អគារថ្មីមួយនៅប្រទេសរុស្ស៊ី ត្រៀមនឹងឆក់យកតំណែងជា អគារខ្ពស់ជាងគេទី ២ នៅលើពិភពលោក ជំនួស សៀងហៃ ថៅវើ (Shanghai Tower)

0
227

ថ្មីៗនេះក្រុមហ៊ុនស្ថាបត្យកម្មស្កុតឡេនឈ្មោះ ខេតថេល ខឡិចធីវ (Kettle Collective) ដែលមានទីស្នាក់ការនៅទីក្រុងអេឌីនប៊ឺគ (Edinburgh) បានបង្ហាញប្លង់ អគារខ្ពស់កប់ពពក ដ៏គួរឱ្យចាប់អារម្មណ៍ដែលនឹងត្រូវសាងសង់នៅទីក្រុង សាំងភីធឺប៊ឺគ (St. Petersburg) ក្នុងប្រទេសរុស្ស៊ី។

អគារខ្ពស់កប់ពពកនេះមានឈ្មោះថា ឡាក់តា សិនធឺ ធូ (Lakhta Centre II) នឹងឈរនៅជាយក្រុងសាំងភីធឺប៊ឺគ (St. Petersburg) ជាប់នឹងអគារ ឡាក់តា សិនធឺ (Lakhta Center) ដើម ដែលបច្ចុប្បន្នជាអគារខ្ពស់ជាងគេនៅទ្វីបអឺរ៉ុបដែលមានកម្ពស់ ៤៦២ ម៉ែត្រ និងជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនថាមពល ហ្គាសប្រុម (Gazprom) របស់ប្រទេសរុស្ស៊ី។

អគារ ឡាក់តា សិនធឺ ធូ (Lakhta Centre II) នឹងឈរនៅកម្ពស់ ៧០៣ ម៉ែត្រខណៈអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកឈ្មោះអគារប៊ឺច ខាលីហ្វា (Burj Khalifa) ដែលស្ថិតនៅក្នុងទីក្រុងឌូបៃ មានកម្ពស់ ៨៣០ ម៉ែត្រ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន Kettle Collective។ អគារនេះនឹងឆក់យកតំណែង អគារខ្ពស់ជាងគេទី ២ បច្ចុប្បន្នគឺសៀងហៃ ថៅវើ (Shanghai Tower) មានកម្ពស់ ៦៣២ ម៉ែត្រ។ វានឹងខ្ពស់ជាងទ្វេដង នៃអគារស្យាដ (Shard) របស់ចក្រភពអង់គ្លេសដែលមានកម្ពស់ ៣១០ ម៉ែត្រ ហើយវាក៏យកតំណែងជាអគារខ្ពស់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសរុស្ស៊ីផងដែរ។

លោក តូនី ខេតថេល (Tony Kettle) ដែលបានបង្កើតក្រុមហ៊ុនស្ថាបត្យកម្មផ្ទាល់ខ្លួនរបស់គាត់ឈ្មោះខេតថេល ខឡិចធីវ (Kettle Collective) ក្នុងឆ្នាំ ២០១២ គឺជាអ្នកដឹកនាំគម្រោងអគារ ឡាក់តា សិនធឺ ធូ (Lakhta Centre II)។ ហើយលោកក៏ជាអ្នកដែលបានឌីហ្សាញ អគារ ឡាក់តា សិនធឺ (Lakhta Center) ក្នុងឆ្នាំ ២០០៦ កំឡុងពេលដែលលោកធ្វើការនៅក្រុមហ៊ុនស្ថាបត្យកម្ម RMJM ផងដែរ។

លោកខេតថេល បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ អគារ ឡាក់តា សិនធឺ ថ្មីនឹងក្លាយជាអគារគំរូថ្មីមួយនៃការរចនាម៉ូដប្រកបដោយនិរន្តរភាពសម្រាប់គម្រោងសាងសង់អគារខ្ពស់ៗផ្សេងទៀតនៅលើពិភពលោក។

លោកខេតថេល បានបន្ថែមថា៖ ការរចនាគឺមានទាំងសោភ័ណភាពនិងមុខងារព្រោះវានឹងកាត់បន្ថយកម្លាំងខ្យល់យ៉ាងច្រើនដែលនឹងប៉ះពាល់ដល់រចនាសម្ពន្ធ័អគារ។ ការកាត់បន្ថយសម្ពាធពីកម្លាំងខ្យល់នេះក៏បើកឱកាសឱ្យការសាងសង់កាត់បន្ថយធាតុផ្សំជាច្រើនក្នុងការបង្កើតអគារផងដែរតែនៅរក្សាគុណភាពនិងផ្តល់នូវសុវត្ថិភាពទៅដល់តួអគារទាំងមូលដដែល។

អគារ ឡាក់តា សិនធឺ ធូ (Lakhta Centre II) នឹងប្រើប្រាស់ថាមពលទាបបំផុតហើយនឹងយកទៅប្រើប្រាស់ចម្រុះគ្នាដែលនឹងបង្កើតបានជាកន្លែងដ៏រស់រវើកមួយអាចបើកជាការិយាល័យការងារ មជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម កន្លែងសម្រាកលំហែកម្សាន្ត កន្លែងស្នាក់នៅ ដែលបំពេញតម្រូវការ «រស់នៅ ធ្វើការ និងលេង» ដែលប្រើប្រាស់អគាររហូតដល់ទៅ ១៥០ជាន់។

គួរបញ្ជាក់ផងដែរថា អគារ ឡាក់តា សិនធឺ ធូ (Lakhta Centre II) មានទម្រង់ជាកញ្ចក់រលោង ដែលមាននៅក្នុងគ្រោងឆ្អឹងដែក ដោយស្រទាប់ខាងក្រៅនៃអគារត្រូវបានបង្កើតឡើងពីសសរ ជាច្រើនវិលរមួលចូលគ្នា។ ការសាងសង់អាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២២ ដោយនឹងបញ្ចប់នាឆ្នាំ ២០២៤ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here