អាមេរិក  អង់គ្លេស ចូលរួមជាមួយអ៊ីស្រាអែល  ក្នុងការចោទអ៊ីរ៉ង់ ជុំវិញការវាយប្រហារនាវានៅសមុទ្រអូម៉ង់

0
52

អាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ បានរួមគ្នាជាមួយប្រទេសអ៊ីស្រាអែល ក្នុងការស្តីបន្ទោសអ៊ីរ៉ង់ ជុំវិញការវាយប្រហារនាវា ១ គ្រឿងនៅឆ្នេរសមុទ្រអូម៉ង់ ថ្វីបើទីក្រុងតេអេរ៉ង់បដិសេធក្តី ហើយទីក្រុង វ៉ាស៊ីនតោនបានប្តេជ្ញាឆ្លើយតបយ៉ាង«សមស្រប»។ សេចក្តីថ្លែងការណ៍របស់អាមេរិក និងអង់គ្លេស បានកើតឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណាហ្វតាលី បេននិត បាននិយាយថា មានភ័ស្តុតាងទាក់ទងអ៊ីរ៉ង់ទៅនឹងការវាយប្រហារ ក្រោយសាធារណរដ្ឋអ៊ិស្លាមនេះ បានទាត់ចោលការចោទប្រកាន់គ្មានមូលដ្ឋាន នៃសត្រូវរបស់ខ្លួននោះ។ នាវា MT Mercer Street ដែលគ្រប់គ្រងដោយលោកមហាសេដ្ឋីអ៊ីស្រាអែល Eyal Ofer ត្រូវបានគេវាយប្រហារនៅឆ្នេរសមុទ្រអូម៉ង់ កាលពីព្រហស្បតិ៍សប្តាហ៍មុន។ ឆ្មាំសន្តិសុខអង់គ្លេសម្នាក់ និងសមាជិកយានិករូម៉ានីម្នាក់ បានស្លាប់ ជាអ្វីដែលអាមេរិក និងអង់គ្លេស និងក្រុមហ៊ុនប្រតិបត្តិការនាវា Zodiac Maritime បាននិយាយថា ទំនងជាការវាយប្រហារដោយប្រើដ្រូន។ អ៊ីស្រាអែលបានស្តីបន្ទោសអ៊ីរ៉ង់ដោយលោករដ្ឋមន្ត្រីការបទេស Yair Lapid បាននិយាយកាលពីថ្ងៃសុក្រថា លោកបានបញ្ជាឱ្យអ្នកការទូតរបស់ខ្លួនជំរុញឱ្យមានវិធានការ UN ប្រឆាំងនឹងអំពើភេរវកម្មរបស់អ៊ីរ៉ង់។ កាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បានបដិសេធថា មិនមានការពាក់ព័ន្ធនឹងការវាយប្រហារនាវានេះទេ ហើយអ្នកនាំពាក្យក្រសួងការបរទេសលោក Saeed Khatibzadeh បាននិយាយថា អ៊ីស្រាអែលត្រូវបញ្ឈប់ការចោទប្រកាន់គ្មានមូលដ្ឋានបែបនេះ។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖«អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការការពារផលប្រយោជន៍ និងសន្តិសុខជាតិរបស់ខ្លួនទេ»។ លោក បេននិត បានចោទអ៊ីរ៉ង់ថា បានព្យាយាមគេចវេះពីការទទួលខុសត្រូវ ចំពោះព្រឹត្តិការណ៍នេះក្នុង«លក្ខណៈកំសាក»។ លោក បេននិត បាននិយាយថា៖«ជាមួយនឹងភាពប្រាកដប្រជាយ៉ាងពេញលេញ ខ្ញុំកំណត់ថា អ៊ីរ៉ង់បានធ្វើការវាយប្រហារប្រឆាំងនាវានោះ»។ លោកបាននិយាយថា៖«ភ័ស្តុតាងស៊ើបអង្កេត សម្រាប់ការវាយប្រហារនេះមានហើយ យើងរំពឹងទុកថា សហគមន៍អន្តរជាតិនឹងបញ្ជាក់ច្បាស់ ចំពោះរបបអ៊ីរ៉ង់ដែលពួកគេមានកំហុសយ៉ាងធ្ងន់ធ្ងរ»។ «ក្នុងករណីណាមួយ យើងដឹងពីរបៀបបញ្ជូនសារទៅអ៊ីរ៉ង់តាមមធ្យោបាយផ្ទាល់ខ្លួនរបស់យើង»។ លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab បាននិយាយថា ទីក្រុងឡុងដ៍ ជឿថា ការវាយប្រហារនោះ គឺជាចេតនាមានគោលដៅ និងជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ដោយអ៊ីរ៉ង់ ហើយការវាយតម្លៃរបស់អង់គ្លេស បានបង្ហាញថា អ៊ីរ៉ង់បានប្រើប្រាស់ UAV (យន្តហោះគ្មានមនុស្សបើក) ចំនួន ១ គ្រឿង ឬ ច្រើនគ្រឿង ដើម្បីកំណត់គោលដៅទៅលើនាវានោះ។ លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ៊ីរ៉ង់ត្រូវបញ្ចប់ការវាយប្រហារបែបនេះ ហើយនាវាទាំងអស់ត្រូវអនុញ្ញាតឱ្យធ្វើដំណើរដោយសេរី ដោយអនុលោមតាមច្បាប់អន្តរជាតិ»៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here