អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀរ និងលោក អាន់វ៉ា ត្រលប់មកចាប់ដៃ គ្នា ដើម្បីទម្លាក់នាយករដ្ឋមន្ត្រីថ្មី

0
30

សម័យប្រជុំសភាថ្ងៃចុងក្រោយ កាលពីថ្ងៃចន្ទ ទី២ ខែសីហា ត្រូវបានលុបចោលទៅវិញ ដោយហេតុតែរកឃើញករណីវិជ្ជមានកូវីដ១៩ ក្នុងចំណោមតំណាងរាស្ត្រ។ ប៉ុន្តែក្រុមប្រឆាំង និងក្រុមប្រជែងបានចោទលោកនាយករដ្ឋមន្ត្រី ម៉ូយីដឌីន យ៉ាស៊ីន ថា កំពុងប្រើកូវីដ១៩ ជាលេស ដើម្បីកុំឱ្យសភាបោះឆ្នោតដកទំនុកចិត្តពីរដ្ឋាភិបាលលោកទាន់។ ប្រឈមនឹងស្ថានភាពបែបនេះ លោក មហាធៀរ មហាម៉ាត់ ដែលធ្លាប់ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីដល់ទៅ ២ដង និងលោក អានវ៉ា អ៊ីប្រាហ៊ីម ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់ដែរបានសម្រេចនាំមុខសមាជិកសភាជាងមួយរយនាក់ ដើរដង្ហែក្បួនបាតុកម្មសំដៅទៅសភា។ បាតុករតំណាងរាស្ត្រដែលស្រែកទាមទារឱ្យនាយករដ្ឋមន្ត្រីលោក ម៉ូយីនឌីន យ៉ាស៊ីន ចុះចេញពីតំណែង ត្រូវរារាំងដោយប៉ូលិស និងបំបែកហ្វូងដោយសន្តិវិធី មុនទៅដល់រដ្ឋសភា។ លោក មហាធៀរ បានមានប្រសាសន៍ថា “ប្រជាពលរដ្ឋថ្កោលទោសហើយ នៅតែបដិសេធមិនចុះចេញពីតំណែងទៀត”។ ចំណែកលោក អានវ៉ា វិញ បានប្រកាសថា “រដ្ឋាភិបាលបច្ចុប្បន្នបាត់ភាពជាអ្នកដឹកនាំប្រទេសស្របច្បាប់ទៀតហើយ ព្រោះពុំមានសំឡេងគាំទ្រភាគច្រើននៅក្នុងសភាទៀតទេ”។ សូមបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ម៉ូយីដឌីន យ៉ាស៊ីន រងសម្ពាធកាន់តែខ្លាំងឡើងៗ បន្ទាប់ពីរងការស្តីបន្ទោសពីព្រះ មហាក្សត្រថា បានបន្លំសភា ប្រជាពលរដ្ឋម៉ាឡេស៊ីជាច្រើនបានចុះធ្វើបាតុកម្មទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។ បាតុកម្មកាលពីថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ជាករណីដ៏កម្រមួយស្រាប់ទៅហើយ ហើយការដែលអតីតនាយករដ្ឋមន្ត្រី មហាធៀរ និងលោក អានវ៉ា កាន់ដៃគ្នាចូលធ្វើបាតុកម្ម និងគាំទ្របាតុកម្ម ដែរ ក៏ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយទៀត ព្រោះបុរសខ្លាំងទាំងពីរ ធ្លាប់ជាគូប្រជែងនយោបាយតានតឹងនឹងគ្នាខ្លាំងណាស់។ កាលពីឆ្នាំ១៩៩០ ក្នុងអាណត្តិជានាយករដ្ឋមន្ត្រីជាលើកដំបូង លោក មហាធៀរ មហាម៉ាត់ ធ្លាប់បានដកលោក អានវ៉ា ពីរដ្ឋាភិបាល ព្រមទាំងបានចាប់ទៅឃុំឃាំងពីបទប្រព្រឹត្តអំពើអនាចារផ្លូវភេទជាមួយបុរស និងចោទប្រកាន់ថា បានរំលោភអំណាចទៀត។ បុរសខ្លាំងទាំងពីរបានចងសម្ព័ន្ធភាពគ្នាវិញ រហូតបានទទួលជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងសម័យបោះឆ្នោតសភានៅឆ្នាំ២០១៨ ប៉ុន្តែឈ្នះឆ្នោតរួច ក៏ឈ្លោះគ្នាទៀត៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here