លោកជំទាវ ឱ វណ្ណឌីន ព្រមានពីមហន្តរាយសុខភាពសាធារណៈ ប្រសិនបើពលរដ្ឋមិនចូលរួមសហការ

0
446

រាជធានីភ្នំពេញ៖ មកទល់ពេលនេះ មេរោគបំប្លែងថ្មី Delta កំពុងតែចរាចរនៅក្នុងប្រទេសកម្ពុជា ដោយបានរកឃើញ ចំនួន ៣២៧ករណី បើពលរដ្ឋមិនចូលរួមប្រយុទ្ធ នឹងចៀសមិនផុតពីមាត់ជ្រោះមហន្ដរាយនៃសុខភាពសាធារណៈ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ  ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ការលើកឡើងរបស់លោកជំទាវបែបនេះ ធ្វើឡើងក្រោយកម្ពុជា បានបន្តរកឃើញវីរុសបំប្លែងខ្លួននៅក្នុងប្រទេស ចំនួន ៣២៧ ករណីហើយនៅពេលនេះ។

ជាមួយគ្នានេះ កន្លងមក ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកហើយរលឹកទៀត និងអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចឱ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកថា៖ រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ។
សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី០៦ ខែសីហានេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ករណីឆ្លងថ្មីសរុបចំនួន ៥២២ នាក់ ករណីជាសះស្បើយថ្មីសរុបចំនួន ៧០០នាក់ ករណីនាំចូលពីក្រៅប្រទេសថ្មីចំនួន ១៣៥ នាក់ ក្នុងនោះករណីស្លាប់ថ្មីចំនួន ១១នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here