​វិស្វករ​ម្នាក់ បាន​ស្លាប់ ដោយ​បន្សល់ទុក នូវ​ភាពមិនប្រក្រតី មួយចំនួន​, ស្ត្រី​ជា​ប្រពន្ធ ស្នើសុំ​ឲ្យ​ស្នងការ និង​អភិបាលខេត្ត ជួយ​រក​យុត្តិធម៌​

0
77

ប៉ៃលិនៈ វិស្វករ​ល្បីឈ្មោះ​ម្នាក់ បាន​ស្លាប់​ដោយ​អាថ៌កំបាំង ធ្វើ​ឲ្យ​ប្រពន្ធ​របស់គាត់ ទ​ទួ​ច​សុំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ ជួយ​រក​យុត្តិធម៌​ឲ្យ​។​

​អ្នកស្រី វ៉ុ​ន សារី ជា​ភរិយា​ជនរងគ្រោះ រស់នៅ​ផ្ទះជួល​ក្នុងភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង បាន​រៀបរាប់ ទាំង​អារម្មណ៍ អួលអាក់​ថា​÷ ចំពោះ​ការបាត់បង់ អាយុជីវិត​ស្វាមី​របស់លោក​ស្រី កន្លងមកនេះ មាន​ភាពអយុត្តិធម៌ ជាទីបំផុត ដោយ​ម្ចាស់​សំណង់ អះអាងថា ប្តី​របស់គាត់ បាន​ដួល​បោក​ក្បាល ប៉ះ​ទៅនឹង​ជ្រុង​សា​ឡុង និង​បាន​ព្យាយាម ពង្វៀង​បិទបាំង​ភស្តុតាង​មួយចំនួន ដូចជា​: ពេល​ជនរងគ្រោះ ជួប​គ្រោះថ្នាក់​ភ្លាមៗ ភាគី​ម្ចាស់​សំណង់ មិនបាន​ផ្តល់ដំណឹង​ឲ្យ​គាត់ ជា​ប្រពន្ធ​ឲ្យ​បានដឹង​ភ្លាមៗ​ទេ (​ផ្ទះ​មាន​ចម្ងាយ ១០០ ម៉ែត្រ​ពីគ្នា​) តែ​បែរជា​ទៅ​ហៅ បងប្រុស​របស់​ខ្លួនឯង ធ្វើ​ពេទ្យ​ដូចគ្នា ឲ្យ​មកជួយ​ទៅវិញ​។ ក្រៅពីនេះ បាន​ដោះ​កា​ម៉ា​រា ដែលមាន​បំពាក់ នៅក្នុង​ផ្ទះ ចេញ​បាត់អស់ រួមទាំង​យក​ទូរស័ព្ទ របស់​ជនរងគ្រោះ ទៅ​លុប​កម្មវិធី​ចោល ទោះជា​គាត់​ជា​ប្រពន្ធ ជនរងគ្រោះ ទារ​យក ក៏​បដិសេធ​មិន​ព្រម​ឲ្យ រហូត​លុប​កម្មវិធី​ចោល​អស់ ទើប​ប្រគល់​ឲ្យ …. ជាដើម​។​

​ភរិយា​ជនរងគ្រោះ បាន​បន្តថា​÷ រវាង​ប្តី​អ្នកស្រី និង​ម្ចាស់​សំណង់ កន្លងមក ធ្លាប់មាន​បញ្ហា​ជាមួយគ្នា​ខ្លះៗ ដោយនៅ​ថ្ងៃកើតហេតុ ថ្ងៃទី​១ ខែសីហា ឆ្នាំ ២០២១ ប្តី​របស់​អ្នកស្រី ឈ្មោះ សាន សុខ អាយុ ៥០ ឆ្នាំ ជា​វិស្វករ​ល្បីឈ្មោះ​ម្នាក់ បាន​ទៅ​ជួប​ម្ចាស់ ធ្វើ​សំណង់​មានឈ្មោះ ស៊ុយ សុត្ថា ហៅ ពេទ្យ​បារាំង មុខរបរ ជា​ពេទ្យ​ឯកជន នៅឯ​ផ្ទះ ឋិត​នៅក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ដើម្បី​ពិគ្រោះ​លើ​ការងារ គូស​ប្លង់ សាងសង់​អគារ ពេទ្យ​ព្យាបាល មួយកន្លែង នៅ​អំឡុង​វេលា​ម៉ោង ប្រមាណ​ជាង ៤:០០ នាទី​រសៀល ថ្ងៃ​ដដែល ដោយសារ​ជនរងគ្រោះ បាន​ទៅ​ជួប​គេ​យូរ ក៏​គាត់​បាន​ទូរស័ព្ទ ហៅ​ប្តី ព្រោះ​ដល់​ម៉ោង​បង្រៀន​សិស្ស ប៉ុន្តែ​មិនមាន​អ្នក​លើក រហូត​ព្យាយាម ចុច​ទូរស័ព្ទ​ជាច្រើន​ដង ចុងក្រោយ ទើប​មាន​អ្នក​លើក តែ​មិន​និយាយស្តី អ្វី​បន្តិច​សោះ​។​

ការរង់ចាំ​ដំណឹង​របស់​ប្តី ដោយ​អន្ទះសា​នេះ ស្រាប់​តែមាន​ទូរស័ព្ទ​របស់ ម្ចាស់​សំណង់ ប្រាប់ថា ប្តី​របស់​អ្នកស្រី បាន​ដួល​របួស​តិចតួច ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក ស្រុក​កំរៀង​ហើយ ។ ភ្លាមៗ​នោះ អ្នកស្រី ជា​ប្រពន្ធ ក៏បាន​រួសរាន់ ប្រុង​ទៅ​មើល​ប្តី តែ​ត្រូវ​ឈ្មោះ ស៊ុយ សុត្ថា ជា​ម្ចាស់​ធ្វើ​សំណង់ បាន​ទូរស័ព្ទ​មក​ប្រាប់​បន្តថា ប្តី​របស់គាត់ ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ យោធភូមិភាគ​ទី ៥ នៅឯ​ក្រុង​បាត់ដំបង បន្ត​ទៀតហើយ ហើយ​អ្នកស្រី ក៏​ជួល​រថយន្ត ធ្វើដំណើរ​មកកាន់​មន្ទីរពេទ្យ ក្នុង​ខេត្តបាត់ដំបង ពេលមកដល់ ដោយ​ត្រូវធ្វើ​តេស្ត​រក​ជំងឺ​កូដ​-១៩​ផង ដល់​ម៉ោង​ប្រមាណ​ជាង ១០:០០ នាទី​យប់ ទើប​ដឹង​លទ្ធផល ទើប​អ្នកយាម គេ​ឲ្យ​ចូល ។ ពេល​ដើរ​ទៅរក​ប្តី ឈ្មោះ ស៊ុយ ស​ត្ថា បាន​ចេញមក​ឲ្យ​គាត់​ស្តាប់​ទូរស័ព្ទ ដោយ​អះអាងថា ជួប​ជាមួយ​គ្រូពេទ្យ​។ ពេលនោះ តាម​ទូរស័ព្ទ គេ​ប្រាប់​គាត់​ថា ប្តី​របស់​អ្នកស្រី បាន​ស្លាប់​បាត់ទៅហើយ ។ បាន​មួយសន្ទុះ គាត់​ក៏បាន​សួររក​ទូរស័ព្ទ​របស់​ប្តី តែ​ម្ចាស់ផ្ទះ​សំណង់ ឈ្មោះ ស៊ុយ ស​ត្ថា ព្យាយាម​យក​លេស​ផ្សេងៗ ដោយ​បដិសេធ មិន​ព្រម​ប្រគល់​ឲ្យ​ឡើយ រហូត​ព្រឹក​ឡើង ទើប​ប្រាប់​ឲ្យ​ទៅយក​ទូរស័ព្ទ នៅ​កន្លែង​ជាង ដែល​ជាង​ធ្វើ​ទូរស័ព្ទ បាន​ប្រាប់ថា ទូរស័ព្ទ​ខាងលើ គេ​ឲ្យ​ឈូស​លុប​កម្មវិធី​ចោល​។​

អ្នកស្រី វ៉ុ​ន សារី បានបញ្ជាក់​ទាំង​ទឹកភ្នែក​ថា​÷ ដោយ​គិតថា នៅឯ​ស្រុក​កំរៀង គាត់​ជួល​ផ្ទះ​គេ ស្នាក់នៅ ខ្លាច​ដឹក​សាកសព​ប្តី​របស់គាត់ ត្រឡប់ទៅផ្ទះ​វិញ ខ្លាចក្រែង​ម្ចាស់​ផ្ទះជួល គេ​មិន​ឲ្យ​ចូល ដូច្នេះ​គាត់ ក៏​សម្រេចចិត្ត ដឹក​សាកសព​ប្តី ជាទី​ស្រឡាញ់ ទៅ​តម្កល់ទុក​នៅ​វត្ត​ដំរី ស មួយ​យប់ ភ្លឺ​ឡើង ទើប​បូជា ពេលនោះ លោកស្រី នៅតែ​ម្នាក់ឯង តក់ស្លុត និង​ភ័យខ្លាច នឹក​មិនឃើញ​អ្វី​ទាល់តែសោះ សូម្បីតែ​រាយការណ៍ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ចុងក្រោយ លោកស្រី សូម​សំណូមពរ​ដល់ សមត្ថកិច្ច​ជំនាញ និង​លោក សាត គឹម​សាន ស្នងការ​ខេត្ត ពិសេស​លោក ងួន រតន​: អភិបាលខេត្ត​បាត់ដំបង ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង ។ ប្តី​របស់គាត់ ស្លាប់​បិទ​ភ្នែក មិន​ជិត​នោះទេ​។​

​ចំណែក​លោក​វរសេនីយ៍ឯក កោ ស៊ុន​កាំ​ង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹងថា​÷ ករណី​ខាងលើ មកទល់​ល្ងាច​ថ្ងៃទី​៥ ខែសីហា ឆ្នាំ ២០២១ នេះ លោក​មិនទាន់​ទទួលបាន របាយការណ៍ មកដល់​នៅឡើយ​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here