តើអ្វីជាផលប្រយោជន៍រួម នៅពីក្រោយកិច្ចពិភាក្សារវាងចិន និងមេដឹកនាំក្រុមឧទ្ទាមតាលីបង់ ក្នុងក្រុងធានជីន?

0
59

ក្រោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោកស្រី Wendy Sherman ចាកចេញពីក្រុងធានជីន កាលពីសប្ដាហ៍មុន គណៈប្រតិភូរបស់ក្រុមឧទ្ទាមតាលីបង់ ក៏មកដល់ក្រុងនេះ ហាក់ដូចជាសារមួយបង្ហាញថា ក្រុងប៉េកាំងនឹងបង្កើតយុទ្ធសាស្ត្រផ្ទាល់ខ្លួន ជាមួយប្រទេសជិតខាង បន្ទាប់ពីបានហៅគោលនយោបាយអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថានថា បរាជ័យ។ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយក្នុងអំឡុងនៃកិច្ចពិភាក្សា ជាមួយគណៈប្រតិភូដឹកនាំដោយក្រុមតាលីបង់លោក Mullah Abdul Ghani Baradar ថា៖ «តាលីបង់នៅអាហ្វហ្គានីស្ថាន គឺជាកម្លាំងយោធា និងនយោបាយដ៏សំខាន់នៅក្នុងប្រទេស ហើយទំនងជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការនៃការផ្សះផ្សា និងការកសាងឡើងវិញនៅអាហ្វហ្គានីស្ថាន»។ លោកបន្តថា ជំហរផ្លូវការរបស់ចិនលើបញ្ហាអាហ្វហ្គានីស្ថាន គឺប្រកាន់ខ្ជាប់នូវគោលការណ៍ «កម្មសិទ្ធិរបស់អាហ្វហ្គានីស្ថាន និងដឹកនាំដោយអាហ្វហ្គានីស្ថាន» និងប្រឆាំងការជ្រៀតជ្រែកពីកងកម្លាំងបរទេស។ «ការដកទ័ពអាមេរិក និងណាតូ គឺជាមូលដ្ឋាននៃការបរាជ័យនៃគោលនយោបាយអាមេរិក ចំពោះអាហ្វហ្គានីស្ថាន»។ លោក Gu Dingguo អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ East China Normal ដែលមានឯកទេសក្នុងការសិក្សាអំពីប្រទេសជិតខាងរបស់ចិន បាននិយាយថា៖ «តាលីបង់ គឺជាកម្មវត្ថុចម្បង ដែលចិនចង់រក្សាស្ថិរភាពនៅក្នុងកិច្ចចរចាផ្សះផ្សាជាតិនៅអាហ្វហ្គានីស្ថាន ព្រោះមានសារៈសំខាន់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ក្រុងប៉េកាំង ដែលជាផែនទីបង្ហាញផ្លូវឆ្លងកាត់អាស៊ីកណ្តាល»។ លោកបន្ថែមថា៖«ភាពច្របូកច្របល់នៃអាហ្វហ្គានីស្ថានទៅកាន់ប្រទេសដទៃទៀតនៅក្នុងតំបន់នឹងបង្កការគំរាមកំហែងយ៉ាងខ្លាំង ដល់ចក្ខុវិស័យ នេះ»។ គេមើលឃើញថា ប្រទេសចិនបានចំណាយពេលវេលា និងលុយកាក់ជាច្រើន ក្នុងការព្យាយាមបង្ហាញខ្លួនក្នុងនាមជាពលរដ្ឋល្អដល់ពិភពលោក ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឡើងធ្វើជាមេដឹកនាំអន្តរជាតិ ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងនយោបាយអន្តរជាតិ។ តាមភូមិសាស្ត្រនយោបាយ ការចាប់ដៃគូ ជាមួយក្រុមតាលីបង់ គឺអាចជាសក្តានុពលក្នុងការអភិវឌ្ឍសម្រាប់ប្រទេសចិន ដោយអាហ្វហ្គានីស្ថានមានព្រំប្រទល់ជាប់ខ្លួន។ គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន គឺពាក់ព័ន្ធនឹងច្រករបៀងសេដ្ឋកិច្ចធំៗ ចំនួន ៦ ក្នុងនោះ មានគម្រោង២ ឆ្លងកាត់អាស៊ីកណ្តាល ដែលជាច្រករបៀងសេដ្ឋកិច្ចចិន-អាស៊ី កណ្តាល-អាស៊ីខាងលិច និងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន(CPEC) ដែលអាចផ្តល់ឱ្យប្រទេសចិននូវផ្លូវ សម្រាប់ដឹកប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ា ហើយក្រុងប៉េកាំងក៏បានអំពាវនាវឱ្យមានការពង្រីកផ្លូវដ៏សំខាន់ ដើម្បីរួមបញ្ចូលអាហ្វហ្គានីស្ថាន។ យោងតាមលោក Richard Ghiasy ជាសមាជិកជាន់ខ្ពស់នៅមជ្ឈមណ្ឌលអាស៊ីកណ្ដាល នៅប្រទេសហូឡង់ ការចូលរួមរបស់ចិនជាមួយក្រុមឧទ្ទាមតាលីបង់ គឺបម្រើផលប្រយោជន៍របស់ភាគីទាំង ២។ លោកនិយាយថា៖ « ប្រទេសចិនបានដឹងយ៉ាងច្បាស់ថា មិនអាចមានសន្តិភាព ប្រកបដោយនិរន្តរភាពនៅអាហ្វហ្កានីស្ថាន ដោយគ្មានតួនាទីនយោបាយសម្រាប់ពួកតាលីបង់ឡើយ។ ២០ឆ្នាំហើយ ដែលអាមេរិកចំណាយលុយរាប់លានដុល្លារ និងយោធាដ៏ធំ តែនៅតែមិនអាចកំចាត់ពួកតាលីបង់បាន»។ លោកបន្ថែមថាសម្រាប់ក្រុមតាលីបង់ ការចូលរួម និងការទទួលស្គាល់ពីប្រទេសចិន គឺជាការជំរុញឱ្យមានភាពស្របច្បាប់របស់ខ្លួន។ កាលពីដើមខែកក្កដា អ្នកនាំពាក្យតាលីបង់លោក Suhail Shaheen បានហៅប្រទេសចិនថា ជា«មិត្តដែលរាក់ទាក់» ហើយបានប្តេជ្ញាការពារវិនិយោគិន និងកម្មករចិននៅអាហ្វហ្គានីស្ថាន ដោយខ្លួននឹងមិនអនុញ្ញាតឱ្យយុទ្ធជនផ្តាច់ខ្លួនអ៊ុយហ្គួររបស់ចិនប្រើអាហ្វហ្គានីស្ថាន ជាកន្លែងមានសុវត្ថិភាពរបស់ខ្លួននោះទេ។ លោក Derek Grossman អ្នកវិភាគជាន់ខ្ពស់ផ្នែកការពារជាតិនៃអង្គការ Rand Corporation បាននិយាយថា ហេតុផលមួយ ដែលធ្វើឱ្យពួកតាលីបង់មានទំនាក់ទំនងជាមួយចិន គឺដោយសារតែក្រុមនេះ មិនចង់ឱ្យក្រុងប៉េកាំងរួបរួមជាមួយប្រទេសមហាអំណាច ឬ ប្រទេសផ្សេងទៀត ដូចជា ប៉ាគីស្ថាន ក្នុងគោលបំណងទប់ទល់ខ្លួន៕ South China Morning Post

LEAVE A REPLY

Please enter your comment!
Please enter your name here