ភ្នំពេញៈប្រសិនបើមិនមានការប្រែប្រួលទេវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ ដូស ដែលជាជំនួយរបស់ចក្រភពអង់គ្លេសដល់ប្រទេស កម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីនឹងដឹកមកដល់កម្ពុជានៅវេលាម៉ោង ១៖៣០នាទីថ្ងៃទី ៥ ខែ សីហាស្អែកនេះ ។ តែទោះយ៉ាងណាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នៅតែទៅទទួលដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដដែល។ តាមគ្រោងវ៉ាក់សាំងរបស់ចក្រភពអង់ គ្លេសគ្រោងមកដល់កម្ពុជានៅ ល្ងាចថ្ងៃទី ៤ ខែសីហា នេះប៉ុន្តែត្រូវបានពន្យាទៅដល់ថ្ងៃទី៥ ខែ សីហា ។ មិនមានប្រភពណាមួយបញ្ជាក់ពីការលើកពេលនេះទេ ។
ក្នុងសេចក្តីប្រកាសព័ត៌មានស្ថានទូតចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថាក្នុងសប្ដាហ៍នេះចក្រភពអង់គ្លេសនឹងបញ្ជូន ចេញវ៉ាក់សាំងចំនួន ៩ លានដូសទៅកាន់ប្រទេសជាច្រើននៅទូទាំងពិភពលោកក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន៤១៥,០០០ដូសដែរដើម្បីដោះស្រាយបញ្ហាជំងឺជាសកលមួយនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពង់គ្លេស Dominic Raab មានប្រសាសន៍ថា៖«ចក្រភពអង់គ្លេសនឹងបញ្ជូននវ៉ាក់សាំងAstraZenecaចំនួន ៤១៥,០០០ដូសទៅ កាន់ប្រទេសកម្ពុជាដែលជាផ្នែកមួយនៃការផ្តល់វ៉ាក់សាំងចំនួន ១០០ លានដូសដំបូងដែលយើងបានប្តេជ្ញាដើម្បីជួយឱ្យតំបន់ដែលក្រីក្របំផុតនៃពិភពលោកបាន ទទួលការចាក់វ៉ាក់សាំងក្នុងករណីបន្ទាន់ ។ យើងកំពុងធ្វើការដើម្បីជួយអ្នកដែលងាយរងគ្រោះបំផុតហើយក៏ព្រោះតែយើងដឹងថាយើងនឹងមិនមានសុវត្ថិភាពទេ រហូតទាល់តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព »។
លោក Dominic Raab បានប្រកាសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ថា៖វ៉ាក់សាំងចំនួន ៥ លានដូសត្រូវបានផ្តល់ឱ្យយន្តការ COVAX ដែលជាគម្រោងដើម្បី ធានាបាននូវការទទួលវ៉ាក់សាំងCovid-19 ដែលមានលក្ខណៈសកលនិងស្មើភាពគ្នា។យន្តការ COVAX នឹងចែកចាយជាបន្ទាន់ដល់បណ្តាប្រទេសដែលមានប្រាក់ ចំណូលទាបតាមរយៈប្រព័ន្ធបែងចែកប្រកបដោយសមធម៌ដែលផ្តល់អាទិភាពក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាជនដែលត្រូវការបំផុត ។ វ៉ាក់សាំងចំនួន៤លានដូស ទៀតនឹងត្រូវចែកចាយដោយផ្ទាល់ដល់ប្រទេសដែលត្រូវការ។ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន៤១៥.០០០ដូសក្នុងចំណោមបណ្តាប្រទេសដទៃទៀត ។
ចំណែកឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាលោកស្រី Tina Redshaw លើកឡើងដែរថាវ៉ាក់សាំងជាង៤សែនដូសដែលអង់គ្លេសផ្ដល់ឱ្យកម្ពុជានេះ នឹងជួយដល់សហគមន៍មូលដ្ឋានដើម្បីចាប់ផ្តើមអាជីវកម្មការពារសេវាកម្មសុខភាពនិងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ១ខែ សីហាបានប្រកាសថានៅថ្ងៃទី ៤ ខែសីហា ខាងមុខវ៉ាក់សាំងជំនួយរបស់ចក្រភពអង់គ្លេសខ្ញុំនឹង ចេញទៅទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា៖រាល់ជំនួយដែលផ្តល់ឲ្យជាលក្ខណៈទ្វេរភាគីសម្តេចចាំបាច់ត្រូវចេញទៅទទួលដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដូចជាពេលកន្លងមកជំនួយរបស់ប្រទេសចិន,ជំនួយរបស់ប្រទេសជប៉ុនសុទ្ធតែជាទ្វេរភាគី ចំណែកជំនួយរបស់កូវ៉ាក់វាជាលក្ខណៈពហុភាគី ដែលមានច្រើនប្រទេ សក្នុងនោះកម្ពុជាក៏ជាសមាជិករបស់កូវ៉ាក់ផងដែរដូចនេះការទៅទទួលត្រឹមរដ្ឋមន្ត្រីសុខាភិបាលវាសមរម្យណាស់ ។ ហើយជំនួយរបស់រដ្ឋាភិបាលអាមេរិកកាលពី ថ្ងៃមុនក៏បានបញ្ជាក់ច្បាប់ថាជាជំនួយតាមរយៈកូវ៉ាក់ឲ្យកម្ពុជា ។ ដូច្នេះកុំថាខ្ញុំមានការរើសអើងខ្ញុំសូមបញ្ជាក់ជំនួយទ្វេភាគីខ្ញុំចេញទៅទទួលនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញតែបើតាមពហុភាគីគឺរដ្ឋមន្ត្រីសុខាភិបាលចេញទៅទទួលវាគ្រប់គ្រាន់ហើយព្រោះកូវ៉ាក់មានសមាជិកច្រើនពកម្ពុជាក៏ជាសមាជិកផងដែរ ។
គួរបញ្ជាក់ថាការផ្តល់វ៉ាក់សាំងដល់កម្ពុជារបស់ចក្រភពអង់គ្លេសធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនបានផ្តល់វ៉ាក់សាំងដល់កម្ពុជាចំនួន១លានដូស ហើយដែលបានដឹក មកដល់កម្ពុជាកាលពីសប្តាហ៍មុនចំនួន ៣៣០,០០០ ដូស ។ ចំណែកសហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយវ៉ាក់សាំងJohnson & Johnson របស់សហរដ្ឋអាមេរិក ១ លានដូសដល់កម្ពុជារួចហើយដែរតាមរយៈយន្តការកូវ៉ាក់ ។
គិតត្រឹមថ្ងៃនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុប ២០,៣៥៤,០០០ ដូសភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយនិងទិញពីប្រទេសចិន ។ វ៉ាក់សាំងដែលកម្ពុជាទទួល បានរួចមកហើយនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាម(Sinopharm)ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន៣,២ លានដូស,វ៉ាក់សាំងស៊ីណូហ្វាម៤ លានដូសទិញពីក្រុមហ៊ុន ស៊ីណូហ្វាម,វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ទិញពីប្រទេសចិនចំនួន ១១,៥ លានដូសនិងវ៉ាក់សាំងអាស្ត្រាហ្សេនីកា(Astra Zeneca)ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស,វ៉ាក់សាំង Astra Zeneca ជំនួយរដ្ឋាភិបាលជប៉ុនតាមរយៈ Covax Facility ចំនួន ៣៣០,០០០ ដូស និង ពេលនេះវ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកតាមរយៈ Covax Facility ចំនួន១លានដូស ។
ចំណែកដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជាគិតត្រឹមថ្ងៃទី ២ ខែ សីហា (ក្រុមអាយុចាប់ពី ១៨ឆ្នាំឡើង)អ្នកបានចាក់ដូសទី១ បានចំនួន ៧,៤១៨,៤៥៣ នាក់។ អ្នកចាក់បានទាំងពីដូស បានចំនួន ៤ ៩២៧ ៨៧៦ នាក់ ស្មើនឹង ៧៤.១៨% នៃប្រជាជនគោលដៅសរុប ១០លាននាក់។សម្រាប់ក្រុម(កុមារនិងយុវវ័យ អាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ) អ្នកបានចាក់ដូសទី១ បានចំនួន ៧៩ ៦៧៦ នាក់ ស្មើនឹង ៤.០៥% នៃក្រុមគោលដៅសរុបជិត ២លាននាក់ ៕