ភ្នំពេញ៖យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មីប្រភេទ Delta ចំនួន៣៦នាក់បន្ថែមទៀត ។ នៅក្នុងនោះ បុគ្គលិកសុខាភិបាលចំនួន៨នាក់ និង អ្នកភូមិក្នុងសហគមន៍ចំនួន២៨នាក់ ។
នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នេះ ។
បើតាមក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដដប់ប្រាំបួន ប្រភេទ Delta លើពលករត្រឡប់ពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាលនិងអ្នកភូមិនៅក្នុងសហគមន៍សរុបទាំងអស់ចំនួន២៦០នាក់ ។
យោងតាមលទ្ធផលខាងលើនេះ បង្ហាញឲ្យឃើញថា វីរុស Delta បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍របស់យើងហើយ ជាពិសេស ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប កំពង់ចាម និង កំពង់ធំ និង បណ្ដាខេត្តមួយចំនួនទៀត ។
ក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាពេលបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើននិងមានការជួបជុំមិត្តភក្តិ ។ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា មេត្តាអនុវត្តវិធានការ ៣ការពារនិង៣កុំ និង វិធានការផ្សេងៗទៀតរបស់ក្រសួងសុខាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកាត់ផ្តាច់ប្រភពចម្លងនៃវីរុសកូវីដ១៩ ជាពិសេសវីរុស Delta តែម្ដង ៕