តំបន់​រ៉ាំ​សា​ស្ទឹងសែន​ត្រូវបាន​គេ​កត់ត្រា​សត្វ​កម្រ​មួយចំនួន​

0
75

​ភ្នំពេញ​: សត្វ​ស្លាប​អន្តរជាតិ​បាន​ឲ្យ​ដឹងថា​លទ្ធផល​ល្បាត របស់​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ក្នុង​ខែមិថុនា​បាន​រកឃើញ និង​កត់ត្រា​នូវ​សត្វ​ស្លាប​ចំនួន ៤០ ប្រភេទ​នៅក្នុង​នោះ​ក៏មាន​សត្វ​កម្រ និង​សត្វ​បក្សី ដែល​ជិត​ផុត​ពូជ​មួយចំនួន​ផងដែរ​។​

​អង្គការ​នេះ​បាន​អះអាងថា ក្នុង​ខែមិថុនា​កន្លងទៅ​ក្រុម​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​តំបន់​រ៉ា​ម​សារ ស្ទឹងសែន​បានធ្វើការ​ល្បាត​យ៉ាង​ទៀងទាត់​ដើម្បី​អង្កេត​តាមដាន​ជីវចម្រុះ និង​ការ បង្ក្រាប​បទល្មើស​។

​ចំពោះ​លទ្ធផល​នៃ​អង្កេត​តាមដាន​ជីវចម្រុះ​សត្វ​ស្លាប​ប្រមាណ​ជា​៤០​ប្រភេទ​ត្រូវបាន ប្រទះឃើញ និង​កត់ត្រា​ក្នុងនោះ​សត្វ​ស្លាប​ចំនួន​០៤​ប្រភេទ​ជាស​ត្វ​ដែល​កំពុង​ឈាន ទៅ​ការគំរាមកំហែង (Near Threatened, NT) ដូចជា ស្មោញ (Darter) អក​ត្រី​ក្បាល ប្រផេះ (Grey-headed Fish Eagle) ទុង​ប្រផេះ (Spot-billed Pelican) និង រនាល​ពណ៌ (Painted Stork)​។

​លើសពីនេះ សត្វ​ស្វា​ព្រាម (Indochinese Silvered Langur) ដែលជា​ប្រភេទ​ជិត ផុត​ពូជ (Endangered, EN) ក៏​នៅតែ​ជួបប្រទះ​ឃើញ​ផងដែរ​។ រីឯ​លទ្ធផល​នៃ​ការ បង្ក្រាប​បទល្មើស​វិញ​នោះ ក្រុម​ឧ​ទ្យា​នុ​រក្ស​បាន​ជួបប្រទះ និង​បង្ក្រាបបាន​ចំនួន ៣​ករណី​។ មួយ​ក្នុងចំណោម​នោះ គឺជា​ការ​រុករាន​ដីព្រៃ​ដើម្បី​ធ្វើ​កសិកម្ម​និង​តាំង លំនៅដ្ឋាន ដើម្បី​ឆ្លើយតប​ទៅ​បទល្មើស​នេះ​ក្រុម​ឧ​ទ្យា​នុ​រក្ស​បានធ្វើ​អប់រំ​ផ្សព្វផ្សាយ ទៅដល់​ប្រជាជន​ក្នុង​តំបន់​និង​បានអោយ​ជនល្មើស​ចុះកិច្ចសន្យា​បញ្ឈប់​ការ​រុករាន ព្រៃ​បន្តទៀត​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here