WHO ទទូចសុំឲ្យពន្យារការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ដើម្បីជួយប្រទេសក្រីក្រ

0
84

ពិភពលោកនៅតែរងការញាំញីជាខ្លាំងពីជំងឺរាតត្បាតកូវីដ១៩ ជាពិសេស ពីមេរោគបំប្លែងដែលតា ដែលមានសមត្ថភាពចម្លងខ្លាំង និងលឿនរហ័ស។ ហេតុដូចនេះហើយ ក្នុងគោលដៅទប់ស្កាត់ខ្សែចម្លងកូវីដ១៩ ដូចជា ដែលតានេះ ក្រុមប្រទេសអ្នកមានបានបង្កើនសន្ទុះនៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនដល់ប្រជាជនរបស់ពួកគេ ហើយក៏មានប្រទេសមួយចំនួនបានប្រកាសពីផែនការចាក់វ៉ាក់សាំងដូសទី៣ ផងដែរ។ កាលពីថ្ងៃពុធ ទី៤ ខែសីហា លោក តេដ្រូស អាដាណុមហ្គេប្រេយេស៊ូស ប្រធានអង្គការសុខភាពពិភពលោកបានចេញមុខស្នើដោយទទូចឲ្យផ្អាកការចាក់វ៉ាកសាំងដូសទី៣ យ៉ាងហោចរហូតដល់ចុងខែកញ្ញាខាងមុខ ក្នុង គោលបំណងដោះស្រាយវិសមភាពវ៉ាក់សាំង បង្រួមគម្លាតរវាងប្រទេសដែលមានចំណូលខ្ពស់ និងប្រទេស ដែលមានចំណូលទាប។ ការពន្យារចាក់វ៉ាក់សាំងដូសទី៣ អាចជួយឲ្យយ៉ាងហោច ១០% នៃប្រជាជននៅគ្រប់ប្រទេសទាំងអស់ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ត្រឹមចុងខែកញ្ញាខាងមុខ។ គោលដៅបន្ទាប់ ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិចង់ឲ្យប្រទេសនីមួយៗ ចាក់វ៉ាក់សាំងបានយ៉ាងហោចណាស់ ៤០% នៅចុងឆ្នាំ២០២១ និង ៧០% នៅពាក់កណ្តាល ឆ្នាំ២០២២។ សម្រាប់អាមេរិក គំនិតចង់ឲ្យផ្អាកការចាក់វ៉ាក់សាំដូសទី៣ មិនមែនជាជម្រើសមួយត្រឹមត្រូវនោះទេ។ អាមេរិកមានជំនឿចិត្តថា កម្មវិធីចាក់វ៉ាក់សាំងដូសទី៣ ក្នុងប្រទេសមានប្រាក់ចំណូលខ្ពស់ និងការបង្កើនសន្ទុះចាក់ថ្នាំវ៉ាក់សាំង ក្នុងបណ្តាប្រទេសមានប្រាក់ចំណូលទាបអាចធ្វើទន្ទឹមពេលនឹងគ្នាបាន។ អ្នកនាំពាក្យសេតវិមានអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិកនេះហើយ ដែលជាប្រទេសបរិច្ចាគវ៉ាក់សាំងបង្ការកូវីដ១៩ ច្រើនជាងប្រទេសដទៃទៀត។ កាលពីខែមិថុនា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ធ្លាប់បានប្រកាសថា សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ៥០០លានដូស ទៅឲ្យបណ្តាប្រទេសនានានៅលើពិភពលោក តាមរយៈយន្តការកូវ៉ាក់។ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីខែកក្កដា ដើម្បីទិញវ៉ាក់សាំង Pfizer/BioNTech ចំនួន ២០០ លានដូសបន្ថែម ត្រៀមប្រើសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣ និងសម្រាប់ចាក់ឲ្យកុមារ។ កាលពីសប្តាហ៍មុន ប្រទេសអ៊ីស្រាអែល ដែលកំពុងរងការគំរាមកំហែងពីមេរោគកូវីដ១៩ បំប្លែងខ្លួនដែលតា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ក្រុមមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ នៅអឺរ៉ុបវិញ ប្រទេសអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃអង្គារថា នឹងចាប់បើកកម្មវិធីចាក់ថ្នាំវ៉ាក់សាំង Moderna និង Pfizer ដូសទី៣ សម្រាប់មនុស្សចាស់ និងមនុស្សស្ថិតក្នុងក្រុមងាយរងគ្រោះ ដោយផ្តើមពីខែកញ្ញាខាងមុខនេះទៅ។ ចំណែកនៅចក្រភពអង់គ្លេសវិញ រដ្ឋាភិបាលទីក្រុងឡុងដ៍នឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ប្រជាពលរដ្ឋ ចំនួនប្រមាណ ៣២ លាននាក់ ដោយចាប់បើកពីខែកញ្ញាខាងមុខ ឯប្រទេសបារាំងក៏ដូចគ្នាដែរ។ រហូតមកទល់នឹងពេលនេះ មានវ៉ាក់សាំងបង្ការកូវីដ១៩ យ៉ាងហោចចំនួន ៤,២៧ ពាន់លានដូស ត្រូវបានចាក់ជូនប្រជាជននៅទូទាំងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ។ ប្រទេសក្រីក្របំផុតចំនួន ២៩ មានកម្រិតចាក់វ៉ាក់សាំង ត្រឹមតែ ១,៧ ដូសប៉ុណ្ណោះ សម្រាប់ប្រជាជន ១០០នាក់ ដែលតួលេខនេះឆ្ងាយខុសគ្នាស្រឡះ ពីក្រុមប្រទេសមានប្រាក់ចំណូលខ្ពស់ ដែលមានកម្រិតចាក់វ៉ាក់សាំងបានរហូតដល់ ១០១ដូស សម្រាប់ប្រជាជន ១០០ នាក់ដូចគ្នា៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here