អាការៈអ្នកឆ្លងកូវីដ-១៩ប្រភេទដែលតា គឺមិនខុសពីអ្នកជំងឺកូវីដ-១៩ផ្សេងទៀតនោះទេ

0
116

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា អាការៈអ្នកឆ្លងកូវីដ១៩ប្រភេទដែលតា គឺមិនខុសពីអ្នកជំងឺ កូវីដ១៩ផ្សេងទៀតនោះទេ បើទោះបីជាវីរុសប្រភេទនេះឆ្លងលឿនក៏ដោយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកទទួល​​គ្រប់គ្រង​លើការព្យាបាលអ្នកជំងឺកូវីដ១៩ បានឱ្យដឹងថា ទោះបីវីរុសបំប្លែងថ្មីដែលតា មានលទ្ធភាព​​ឆ្លងលឿន ជាងវីរុសបំប្លែងថ្មីប្រភេទផ្សេងទៀតក៏ដោយ ក៏អាការៈរបស់អ្នកជំងឺ មិនខុសពីស្ថានភាពរបស់​​អ្នកជំងឺផ្សេងទៀតនោះទេ គ្រាន់តែនៅក្នុងការសម្រាកព្យាបាលត្រូវប្រើរយៈពេលយូរជាង​​ការព្យាបាលវីរុស ធម្មតា។

ឯកឧត្តមបន្តថា ចំពោះអ្នកជំងឺកូវីដ-១៩ប្រភេទដែលតា គឺក្រសួងបានដាក់ឱ្យពួកគាត់ សម្រាកព្យា​​បាលនៅ​​ដាច់ដោយឡែក ពីអ្នកជំងឺកូវីដ-១៩ប្រភេទផ្សេង ដើម្បីកាត់ផ្តាច់ការចម្លង​​រាលដាលនៃមេរោគដ៏​កាចសាហាវមួយនេះ។

ឯកឧត្តមបញ្ជាក់ទៀតថា សម្រាប់ការព្យាបាលអ្នកជំងឺប្រភេទដែលតា គឺដូចទៅនឹងការព្យាល​​បាលអ្នកជំងឺកូវីដ១៩ធម្មតា ក៏ប៉ុន្តែដោយសារ ភាពសាហាវនៃការចម្លងរបស់វីរុសនេះ ដូច្នេះក្រសួង​​សុខាភិបាល ក៏ដូចជាភ្នាក់ងារសុខាភិបាលទូទាំងព្រះរាជាណាចក្រកម្ពុជា និង ពិភពលោក គេតម្រូវឱ្យ​មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពីការចម្លងពីអ្នកជំងឺទៅបុគ្គលិកសុខាភិបាល។

សំឡេង៖« អ្វីដែលជាក់ស្ដែងយើងជួបនៅកម្ពុជាយើងនេះជាង២០០ករណី រហូតមកដល់ពេលនេះ គឺយើងពុំទាន់ឃើញមានសញ្ញា ណាមួយថា មានភាពពិបាកព្យាបាល ឬមានអ្វីប្រែប្រួលខុស ពីមុនដែរ។ ប៉ុន្តែអ្វីនៅពេលនេះ គឺវីរុសដែលតានេះគឺគ្រាន់តែឆ្លង សាហាវ ឆ្លងលឿនតែប៉ុណ្ណោះ ដែលយើងគួរតែ​​បារម្ភ ហើយការវិវត្តន៍នូវការព្យាបាលគឺយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់មែនទែន “។

ក្រសួងសុខាភិបាលបានប្រកាស ពីការរកឃើញ នូវវីរុសប្រភេទបំប្លែងថ្មីដែលតានេះ ជាបន្តបន្ទាប់ ហើយប្រសិនបើប្រជាពលរដ្ឋទាំង អស់មិនចង់ឱ្យប្រទេសកម្ពុជា ជួបសោកនាដកម្មដូចបណ្ដា​​ប្រទេសមួយចំនួនដែលឋិតក្នុងសភាពធ្ងន់ធ្ងរ ពីកូវីដ១៩ ធ្វើឱ្យខ្វះខាតកន្លែង ព្យាបាល ឬកង្វះខា​តអុកស៊ីសែននោះ សូមប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ដោយប្រកាន់ខ្ជាប់នូវ៣ការពារនិង៣កុំ តាមការណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងត្រូវចេះផ្លាស់​​ប្តូរទម្លាប់​​រស់នៅរបស់ខ្លួន តាមបែបគន្លងថ្មីក្នុងបរិបទ ប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅកាត់ផ្ដាច់នូវខ្សែ​​ចម្លងនៃកូវីដ១៩ ជាពិសេសពពួកបំប្លែងថ្មីឬប្រភេទផ្សេងទៀត ។

ដោយឡែកអ្នកដែលតម្រូវឱ្យធ្វើចត្តាឡីស័ក សូមគោរពតាម ការណែនាំរបស់គណៈកម្មការ​​នៅតាមទីតាំងរបស់ខ្លួននីមួយៗ ដើម្បីទប់ស្កាត់ ការចម្លងបន្តគ្នានៅក្នុងសហគមន៍ទ្រង់ទ្រាយធំ។

សូមបញ្ជាក់ថា ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី៣សីហាឆ្នាំ២០២១ កម្ពុជារកឃើញអ្នកមានវិជ្ជាមានវីរុស កូវីដ១៩ ប្រភេទដែលតា (Delta) លើពលករត្រឡប់ពីថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន២៦០នាក់៕

ប្រភព : ក្រសួងព័ត៌មាន

LEAVE A REPLY

Please enter your comment!
Please enter your name here