ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៨ មេសា បានសរសេរជាលិខិតមួយច្បាប់ដាក់ស្នើទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ដើម «សុំទិញវ៉ាក់សាំង» ចិន ចំនួន ៦លានដូសបន្ថែមទៀតនៅពេលខាងមុខនេះ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ថ្លែងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៩ មេសា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wentian បានថ្លែងថា លោកកាលពីថ្ងៃទី ២៨ មេសា បានទទួលលិខិតពីសម្តេច ហ៊ុន សែនតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាដាក់ស្នើទៅកាន់លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីស្នើសុំទិកវ៉ាក់សាំងពីប្រទេសចិនចំនួន៦លានដូសទៀត។
បើតាមឯកឧត្តម Wang Wentian សម្តេចតេជោ ហ៊ុន សែន ស្នើសុំទិញវ៉ាក់សាំងពីប្រទេសចិនចំនួន៦លានដូសនេះ គឺគ្រោងបញ្ជូនមកនៅក្នុងខែឧសភា និងខែមិថុនាខាងមុខនេះ ហើយបច្ចុប្បន្នស្ថានទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជា កំពុងសម្របសម្រួលយ៉ាងសកម្មចំពោះការស្នើសុំរបស់សម្តេច ហ៊ុន សែននេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣០ មេសានេះ កម្ពុជាបានទទួលវ៉ាក់សាំងជិត ៤ លានដូសរួចហើយដែលភាគច្រើនជាជំនួយនិងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលប្រទេសកម្ពុជាបានទទួលរួចហើយរួមមានវ៉ាក់សាំងស៊ីណូហ្វាមដែលឧបត្ថម្ភដោយរដ្ឋាភិបាលចិន វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២ លានដូសទិញពីប្រទេសចិន និងវ៉ាក់សាំងដែលត្រូវបានផ្តល់ដោយកម្មវិធី Covax ចំនួន ៣២៤ ០០០ដូស ពីអង្គការសុខភាពពិភពលោក។
បើតាមគម្រោង នៅក្នុងឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង ១០ លានដូស និង គ្រោងនឹងចាក់វ៉ាក់សាំងជូនដល់ប្រជាជនជាង ១០ លាននាក់។ ប្រទេសចិនត្រូវបានគេមើលឃើញថាជាអ្នកគាំទ្រដ៏សំខាន់ចំពោះប្រទេសកម្ពុជាដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងតាមរយៈការផ្គត់ផ្គង់វ៉ាក់សាំងនេះ ៕