តៃវ៉ាន់អរគុណសហរដ្ឋអាមេរិក ដែលលក់អាវុធឱ្យ

0
181

នេះជាការលក់ដូរអាវុធទៅឱ្យតៃវ៉ាន់ដ៏ធំសម្បើមលើកដំបូងបង្អស់ គិតចាប់តាំងពីលោក ចូ បៃដិន ចូលកាន់តំណែងនៅសេតវិមានមក។ កាលពីល្ងាចថ្ងៃពុធ ទី៤ ខែសីហា ក្រសួងការបរទេសអាមេរិកបានផ្តល់ការអនុញ្ញាតលក់ប្រព័ន្ធកាំភ្លើងធំ ចំនួន ៤០ គ្រឿង ដែលជាកាណុងមានបំពាក់ម៉ូទ័រស្រាប់ធុនមធ្យម M109A6 ប្រវែង ១៥៥មីល្លីម៉ែត្រ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ដែលត្រូវឆ្លងកាត់ការអនុម័តពីសភាទៀត។ តៃវ៉ាន់ត្រូវការសព្វាវុធទាំងនេះ ដើម្បីយកមកពង្រឹងប្រព័ន្ធការពារកោះផង និងដើម្បីរក្សាសន្តិភាព ស្ថិរភាពតំបន់ ផង។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសតៃវ៉ាន់ ដោយអះអាងទៀតថា ប្រឈមនឹងសកម្មភាពវាតទីរបស់យោធាចិន និងសកម្មភាពផ្គើនបង្កហេតុឥតដាច់របស់ចិន រដ្ឋាភិបាលតៃវ៉ាន់ចាំបាច់ត្រូវតែពង្រឹង ប្រព័ន្ធការពារសន្តិសុខជាតិ ជាមួយនឹងឆន្ទៈដាច់ខាតការពារជីវិតប្រជាពលរដ្ឋ សេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ កាំភ្លើងធំទើបទិញបានពីអាមេរិកទាំងនេះ មានតួនាទី និងអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់ទប់ស្កាត់ការវាយលុកចូលឈ្លានពានជាយថាហេតុណាមួយ ពីសំណាក់ចិនប៉េកាំងមកលើកោះតៃវ៉ាន់។ យោធាតៃវ៉ាន់អាចប្រើកាណុងកាំភ្លើងធំ បាញ់តម្រង់កម្ចាត់ដោយផ្ទាល់នាវាដឹកទ័ព ដឹកគ្រាប់ផ្លោងមិនឱ្យចូលមកកៀកឆ្នេរតៃវ៉ាន់បាន។ នេះបើតាមសេចក្តី ថ្លែងការណ៍របស់ក្រសួងការបរទេសតៃវ៉ាន់ដដែល។ តៃវ៉ាន់មានប្រព័ន្ធការពារជាតិទន់ខ្សោយ និងចាស់ទ្រុឌទ្រោមខ្លាំងណាស់ បើប្រៀបទៅនឹងចិន។ ចិនក្រោមអាណត្តិដឹកនាំរបស់លោក ស៊ី ជីនពីង បានបង្កើនសម្ពាធលើតៃវ៉ាន់ និងបានបញ្ជូនយន្តហោះចម្បាំងនៅឆ្វែលរំលោភលើតៃវ៉ាន់ ស្ទើរជារៀងរាល់ថ្ងៃ ព្រមទាំងធ្វើសមយុទ្ធបែបចូលវាយលុកលើតៃវ៉ាន់ទៀត។ ចំណែក សហរដ្ឋអាមេរិកវិញ បានកាត់ផ្តាច់ទូតជាមួយតៃវ៉ាន់ តាំងពីឆ្នាំ១៩៧៩មក ដើម្បីទទួលស្គាល់ចិន ក្រោមគោលការណ៍ចិនតែមួយ។ តាមច្បាប់ អាមេរិកអាចចូលជួយតៃវ៉ាន់ឱ្យការពារខ្លួន តែក្នុងករណីមានជម្លោះប៉ុណ្ណោះ ប៉ុន្តែវ៉ាស៊ីនតោននៅតែប្រកាន់យុទ្ធសាស្ត្រមិនច្បាស់លាស់ មិនដែលនិយាយឱ្យលះថា តើត្រូវប្រើអន្តរាគមន៍យោធាការពារតៃវ៉ាន់ក្នុងបរិបទណាទេ។ អាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ធ្លាប់បានលក់អាវុធច្រើនណាស់ឱ្យតៃវ៉ាន់ រហូតធ្វើឱ្យទំនាក់ទំនងជាមួយចិន ធ្លាក់ដុនដាបស្ទើរដល់បាត៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here