ហេតុអ្វីបានជាកម្មវិធីចាក់វ៉ាក់សាំងសកល មិនទាន់មានប្រសិទ្ធភាពល្អ?

0
54

យន្តការចាក់វ៉ាក់សាំង Covax ដែលគាំទ្រដោយអង្គការសហប្រជាជាតិ នៅតែប្រឈមនឹងវិបត្តិស៊ីជម្រៅមួយ គឺការលំបាកក្នុងការគ្រប់គ្រងវ៉ាក់សាំង និងចែកចាយដោយប្រសិទ្ធភាព ខណៈមានការរីករាលដាលវ៉ារ្យ៉ង់ Delta ទូទាំងសកលលោក។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន The New York Times។ ការចែកចាយវ៉ាក់សាំងមិនទាន់ពេលវេលា ដែលបណ្ដាលឱ្យវ៉ាក់សាំងផុតកាលបរិច្ឆេទ គឺជាបញ្ហាមួយដ៏ធ្ងន់ធ្ងរបំផុត ប៉ុន្តែភាគច្រើនត្រូវបានគេមើលរំលង។ កម្មវិធី Covax ត្រូវបានគេស្គាល់ថា ជាសម្ព័ន្ធប្រទេសមហាអំណាចពិភពលោក ដែលនឹងធានាការផ្គត់ផ្គង់វ៉ាក់សាំង ដល់ប្រទេសក្រីក្រឱ្យបានរហ័សដូចប្រទេសអ្នកមាន។ ផ្ទុយទៅវិញ កម្មវិធី Covax បានចែកចាយវ៉ាក់សាំងតិចជាងអ្វីដែលខ្លួនសន្យាដល់ទៅ កន្លះពាន់លានដូសវ៉ាក់សាំង បណ្តាលឱ្យប្រទេសក្រីក្រត្រូវទទួលរងហានិភ័យ និងប្រឈមនឹងគ្រោះថ្នាក់ពីការរីករាលដាលវ៉ារ៉្យង់ Delta។ វេជ្ជបណ្ឌិត Ayoade Alakija សហប្រធាននៃកម្មវិធីផ្តល់វ៉ាក់សាំងរបស់សហភាពអាហ្វ្រិក បានមានប្រសាសន៍ថា៖ «កម្មវិធី Covax មិនបានបរាជ័យទាំងស្រុងទេ ប៉ុន្តែវាបរាជ័យជាបណ្ដើៗ។ យើងពិតជាគ្មានជម្រើសផ្សេងទេ។ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ កម្មវិធី Covax គួរដំណើរការឱ្យល្អជាងនេះ»។ អ្នកជំនាញព្រមានថា បើគ្មានការចាក់វ៉ាក់សាំងពាន់លានទៀតទេ វ៉ារ្យ៉ង់ថ្មីអាចបន្តកើតមានឡើង ហើយនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជាតិទាំងអស់លើពិភពលោក។ វេជ្ជបណ្ឌិត Seth Berkley នាយកប្រតិបត្តិនៃក្រុមហ៊ុន Gavi ជាក្រុមហ៊ុនមិនរកប្រាក់ចំណេញនៃកម្មវិធី Covax បាននិយាយថា ការផ្តល់ហិរញ្ញប្បទានដើមឆ្នាំ មិនគ្រប់គ្រាន់ បានធ្វើឱ្យកង្វះការផ្គត់ផ្គង់ដែលចៀសមិនរួច។ អ្នកគាំទ្រ និងអ្នករិះគន់នានា យល់ស្របថា កម្មវិធីនេះត្រូវតែកែប្រែឱ្យប្រសើរឡើងជាងនេះ។ គិតត្រឹមដើមខែកក្កដា ឯកសារសម្ងាត់ចេញពីកម្មវិធី Covax បានបង្ហាញថា ប្រទេសចំនួន ២២ ដែលមានករណីស្លាប់កើនឡើងខ្លាំងនោះ សុទ្ធសឹងតែជាប្រទេសដែលទទួលវ៉ាក់សាំងស្ទើរតែទាំងស្រុងចេញពីកម្មវិធីនេះ។ ដំបូងឡើយ កម្មវិធី Covax មានគម្រោងលើការចែកចាយដ៏ធំពីវិទ្យាស្ថានសេរ៉ូម ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ឥណ្ឌា។ ប៉ុន្តែបន្ទាប់ពីមេរោគនេះបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌា កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលឥណ្ឌាបានបញ្ឈប់ការនាំចេញវ៉ាក់សាំង។ ប្រទេសក្រីក្រជាច្រើនត្រូវភ័យព្រួយ ដោយពួកគេត្រូវរំពឹងលើកម្មវិធី Covax ក្នុងការទទួលបានវ៉ាក់សាំង។ ជាមួយនឹងការរំពឹងទុកថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនឹងផ្គត់ផ្គង់វ៉ាក់សាំង ចំនួន ១,៧ ពាន់លានដូស នៅខែធ្នូ មន្រ្តីកម្មវិធី Covax ព្រួយបារម្ភថា ប្រទេសខ្លះនឹងត្រូវប្រឈមនឹងបញ្ហាទទួលបានវ៉ាក់សាំងភ្លាមៗ ដោយសារការដឹកជញ្ជូនយូរ និងការដឹកជញ្ជូនមិ ច្បាស់លាស់ ខណៈប្រទេសខ្លះពន្យារពេលការរៀបចំធំៗមួយចំនួន។ លោកស្រី Lily Caprani ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការ UNICEF មានប្រសាសន៍ថា៖«វាមានភាពងាយស្រួលជាង នៅពេលដែលកម្មវិធីនេះ បង្កើនទំហំវ៉ាក់សាំង និងផ្គត់ផ្គង់ឱ្យថេរ និងអាចកំណត់ពេលវេលាព្យាករបាន»។ លោក Andrea Taylor អ្នកស្រាវជ្រាវដែលសិក្សាការចាក់វ៉ាក់សាំងសកល បាននិយាយថា៖ «កម្មវិធី Covax ប្រៀបបាននឹងការងារក្រុមដែលគ្មានអ្នកដឹកនាំត្រឹមត្រូវ។ អ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ គឺយឺតជាងការរំពឹងទុក»៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here