(អាមេរិក)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ យាន MESSENGER របស់អង្គការ NASA ត្រូវបានបញ្ជាឲ្យទម្លាក់ខ្លួនចោល នៅលើផ្ទៃភពពុធ ដែលជាភពតូចជាងគេបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ។ MESSENGER គឺជាផ្កាយរណបអវកាសទី ២ និងចុងក្រោយគេដែលបានទៅដល់ភពពុធ បន្ទាប់យានផ្កាយរណប Mariner 10 ដែលបានហោះឆ្លងកាត់ទីនោះ កាលពីអំឡុងទសវត្សរ៍ ១៩៧០។
យាន MESSENGER ត្រូវបានបាញ់បញ្ជូនពីផែនដីសំដៅទៅភពពុធ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៤ និងចាប់ផ្តើមជ្រៀតចូលគន្លងគោចរ ភពលេខរៀងទី ១ ពីព្រះអាទិត្យនេះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១។ យាន MESSENGER បានចំណាយពេលធ្វើការហោះឆាប (Flyby) ដល់ទៅ ០៣លើក ដើម្បីអាចបង្អង់ល្បឿនរបស់វាបានគ្រប់គ្រាន់ ក្នុងការចូលទៅធ្វើគោចរនៅក្បែរ Mercury ហើយម៉្យាងវិញទៀត វាគឺជាបរិស្ថានក៏ដូចជាបរិយាកាសដ៏លំបាកមួយ ដោយសារតែវាហាក់ដូចជាអ្នកដុតនិងបង្កកយានអវកាសរបស់អ្នកចុះឡើងៗអីចឹង នៅទីនោះ ដែលជារឿងមិនល្អប៉ុន្មានឡើយ សម្រាប់គ្រឿងអេឡិចត្រូនិច។
យាន MESSENGER បានរកឃើញរឿងចម្លែកៗសឹងតែគ្រប់បែបយ៉ាង ស្តីអំពីភពពុធ ដោយក្នុងនោះមានតាំងពីផ្ទាំងទឹកក ដែលអាចរក្សាវត្តមាននៅលើភពនេះបាន ជាមួយនិងស៊ីតុណ្ហភាពដ៏ក្តៅបំផុត នៃផ្ទៃរបស់វា។ MESSENGER ក៏បានរកឃើញសមាសធាតុកាបូនដ៏ចម្លែក, សារធាតុកាល់ស្យូមដ៏ក្រាស់ខុសពីធម្មតា នៅផ្នែកយប់នៃភពនេះ, ព្រមទាំងដែនម៉ាញេទិចដ៏ខុសប្លែកមួយ និងរឿងជាច្រើនផ្សេងទៀតផងដែរ។
ស្វែងយល់បន្ថែម៖ ភពពុធជាភពទី ១ ក្នុងប្រព័ន្ធព្រះអាទិត្យ និងមានចម្ងាយពីព្រះអាទិត្យ ៥៨លានគីឡូម៉ែត្រ ដោយប្រើពេលគោចរមួយជុំវិញតែ ៨៨ថ្ងៃប៉ុណ្ណោះ (ផែនដី ៣៦៥ថ្ងៃ)។ ភពនេះមានលក្ខណៈស្ទើរតែទាំងស្រុង ស្រដៀងនឹងព្រះច័ន្ទរបស់យើង (គ្មានបរិយាកាស គ្មានកម្លាំងទំនាញ និងផ្ទៃពណ៌សៗដូចផេះ)។ ទោះបីស្ថិតនៅជិតព្រះអាទិត្យជាងគេក្តី តែវាក៏មិនក្តៅជាងគេនោះដែរ (ភពសុក្រក្តៅជាង) ដោយកម្តៅលើផ្ទៃចំពោះមុខព្រះអាទិត្យជាង ៤០០អង្សាសេ ខណៈផ្ទៃមួយផ្នែកដែលងងឹត មានសីតុណ្ហភាពដករាប់រយអង្សាសេឯណោះ៕
ដកស្រង់ប្រភព៖ វែបសាយ Space