សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បើកវគ្គបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្ត ស្តីពីទទួលខុសត្រូវរបស់សហគមន៏ក្នុងបរិបទជំងឺកូវីដ-១៩

0
157

ខេត្តត្បូងឃ្មុំៈ នាព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នា២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្ត ស្ដីពីសុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងភាពទទួលខុសត្រូវរបស់សហគមន៏ក្នុងបរិបទជំងឺកូវីដ-១៩ ។
វគ្គបណ្តុះបណ្តាលនេះឡើងក្រោមឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ទីប្រឹក្សាសម្តេច ហេង សំរិន ជាប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងជា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការកាកបាទក្រហមខេត្ត ។
ក្នុងនោះដោយមានវត្តមានចូលរួមពីសំណាក់ លោក វង វ៉ាន់នី នាយកសាខា លោកនាយករងសាខា លោក-លោកស្រីមន្ត្រី ប្រចាំការអនុសាខាក្រុង/ស្រុក មន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ប្រមាណ ២៥នាក់ បានចូលរួម ។
ថ្លែងនាឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ បានមានប្រសាសន៏លើកឡើងអំពីសារសំខាន់នៃវគ្គបណ្ដុះបណ្ដាល ដោយបានផ្តោតសំខាន់ទៅលើជំងីកូវីដ-១៩ និងប្រភេទវីរុសបម្លែងថ្មី Dlta និង ការរីករាលដាល នៅលើពិភពលោក ក្នុងនោះប្រទេសកម្ពុជា ស្ថានភាពជំងឺដែលបានវិវត្តន៍ខ្លួននៅលើទឹកដីនៃខេត្តត្បូងឃ្មុំ និងជាការចូលរួមទប់ស្កាត់យ៉ាងសកម្ម របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅក្នុងរយ:ពេលកន្លងមក ។
ឯកឧត្តមវេជ្ជបណ្ឌិត បានមានប្រសាសន៏បន្តថា ប្រជាពលរដ្ឋភាគច្រើន បានព្យាយាមការពារខ្លួន និងការរស់នៅតាមបែបគន្លងថ្មី ក្នុងបរិបទការឆ្លងរីករាយដាលនៃជំងឺកូវីដ-១៩ ដោយពួកគាត់អាចភ្លេច នូវការការពារខ្លួនដ៏សំខាន់បំផុតមួយ សម្រាប់ការប្រឆាំងនឹងវីរុសទាំងនោះ ប្រកាសំខាន់គឺ សុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងភាពទទួលខុសត្រូវតាមបណ្តាសហគមន៏ ធ្វើអោយមានលទ្ធភាពឆ្លើយតប ក៏ដូចជាប្រយុទ្ធប្រឆាំងទៅនឹងការយាយី ពីមេរោគផ្សេងៗ ។
ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៏បានផ្តាំផ្ញើផងដែរឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ការធ្វើបទបង្ហាញ របស់មន្ត្រីសម្របសម្រួលក្នុងរយ:ពេល ០២ថ្ងៃ នៃវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីវិលត្រឡប់ទៅមូលដ្ឋានវិញ យកទៅអនុវត្ត និងផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ជ្រួតជ្រាប និងចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ ឲ្យទទួលបានលទ្ធផលប្រសើរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងសហព័ន្ធអន្តរជាតិកាកបាទក្រហម ( IFRC ) ដែលបានជួយគាំទ្រផ្នែកថវិកា ធ្វើឲ្យវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ៕
សាន វិឡែម ៥.៨.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here