ប្រជាជនចិនរាប់លាននាក់ ត្រូវស្ថិតក្រោមការបិទខ្ទប់ ដោយសាររលកឆ្លងនៃមេរោគ «ដែលតា»

0
46

ប្រទេសចិន កាលពីថ្ងៃចន្ទ បានរាយការណ៍អំពីការឆ្លងកូវីដ១៩ ក្នុងស្រុកថ្មី ចំនួន ៥៥ ករណី ស្របពេលដែលការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បង្កឡើងដោយមេរោគដែលតា បានឆ្លងយ៉ាងលឿនចូលទៅដល់ក្រុងជាង ២០ និងខេត្តជាង ១២។ នៅតាមទីក្រុងធំៗជាច្រើន រួមទាំង ទីក្រុងប៉េកាំងផង ខណៈតម្រូវឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទះក្រោមបម្រាមបិទខ្ទប់ជាថ្មី អាជ្ញាធរចិនក៏បានចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរកកូវីដ ១៩ ផងដែរ លើប្រជាជនចំនួនរាប់លាននាក់។ ក្នុងទីក្រុង Zhuzhou នៃខេត្តហ៊ូណាន រដ្ឋអំណាចមូលដ្ឋានបានចេញបទបញ្ជាឲ្យប្រជាជនជាង ១ លាន ២ សែននាក់ ត្រូវស្ថិតនៅក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរឹង នៅរយៈពេល ៣ថ្ងៃខាងមុខ។ ហើយការធ្វើតេស្ត និងកម្មវិធីចាក់ថ្នាំវ៉ាក់សាំងនៅទូទាំងក្រុង ក៏ត្រូវចាប់ផ្តើមធ្វើផងដែរ។ រដ្ឋអំណាចក្រុង Zhuzhou បាននិយាយថា ការឆ្លងរីករាលដាលកូវីដ១៩ បង្កឡើងដោយមេរោគបំប្លែងខ្លួនដែលតា នៅតែមានសភាពធ្ងន់ធ្ងរ និងស្មុគស្មាញ។ ចំណែក ប៉េកាំងដែលជាទីក្រុងទទួលបាន ជោគជ័យក្នុងការគ្រប់គ្រងកូវីដ១៩ និងអាចបើកសេដ្ឋកិច្ចឲ្យដំណើរវិញបាននោះ ក៏កំពុងប្រឈមនឹងរលកឆ្លងកូវីដ១៩ ជាថ្មីដែរ។ សង្កាត់មួយក្នុងក្រុងប៉េកាំងត្រូវបានបិទខ្ទប់ តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រោយពីរកឃើញករណីវិជ្ជមានកូវីដ១៩ ជាលើកដំបូងភ្លាម ហើយប្រជាជននៅប៉េកាំង ក៏ត្រូវចាប់មានកាតព្វកិច្ច ពាក់ម៉ាស់វិញដែរ។ ទីក្រុងទេសចរណ៍ Zheangjiajie ដែលស្ថិតនៅក្បែរក្រុង Zhuzhou ករណីឆ្លងកូវីដ១៩ បានផ្ទុះឡើងកាលពីខែមុន ក្នុងចំណោមអ្នកទៅរោងល្ខោន ហើយបន្ទាប់មកទៀត រលកឆ្លងក៏បន្តរីករាលដាលធំឡើង។ ដើម្បីទប់ស្កាត់ខ្សែចម្លងមេរោគរាតត្បាតនេះ អាជ្ញាធរបានឲ្យអ្នកស្រុកទាំងអស់ចំនួនប្រមាណ ១ លាន ៥ សែននាក់ ស្នាក់នៅតែក្នុងផ្ទះ ចាប់តាំងពីថ្ងៃសុក្រ ទី៣០ ខែកក្កដាមក។ មន្រ្តីចិនកំពុងខំស្វះស្វែង រកជាបន្ទាន់ នូវប្រជាជនដែលទើបតែធ្វើដំណើរមកពីក្រុងណានជីង ឬ Zheangjiajie ជាទីដែលមានករណីឆ្លងថ្មីផ្ទុះឡើង។ ក្រៅពីនេះ អាជ្ញាធរចិនក៏បានជំរុញផងដែរ កុំឲ្យអ្នកទេសចរធ្វើដំណើរទៅកាន់តំបន់ដែល មានការឆ្លងរីករាលដាលកូវីដ១៩៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here