គណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំរួមគ្នាលើការងារអនុវ្តតន៍ច្បាប់ ការអប់រំបណ្តុះបណ្តាល គ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ

0
50

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ គណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំរួមគ្នាមួយជាមួយអនុគណៈកម្មការចំរុះ រួមមានអនុគណៈកម្មការអនុវត្តច្បាប់, អនុគណៈកម្មការអប់រំបណ្ដុះបណ្ដាល និងទាក់ទងសាធារណៈ និងអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ១៩ ក្រោមអធិបតីភាពឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានអនុគណៈកម្មការ ។
ក្នុងនោះ ក៏មានការចូលរួមពី ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលស្រុក ក្រុង ទាំង៧ ដែលជាសមាជិក ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ ១៩ ប្រមាណជាង២០រូប ។
មានប្រសាសន៍នាឳកាសនោះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត បានលើកឡើងថា ៖ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំនងដើម្បីដាក់ចេញនូវវិធានការចាំបាច់នានា លើការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការការពារ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានា ទាំងវិធានការសុខាភិបាល ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដែលត្រូវដាក់ចេញ ដើម្បីបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ ។
ឯកឧត្តម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំង និងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ-១៩ របស់សម្តេចដោយជឿជាក់យ៉ាងមុតមាំលើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនយើងជាក់ជាមិនខាន ។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត ក៍បានអំពាវនាវបន្ថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះជម្ងឺកូវីដ-១៩បម្លែងថ្មី ប្រភេទដែលតា (delta) ដែលកំពុងរាលដាលក្នុងមូលដ្ឋានខេត្តមួយចំនួន ជាក់ស្ដែង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំយើងផងដែរ ៕
សាន វិឡែម ៥.៨.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here