ភ្នំពេញ: អភិបាលលខេត្តកណ្តាលបានបញ្ជាឲ្យអភិបាលស្រុកខ្សាច់កណ្ដាល និងជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យមើលទីតាំងដែលក្រុមហ៊ុនរបស់មន្ត្រីយោធាផ្កាយពីរ ភឺន ផល្លា ប្រើរថយន្តយីឌុបជាច្រើនសិបគ្រឿងដឹកអាចម៍ដីចាក់រំលោភយកអូររកាដែលមានទីតាំងស្ថិតនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី៧ ខែសីហានេះថា “អោយអភិបាលស្រុកទៅពិនិត្យដើម្បីអនុវត្តតាមច្បាប់”។
លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាលបានបញ្ជាក់ប្រាប់រស្មីកម្ពុជាថា បន្ទាប់ពីទទួលបានការណែនាំរបស់លោកអភិបាលខេត្ត លោកបានឲ្យកម្លាំងចុះទៅពិនិត្យមើលទីតាំងដែលចាក់រំលោភយកអូររកា ដែលស្ថិតនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។ ដោយលោកបានបញ្ជាក់ថា “ខ្ញុំបានឲ្យកម្លាំងចុះទៅមើលហើយនៅព្រឹកថ្ងៃទី៧ ខែសីហា នេះ”។ អភិបាលស្រុកខ្សាច់កណ្ដាលមិនបានបញ្ជាក់លម្អិតនោះទេ ដោយលោកកំពុងតែប្រជុំ។
ប្រភពពីមន្ត្រីបានឲ្យដឹងថា អូររកាមានទទឹងប្រមាណជាង ៤០ម៉ែត្រ និងបណ្តោយលាតសន្ធឹងពីព្រំប្រទល់ឃុំព្រែកហ្លួង និងភូមិព្រែកដូនហែម ទៅដល់ភូមិព្រែកក្របៅ៣ នៃឃុំព្រែកអំពិល។ អ្វីដែលសំខាន់នោះ អូររកាគឺជាប្រភពទឹកយ៉ាងសំខាន់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្រាប់យកទឹកមកប្រើប្រាស់និងស្រោចស្រពទៅលើដំណាំកសិកម្មផ្សេងៗ ក៏ដូចជាចរន្តសម្រាប់រំដោះទឹកផងដែរ។ ស្រាប់តែពេលថ្មីៗនេះគេឃើញរថយន្តយីឌុបជាច្រើនសិបគ្រឿងបន្តកន្ទុយគ្នាដូចហែរកឋិន ដឹកអាចម៍ដីយកមកចាក់លុបទាំងបំពាន។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អ្នកដែលចាក់ដីរំលោភយកអូររកា គឺជាមន្ត្រីយោធាផ្កាយឈ្មោះ ភឺន ផល្លា ដែលសំបូររឿងអាស្រូវដីធ្លីជាច្រើននៅក្នុងខេត្តកណ្តាលនាពេលកន្លងមកនេះ។ កន្លងមកក៏ធ្លាប់មានគេធ្វើការចាក់លុបអូររកានេះដែរតែត្រូវលោកមេឃុំ ឈឹម ម៉េង អោយកាយចេញវិញ ស្រាប់តែពេលនេះក៏មានការចាក់លុបពេញទីយ៉ាងគគ្រឹកគគ្រែងតែម្តងតែម្តង។
លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល បានឲ្យដឹងថា ករណីនេះអាជ្ញាធរមិនដែលបានរាយការណ៍មកខាងមន្ទីរជំនាញនោះទេ។ រឿងចាក់លុបរំលោភលើដីរដ្ឋនេះ ពួកឈ្មួញមិនដែលមានឯកសារអ្វីនោះទេ។
ចំណែកលោកផ្កាយពីរ ភឺន ផល្លា មិនអាចសុំការអត្ថាធិប្បាយបានទេ៕
ប្រភព : រស្មីកម្ពុជា