កងទ័ពអាហ្វហ្កានីស្ថានបញ្ជាឲ្យប្រជាជនចាកចេញពីទីក្រុង ដើម្បីខ្លួនអាចវាយប្រហារលើពួកតាលីបង់

0
227

នៅក្នុងសារផ្សាយតាមវិទ្យុជាតិ លោក Sami Sadat មេបញ្ជាការជាន់ខ្ពស់ប្រចាំតំបន់ខាងត្បូងអាហ្វហ្កានីស្ថានបានអំពាវនាវឲ្យប្រជាជនចាកចេញពីផ្ទះសម្បែងឲ្យបានកាន់តែឆាប់បំផុត ព្រោះថា កងទ័ពនឹងបើក ការវាយប្រហារប្រយុទ្ធតទល់យ៉ាងខ្លាំងក្លាបំផុតជាមួយពួកតាលីបង់។ ប្រជាជននៅទីក្រុង Lashkar Gah បាននិយាយប្រាប់អ្នកកាសែតទីភ្នាក់ព័ត៌មានបារាំង AFP ថា ការប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាល និងពួកតាលីបង់បានចាប់រាលដាលចូលដល់ក្នុងក្រុង។ ពួកតាលីបង់មានវត្តមាននៅគ្រប់កន្លែងក្នុងទីក្រុង និងធ្វើដំណើរផ្លាស់ទីដោយប្រើម៉ូតូ។ បន្ថែមពីលើការប្រយុទ្ធគ្នានៅតាមផ្លូវ កងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានចាប់បើកការវាយប្រហារតាមផ្លូវអាកាសលើផ្ទះជាង ២០ខ្នង ដែលជាទីតាំងលាក់ខ្លួនរបស់ពួកតាលីបង់។ ការប្រយុទ្ធគ្នាខ្លាំងនៅក្នុងរយៈពេល ៤ថ្ងៃជាប់គ្នាមកនេះ បានធ្វើឲ្យប្រជាជនមួយចំនួនរត់ចាកចេញពីទីក្រុង ប៉ុន្តែមួយចំនួនផ្សេងទៀតត្រូវជាប់គាំងនៅក្នុងសមរភូមិប្រយុទ្ធរបស់ពួកតាលីបង់ និងកងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ សព្វថ្ងៃនេះ ទីក្រុងគ្មានភ្លើង លែងមានទំនិញអាហារលក់ ចំណែកហាងទាំងអស់ត្រូវបិទទ្វារ។ កាលពីថ្ងៃអង្គារ បេសកកម្មរបស់អង្គការសហប្រជាជាតិសម្រាប់អាហ្វហ្កានីស្ថាន បានសំដែងក្តីបារម្ភពីការបាត់បង់ជីវិតប្រជាជន ស៊ីវិលនៅក្នុងការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងពួកតាលីបង់។ តាមបេសកកម្មរបស់អង្គការសហប្រជាជាតិ មានប្រជាជនស៊ីវិល ៤០នាក់ស្លាប់ និង ១១៨នាក់ រងរបួស នៅក្នុងរយៈពេល ២៤ម៉ោង នៅក្នុងការប្រយុទ្ធគ្នានៅទីក្រុង Lashkar Gah ដែលមានប្រជាជនរស់នៅជាង ២សែននាក់។ ពួកគេទាំងនោះរងគ្រោះ ដោយសារការវាយប្រហារតាមផ្លូវគោករបស់ពួកតាលីបង់ផង និងត្រូវរងគ្រោះថ្នាក់ ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពរដ្ឋាភិបាលផង។ កាលពីថ្ងៃចន្ទ ស្ថានទូតអង់គ្លេស និងអាមេរិក ប្រចាំទីក្រុងកាប៊ូលបានចោទប្រកាន់ពួកតាលីបង់ថា អាចប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្រ្គាម បន្ទាប់ពីរបាយការណ៍របស់គណៈកម្មការឯករាជ្យមួយ បង្ហាញថា ពួកតាលីបង់បានសម្លាប់សងសឹកប្រជាជនអ្នកទទួលខុសត្រូវ មន្រ្តីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ជាង ៤០នាក់ នៅទីក្រុង Spin Boldak  ជាប់ព្រំដែនប៉ាគីស្ថាន ដែលក្រុមតាលីបង់វាយដណ្តើមចូលកាន់កាប់តាំងពីពាក់កណ្តាលខែកក្កដា។ ក្រៅពីទីក្រុង Lashkar Gah ពួកតាលីបង់ដែលវាយដណ្តើមគ្រប់គ្រងភូមិតំបន់ដាច់ស្រយាលមួយភាគធំរបស់អាហ្វហ្កានីស្ថាន បានចូលកៀកទៅឡោមព័ទ្ធទីក្រុងធំសំខាន់ ពីរទៀត គឺ Kandahar និង Hérat។ ប៉ុន្តែអាជ្ញាធរខេត្ត Hérat បានអះអាងកាលពីថ្ងៃអង្គារថា កងទ័ពរដ្ឋាភិបាលទើបវាយបណ្តេញពួកតាលីបង់ចេញពីតំបន់ជុំវិញទីក្រុង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here