បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបាននឹងកំពុងជួសជុលកែលម្អផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតដល់មុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន ៦,៣៦៨ម៉ែត្រ ដោយចែកជា ៣កំណាត់ ដើម្បីធ្វើអោយផ្លូវមានសោភណ្ឌស្អាត និងងាយស្រួលធ្វើចរាចរណ៍ និងទាក់ទាញអ្នកទេសចរណ៍។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមនៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះថា កំណាត់ផ្លូវដែលបានជួសជុសទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង២,១២២ ម៉ែត្រ។
កំណាត់ផ្លូវបានជួសជុលទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២,១២៣ម៉ែត្រ និងកំណាត់ផ្លូវទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង ២,១២៣ ម៉ែត្រ សរុបមានប្រវែងចំនួន ៦,៣៦៨ម៉ែត្រ។ លោកបានបន្ដថា ផ្លូវនេះជាផ្លូវកៅស៊ូ អ៊ុតបេតុងអេស៊ី ដែលការងារនេះរួមមានការពង្រីកស្មាផ្លូវសងខាង និងមានទំហំ៦ ម៉ែត្រ ហើយជាផ្លូវ មានសំខាន់ខ្លាំងនៅក្នុងរមនីយដ្ឋាន ដែលស្ដារឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ លោកបន្ដថា ផ្លូវដែលបានជួសជុល និងកែលំអនេះ ធ្វើឡើងបានជាងមួយខែមកហើយ ។ (..សំឡេង លោក យិត ចាន់ដារដ្ឋ ០១….)។
បើតាម លោកយិត ចាន់ដារដ្ឋ លើកឡើងថា ការស្ដារ និងកែលំអកំណាត់ផ្លូវទាំងបីនេះ ដោយគម្រោងប្រើប្រាស់ថវិការាជរដ្ឋាភិបាល តាមរយ:មូលនិធិ អភិរក្សនិងអភិវឌ្ឍន៍ ដែលលោកបញ្ជាក់ថា ផ្លូវសំខាន់ៗនៅក្នុងរមណីយអង្គរ និងបានល្អប្រសើរទាំងស្រុង នៅចុងឆ្នាំ២០២១ ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្ដរជាតិក្រោយបញ្ចប់ជំងឺកូវីដ-១៩ ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឱ្យប្រសើរ៕