អាស៊ានសម្រេចតែងតាំងអន្តរការីពិសេស ទទួលបន្ទុកដោះស្រាយវិបត្តិភូមា

0
57

ក្នុងសំណុំរឿងភូមា អាស៊ានមានចរន្តពីរ ប្រឈមគ្នា គឺម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី មានជំហរប្រឆាំង ដាច់ខាតនឹងរដ្ឋាភិបាលដឹកនាំដោយយោធា និងការរៀបចំជំនួបចរចាជាមួយបក្សប្រឆាំងភូមា។ ចំណែក ម្ខាងទៀត នាំមុខដោយថៃ អមដោយ កម្ពុជា និងវៀតណាម គាំទ្រដំណោះស្រាយតាមផ្លូវការទូត។ តែអាស៊ានមានប្រពៃណី និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដូច្នេះហើយបានជាការស្វែងរក ដំណោះស្រាយតាមផ្លូវទូតត្រូវជួបការលំបាកខ្លាំង។ ប៉ុន្តែបន្ទាប់ពីជាប់គាំងអស់ជាច្រើនខែ និងក្រោមសម្ពាធរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក នៅទីបំផុត អាស៊ានបានរកឃើញអន្តរការីពិសេស សម្រាប់ទទួលបន្ទុកដោះស្រាយវិបត្តិឱ្យភូមា។ ជួបប្រជុំគ្នាតាំងពីថ្ងៃចន្ទ ទី២ ខែសីហា រដ្ឋមន្ត្រីក្រសួងការបរទេសទាំង ១០ប្រទេសនៃអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃពុធ ទី៤ ខែសីហា តែងតាំងអនុរដ្ឋមន្ត្រីការបរទេសព្រុយណេលោក Erywan Yusof ជាអន្តរការីពិសេសរបស់អាស៊ាន ទទួលបន្ទុកដោះស្រាយវិបត្តិនៅភូមា។ លោក Yusof មានភារៈស្ថាបនាទំនុកចិត្ត និងអាចភ្ជាប់ទំនាក់ទំនងពេញលេញជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ទាំងក្រុមប្រឆាំងភូមាផង។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍អាស៊ានដដែល។ លោក Yusof ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសភូមា និងបានជួបពិភាក្សា ជាមួយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលតាំងខ្លួនជាប្រមុខដឹកនាំរដ្ឋាភិបាលភូមាម្តងហើយ កាលពីថ្ងៃទី៤ ខែមិថុនា។ ក្រៅពីទទួល បន្ទុកដោះស្រាយវិបត្តិនយោបាយបិទបញ្ចប់អំពើហិង្សា និងនាំគ្រប់ភាគីជម្លោះភូមាឱ្យចូលតុចរចា អាស៊ានអាចចាប់ផ្តើមផ្តល់ និងពាំនាំជំនួយមនុស្សធម៌ទៅភូមា ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ១៩។ បើតាមការព្រមានរបស់អង់គ្លេស នៅពីរសប្តាហ៍ខាងមុខ ភូមាអាចនឹងមានករណីវិជ្ជមានកូវីដ១៩ ចំនួន ២៧ លាននាក់ គឺពាក់កណ្តាលនៃប្រជាជនសរុប។ ចំណែក សេវាសុខាភិបាលវិញ មានដំណើរការតែ ៤០% នេះបើតាមតួលេខរបស់អង្គការសហប្រជាជាតិ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here