សកម្មជនប្រឆាំងបេឡារុស ត្រូវគេប្រទះឃើញស្លាប់ដោយចងព្យួរក នៅក្នុងប្រទេសអ៊ុយក្រែន

0
27

លោក វីតាលី ស្ហ៊ីស្ហូវ មានវ័យ ២៦ ឆ្នាំ ដែលជាសកម្មជនប្រឆាំងបេឡារុស និងជាប្រធានដឹកនាំអង្គការក្រៅ រដ្ឋាភិបាលមួយ មានឈ្មោះថា “ផ្ទះបេឡារុស” បានបាត់ខ្លួន កាលពីថ្ងៃចន្ទ ទី២ ខែសីហា។ មិត្តស្រីរបស់លោក បានរាយការណ៍ថា លោកបានទៅរត់ហាត់ប្រាណ តែបាត់មិនឃើញត្រឡប់ទៅផ្ទះវិញសោះ ហើយទូរសព្ទរបស់លោកវិញ ក៏មិនអាចទាក់ទងបានទៀត។ សាកសពរបស់លោក វីតាលី ស្ហ៊ីស្ហូវ ត្រូវបានគេរកឃើញ ចងព្យួរក នៅក្នុងឧទ្យានមួយកន្លែង ក្នុងទីក្រុងកៀវនៃប្រទេសអ៊ុយក្រែន នៅមួយថ្ងៃបន្ទាប់ពីបាត់ខ្លួន។ ប៉ូលិសក្រុងកៀវមានការសង្ស័យច្រើនថា ករណីស្លាប់នេះ គឺជាអំពើឃាតកម្ម។ លោក Igor Klymenko ប្រធានប៉ូលិសជាតិអ៊ុយក្រែន បានប្រាប់អ្នកយកព័ត៌មានថា ប៉ូលិសកំពុងស៊ើបអង្កេតដោយដាក់មុខសញ្ញាពីរ សំខាន់ គឺទី១ ការធ្វើអត្តឃាត និងទី២ ឃាតកម្មតែរៀបចំឲ្យឃើញថា ជាការធ្វើអត្តឃាត។ បើតាមប្រធាន ប៉ូលិសជាតិអ៊ុយក្រែនដដែល នៅលើសាកសពជនរងគ្រោះគេឃើញមានស្នាមកោសនៅលើច្រមុះ និងដងខ្លួន ដែលនាំឲ្យគេសង្ស័យដែរថា លោកអាចដួលមុននឹងស្លាប់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការផ្ទះបេឡារុសបានឲ្យដឹថា អង្គការបានទទួលការព្រមានម្តងហើយម្តងទៀត រួមទាំងការចាប់ពង្រត់ និងការសម្លាប់។ អង្គការផ្ទះបេឡារុស បាននិយាយថា គ្មានអ្វីគួរឲ្យសង្ស័យឡើយ គឺភ្នាក់ងារសន្តិសុខសម្ងាត់របស់ប្រធានាធិបតីបេឡារុសលោក លូកាស្ហេនកូ គឺជាអ្នករៀបចំគម្រោងផែនការសម្លាប់ប្រធានអង្គការរបស់ខ្លួន។ លោក វីតាលី ស្ហ៊ីស្ហូវ ជាប្រធានដឹកនាំអង្គការផ្ទះបេឡារុស ដែលមានទីតាំងនៅក្នុងប្រទេសនៅអ៊ុយក្រែន។ អង្គការនេះសកម្មខ្លាំងណាស់ ក្នុងការជួយប្រជាជនដែលបានភៀសខ្លួន ចេញពីប្រទេសបេឡារុស ដែលក្រុមអ្នកប្រឆាំងតែរងនូវការបង្ក្រាប។ បុរសខ្លាំងបេឡារុសលោក អាឡិចសង់ លូកាស្ហេនកូ ដែលបានឡើងគ្រប់គ្រងប្រទេស រយៈពេលប្រមាណ ២៧ ឆ្នាំមកហើយនោះ បានបង្ក្រាបរាល់គ្រប់ទម្រង់នៃការប្រឆាំងទាំងអស់ចាប់តាំងពីផ្ទុះការតវ៉ាទ្រង់ទ្រាយធំ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត កាលពីឆ្នាំទៅ។ ការបោះឆ្នោត ដែលប្រជាជនបេឡារុសជាច្រើន ហើយនិងក្រុមប្រទេសលោកខាងលិចចាត់ទុកថា អយុត្តិធម៌៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here