ប្រធានាធិបតី និងសភាសហរដ្ឋអាមេរិកនៅលើផ្លូវស្របគ្នា ក្នុងការពង្រឹងគោលនយោបាយលើបច្ចេកវិទ្យាចិន

0
91

សហរដ្ឋអាមេរិក និងចិន កំពុងតែស្ថិតក្នុងការប្រកួតប្រជែងគ្នាដ៏ស្វិតស្វាញមួយ សឹងតែគ្រប់ផ្នែកទាំងអស់ដែលរាប់បញ្ចូលទាំងផ្នែកនយោបាយ ផ្នែកសន្តិសុខ និងផ្នែកសេដ្ឋកិច្ច ជាដើម។ ក្នុងនោះ វិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ ក៏គេចមិនផុតពីការប្រកួតប្រជែងគ្នា រវាងប្រទេសមហាអំណាចទាំង២ ផងដែរ។ ពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យានេះដែរ រដ្ឋាភិបាលលោកប្រធានាធិបតី ចូ បៃដិន កំពុងតែរៀបចំក្រុមការងារមួយ ទទួលបន្ទុកលើការឆ្លើយតប និងរៀបចំពង្រឹងគោលនយោបាយលើបច្ចេកវិទ្យាចិន។ ក្រៅពីរដ្ឋាភិបាលអាមេរិក សភាអាមេរិកកន្លងមក ក៏បានតាក់តែងចេញជាឯកសារផ្លូវច្បាប់ ក្នុងគោលបំណងមួយស្រដៀងគ្នានឹងរដ្ឋាភិបាល លោក បៃដិន ផងដែរ។ ក្នុងការរៀបចំក្រុមការងារពិសេសមួយរបស់រដ្ឋាភិបាល នៅ ៦ខែដំបូងនេះ គេសង្កេតឃើញថា លោក បៃដិន បានតែងតាំងអ្នកជំនាញ ដែលមានបទពិសោធផ្នែកវិទ្យាសាស្ត្រ និងផ្នែកសន្តិសុខ ជាតិឱ្យចូលកាន់តំណែងសំខាន់ៗ ក្នុងការតាក់តែងគោលនយោបាយបច្ចេកវិទ្យាអាមេរិក។ ងាកមកមើលសកម្មភាពរបស់សភាអាមេរិកវិញ នៅរយៈពេល ៦ខែដំបូងនេះ បានអនុម័តច្បាប់ និងតាក់តែងច្បាប់មួយចំនួនដែរ ដើម្បីបញ្ចេញថវិកាសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកអាមេរិក និងមន្ទីរពិសោធន៍នានាក្នុងស្រុក។ ច្បាប់ដែលត្រូវបានគេកត់សម្គាល់ជាងគេនោះ គឺច្បាប់នវានុវត្តន៍ និងការប្រកួតប្រជែងអាមេរិក ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិក កាលពីខែមិថុនា ដោយច្បាប់នេះ នឹងបញ្ចេញទឹកប្រាក់ចំនួន ២៤៤ ពាន់លានដុល្លារ ដើម្បីការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងជួយទំនុកបម្រុងដល់ការផលិតបន្ទះឈីបនៅក្នុងស្រុកអាមេរិកទៀតផង។ កាលពីខែកក្កដា គណៈកម្មាធិការការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក បានយល់ព្រមលើច្បាប់ ស្ដីពីការធានាឱ្យបាននូវភាពជាមេដឹកនាំ និងទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ហៅកាត់ថា ច្បាប់ឥន្ទ្រី។ ក្នុងសេចក្ដីព្រាងច្បាប់នេះ គ្រាន់តែពាក្យថា «ចិន» ត្រូវបានលើកឡើងច្រើនជាង ១ ពាន់ដង ហើយខ្លឹមសារទាំងនោះ រាប់បញ្ចូលទាំងការឆ្លើយតបនឹងសកម្មភាពចិន ទាក់ទងនឹងការកេងប្រវ័ញ្ចទីផ្សារពិភពលោក ក៏ដូចជា ការគំរាមកំហែងរបស់ចិន ទៅលើប្រទេសនានា តាមរយៈសកម្មភាពសេដ្ឋកិច្ច និងសកម្មភាពយោធា។ លោក Derek Scissors អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសហគ្រាសអាមេរិក ដែល ជាស្ថាប័នសិក្សាស្រាវជ្រាវមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងថា «ខណៈនៅជាប់ដោះស្រាយវិបត្តិកូវីដ១៩ យើងមិនទាន់ឃើញថា មនុស្សរបស់លោក បៃដិន បានបង្កើតគោលនយោបាយណាមួយពិតប្រាកដនោះទេ»។ លោកបានបន្ថែមថា៖ «នៅរដូវស្លឹកឈើជ្រុះ (អំឡុងខែកញ្ញា ដល់ខែធ្នូ) ពួកគេនឹងផលិតគោលនយោបាយ ដើម្បីតទល់នឹងចិន។ នៅពេលនោះហើយ យើងនឹងឃើញថា ពួកគេនឹងធ្វើការដោយ របៀបណា ហើយអាចធ្វើការជាមួយគ្នាបានល្អឬអត់»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post៕ South China Morning Post

LEAVE A REPLY

Please enter your comment!
Please enter your name here