចុងខែកញ្ញាឆ្នាំ២០២១នេះ។
លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះថា ប្រាសាទបាយក្អែក បានដួលរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម និងកត្តាមនុស្ស ។

លោកបន្តថា ដើម្បីលើកតម្លៃនៃដួងព្រលឹងរបស់ដូនតាខ្មែរក្រុមអ្នកអភិរក្សប្រាសាទ នៃអាជ្ញាធរជាតិអប្សរា បានចាប់ដំណើការជួសជុលពង្រឹងរចនាសម្ព័ន្ធប្រាសាទនេះឡើងវិញ ចាប់តាំងពីខែកុម្ភ: ឆ្នាំ២០២១មក ដែលមកដល់ពេលនេះដំណើរការជួសជុលបានរយ:ពេលប្រមាណ៥ខែមកហើយ ដោយសម្រេចបានជាង៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ។
បើតាមលោក ស៊្រុន តិច បន្តថា ដំណើរការជួសជុលពង្រឹងសំណង់ប្រាសាទបុរាណនេះ ក្រុមការងារបច្ចេកទេសបានប្រកាន់យកគោលការណ៍អភិរក្ស ដោយគោរពតាមអនុសាសន៍របស់អ្នកជំនាញ អាយស៊ីស៊ី អង្គរ និងគោរពតាមធម្មនុញ្ញអង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ ដោយក្រុមការងារព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយជំនួសថ្មថ្មីក្នុងកម្រិត១០ទៅ១៥ភាគរយប៉ុណ្ណោះ ។

ប្រាសាទបាយក្អែកនេះ ត្រូវបានអ្នកជំនាញសន្និដ្ឋានថា សាងសង់ឡើងក្នុងសតវត្សរ៍ទី១២ តាមរចនាបថបាយ័ន្ត។ នៅជុំវិញប្រាសាទជាទីសក្ការ:នេះ សម្បូរទៅដោយទួលជាច្រើនដែលមនុស្សរស់នៅ ហើយក៏ប្រហែលជាអាចមានមនុស្សរស់នៅមុនមានប្រាសាទទៀតក៏ថាបាន។
ជាមួយនឹងការជួសជុលនៅប្រាសាទបាយក្អែកនេះ ក្រុមការងារនឹងដាំដើមឈើ ដាំស្មៅ ស្តារស្រះ តាំងបង្ហាញប្រវត្តិប្រាសាទ និងលទ្ធផលបានពីកំណាយ រៀបចំទីតាំងនេះសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាកកាយ និងការរៀបចំពិធីផ្សេងៗផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here