ហេតុអ្វីអាល្លឺម៉ង់បញ្ជូននាវាចម្បាំងទៅសមុទ្រចិនខាងត្បូង?

0
46

នាវាចម្បាំងដែលអាល្លឺម៉ង់បញ្ជូនទៅអាស៊ីនៅពេលនេះ ធ្វើឡើងនៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ច រយៈពេល ៧ខែ មួយជុំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយនឹងត្រូវចូលសំចតនៅតាមបណ្តាប្រទេសជាច្រើន ហើយត្រូវបើកឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង នៅអំឡុងពាក់កណ្តាលខែធ្នូខាងមុខ។ នេះគឺជាលើកទីមួយ នៅក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ ដែលអាល្លឺម៉ង់បញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រចិនខាងត្បូង ហើយក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ប្រយ័ត្នប្រយែងរបស់អាល្លឺម៉ង់ នៅក្នុងតំបន់ភូមិសាស្រ្តនយោបាយដ៏ក្តៅគគុកមួយនេះ។ ចំណុចគន្លឹះនៃយុទ្ធសាស្រ្តរបស់អាល្លឺម៉ង់ទាក់ទងនឹងចិន គឺធ្វើយ៉ាងណាស្វែងរកតុល្យភាពមួយ រវាងផលប្រយោជន៍សេដ្ឋកិច្ច និងតម្រូវការផ្នែកសន្តិសុខ ព្រោះចិនជាដៃគូពាណិជ្ជកម្មដ៏ធំលំដាប់ទី១ របស់អាល្លឺម៉ង់ ហើយនៅក្នុងបរិបទនៃបញ្ហាសេដ្ឋកិច្ច ដោយសារវិបត្តិកូវីដ១៩ ក្នុងពេលបច្ចុប្បន្ន អាល្លឺម៉ង់រឹតតែត្រូវការចិន ដើម្បីជាទីផ្សារនាំចេញជួយរុញសេដ្ឋកិច្ចឲ្យមានកំណើនមកវិញ ប៉ុន្តែខាងផ្នែកសន្តិសុខវិញ អាល្លឺម៉ង់ និងចិន ក្រៅពីមានគោលការណ៍នយោបាយប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផ្ទុយគ្នា គឺជាប្រទេសដែលឈរនៅទិសដៅផ្ទុយគ្នា ក្នុងរចនាសម្ព័ន្ធសន្តិសុខអន្តរជាតិ។ ក្រៅពីសហរដ្ឋអាមេរិក ប្រទេសផ្សេងទៀត ដែលជា សម្ព័ន្ធមិត្តចម្បងៗរបស់អាល្លឺម៉ង់ រួមមាន បារាំង និងអង់គ្លេសជាដើម សុទ្ធតែបានបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូងជាបន្តបន្ទាប់ ហើយជប៉ុនវិញ ក៏បានស្នើសុំដោយទទូចផងដែរ ឲ្យអាល្លឺម៉ង់បញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះ ដើម្បីបង្ហាញពីជំហររួបរួមគ្នាទល់នឹងចិន។ លោកស្រី Annegret Kramp-Karrenbauer រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ ក្នុងពេលជូនដំណើរនាវាចម្បាំងចេញទៅកាន់តំបន់អាស៊ីនេះ បានលើកឡើងថា អាល្លឺម៉ង់ចង់ឲ្យអ្វីៗត្រូវធ្វើទៅតាមច្បាប់ជាធរមាន ចរាចរណ៍ផ្លូវសមុទ្រអាចធ្វើទៅបានដោយសេរី និងបើកចំហ ត្រូវទទួលបាននូវការការពារ ហើយការដោះដូរពាណិជ្ជកម្មត្រូវធ្វើទៅតាមវិធានត្រឹមត្រូវ។ មន្រ្តីរដ្ឋាភិបាលអាល្លឺម៉ង់ ក៏ធ្លាប់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នាវាចម្បាំងអាល្លឺម៉ង់ ថ្វីដ្បិតតែនឹងត្រូវឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង ប៉ុន្តែនឹងធ្វើដំណើរតែទៅតាមគន្លងនាវាចរណ៍អន្តរជាតិធម្មតាតែប៉ុណ្ណោះ ដោយនឹងមិនចូលទៅដល់ក្នុងរង្វង់ ១២ម៉ាយល៍ ពីដែនកោះណាមួយ ដែលកំពុងជាប់ជម្លោះនោះទេ ហើយជាងនេះទៀត នាវាចម្បាំងនេះ ក៏នឹងមិនបើកកាត់តាមច្រកសមុទ្រតៃវ៉ាន់នោះដែរ។ បើគេមើលទៅលើផែនទី ដែលចុះផ្សាយដោយក្រសួងការពារជាតិអាល្លឺម៉ង់ ទីតាំងទាំង១២ ដែលនាវាចម្បាំងអាល្លឺម៉ង់ គ្រោងចូលសំចតនៅក្នុងដំណើរទស្សនកិច្ច រយៈពេល ៧ខែ នេះ ក្រៅពីបណ្តាប្រទេសសម្ព័ន្ធមិត្តអាល្លឺម៉ង់ និងជាគូប្រជែងរបស់ចិន រួមមាន ជប៉ុន អូស្រ្តាលី កូរ៉េខាងត្បូង និងវៀតណាម ជាដើម នាវាចម្បាំងនេះ ក៏គ្រោងចូលសំចតផងដែរ នៅទីក្រុងសៀងហៃប្រទេសចិន។ យោងតាមការចុះផ្សាយរបស់កាសែត The Global Times ដែលជាកាសែតផ្លូវការរបស់បក្សកុម្មុយនិស្តចិន គម្រោងចូលសំចតនៅសៀងហៃនេះ នៅមិនទាន់ទទួលបានការឯកភាពជាផ្លូវការពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងនៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណា នេះជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីចេតនារបស់អាល្លឺម៉ង់ក្នុងការបញ្ចៀស កុំឲ្យការបញ្ជូននាវាចម្បាំងនេះ ត្រូវបានគេមើលថា ជាការធ្វើឡើងដើម្បីស្វែងរកការប្រឈមដាក់គ្នាជាមួយចិន៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here