ព្រឹត្តិការណ៍រលាយផ្ទាំងទឹកកកដ៏ធំនៅផ្ទាំងទឹកកកហ្គ្រីនលែនកើតឡើង ក្នុងអំឡុងពេលរលកកម្តៅនៅតំបន់នេះ មានសីតុណ្ហភាពក្ដៅលើសពីធម្មតា ១០ អង្សា (គិតតាមបទដ្ឋានតាមរដូវ)។ នេះបើយោងតាមអ្នកស្រាវជ្រាវជនជាតិដាណឺម៉ាក។ បើយោងតាមសារព័ត៌មាន CNA ចាប់តាំងពីថ្ងៃ២៩ ខែកក្កដា ផ្ទាំងទឹកកកគ្របដណ្តប់លើទឹកដីអាកទិកដ៏ធំបានរលាយប្រហែល ៨ ពាន់លានតោន ក្នុង ១ថ្ងៃ ដែលជាអត្រាមធ្យមទ្វេដងក្នុងរដូវក្តៅ។ នេះបើតាមគេហទំព័រ Polar Portal ដែលគ្រប់គ្រងដោយអ្នកស្រាវជ្រាវជនជាតិដាណឺម៉ាក។ វិទ្យាស្ថានឧតុនិយមដាណឺម៉ាក បានរាយការណ៍ថា សីតុណ្ហភាពលើសពី ២០ អង្សាសេ មានន័យថា ច្រើនជាង ២ដងនៃសីតុណ្ហភាពរដូវក្តៅធម្មតា នៅភាគខាងជើងហ្គ្រីនលែនហើយ។ អាកាសយានដ្ឋានNerleritInaat នៅភាខាងឦសាននៃទឹកដីប្រទេសនេះ បានសង្កេតឃើញ សីតុណ្ភភាពកើនដល់ ២៣,៤ អង្សា កាលពីថ្ងៃព្រហស្បតិ៍ ដែលជាកំណត់ត្រាខ្ពស់បំផុត ចាប់តាំងពីពេលគេចាប់ផ្តើមសង្កេតមក។ ជាមួយនឹងរលកកម្តៅ ដែលប៉ះពាល់ដល់តំបន់ហ្គ្រីនលែន ភាគច្រើននៅថ្ងៃនោះ គេហទំព័រ Polar Portal បានរាយការណ៍អំពី «ព្រឹត្តិការណ៍រលាយដ៏ធំ» មិនធ្លាប់មានដែលធ្វើឱ្យគ្របដណ្តប់រដ្ឋហ្វ្លរីដា ធ្វើឱ្យកម្ពស់ទឹកកើនខ្ពស់ជាងមុន៥ សង់ទីម៉ែត្រ៕ AFP