ពិតជាព្រហើនមែន…កម្លាំងចុះបង្ក្រាបហាងផឹកស៊ីឈ្មោះ គោលដៅចាស់ នៅក្រុងតាខ្មៅ លួចបើក ល្មើសបំរាម

0
55

កណ្តាល៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដោយមានកិច្ចសហការជាមួយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការឡោមព័ន្ធទីតាំងហាងលួចបើកលក់គ្រឿងស្រវឹង ផឹកស៊ី យីហោ គោលដៅចាស់ នៅចំណុចជិតផ្សារកាច់ជ្រុង ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាមលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាដឹងថា ក្នុងប្រតិបត្តិការឡោមព័ទ្ធហាងលួចបើកផឹកសុីនេះ ឃាត់ខ្លួនបានមនុស្សចំនួន១៤នាក់។

លោកវរសេនីយ៍ឯកបានបន្តទៀតថា ម្ចាស់ហាងយីហោ គោលដៅចាស់ ខាងលើបានលួចបើកឲ្យភ្ញៀវចូលផឹកស៊ីបំពានទៅនឹងវិធានរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកនាយការិយាល័យរូបនេះបានបញ្ជាក់ឲ្យដឹងបន្ថែមថា ចំពោះម្ចាស់ហាងនិងអ្នកពាក់ព័ន្ធដទៃៗទៀតដែលល្មើសវិធានការរដ្ឋបាលនេះ មិនអនុញ្ញាតឲ្យចេញពីក្នុងហាងនោះទេ គឺតម្រូវឲ្យមន្រ្តីការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្ត យកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ម្តងម្នាក់ៗ រួចទើបចាត់ការបន្តតាមនីតិវិធី ដើម្បីនាំខ្លួនមកធ្វើការសាកសួរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here