ក្នុងកាលៈទេសៈដែលមេរោគកូវីដ១៩ បំប្លែងខ្លួនឆ្លងរាតត្បាតពិភពលោក តម្លៃវ៉ាក់សាំងកើនឡើងក្រឺតៗ

0
89

នៅក្នុងការចុះផ្សាយកាលពីថ្ងៃអាទិត្យ កាសែត Finacial Times បានសរសេរថា ក្រុមហ៊ុនផលិតវ៉ាក់សាំង ដូចជា Pfizer និង Moderna នឹងដំឡើងថ្លៃវ៉ាក់សាំងបង្ការកូវីដ១៩ នៅក្នុងក្របខ័ណ្ឌផ្គត់ផ្គង់វ៉ាក់សាំង សម្រាប់សហភាពអឺរ៉ុប។ វ៉ាក់សាំងបង្ការកូវីដ១៩ របស់ក្រុមហ៊ុន Pfizer នឹងឡើងថ្លៃ ៤ អឺរ៉ូ ពី ១៥,៥ ទៅ ១៩,៥ អឺរ៉ូ ចំណែកថ្នាំបង្ការកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក Moderna នឹងឡើងថ្លៃពី ១៩ ទៅ ២៥,៥អឺរ៉ូ។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃចន្ទ រដ្ឋលេខាធិការរដ្ឋបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុបលោក Clément Beaune បាននិយាយប្រាប់ឲ្យគេប្រយ័ត្នប្រយែងពីការចុះផ្សាយតម្លៃវ៉ាក់សាំង ព្រោះថា អ្វីៗកំពុងស្ថិតនៅក្នុងដំណាក់កាលចរចានៅឡើយ គឺនៅមិនទាន់ដឹងតម្លៃពិតប្រាកដចុងក្រោយនោះទេ។ លោកបានទទួលស្គាល់ថា តម្លៃវ៉ាក់សាំងនៅក្នុងកិច្ចសន្យាផ្គត់ផ្គង់នាពេលខាងមុខ ប្រាកដជាឡើងថ្លៃ ព្រោះភាគីអឺរ៉ុបបានទាមទារដាក់លក្ខខណ្ឌមួយចំនួនជាមួយក្រុមហ៊ុន ដូចជា អនាគតវ៉ាក់សាំងបង្ការកូវីដ១៩ ត្រូវមានប្រសិទ្ធិភាពសម្របខ្លួនជាមួយមេរោគបំប្លែងខ្លួន មួយផ្នែកធំនៃផលិតកម្មថ្នាំបង្ការកូវីដ១៩ ត្រូវធ្វើឡើងនៅទឹកដីអឺរ៉ុប។ លើសពីនោះ ក្រុមហ៊ុនត្រូវផ្គត់ផ្គង់ឲ្យទៀងទាត់ពេលវេលា ឬ ត្រូវប្រឈមនឹងការបង់សងថ្លៃខូចខាតក្នុងករណីយឺតយ៉ាវក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។ ការសិក្សាមួយចំនួនដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានបារាំង AFP បានបង្ហាញថា វ៉ាក់សាំងរបស់ក្រុម Pfizer និង Moderna ដែលផលិតតាមបច្ចេកវិទ្យាថ្មី mRNA មានប្រសិទ្ធិភាពខ្ពស់ទៅលើមេរោគបំប្លែងខ្លួន “ដែលតា” ដែលមានវត្តមានដំបូងនៅឥណ្ឌា។ គេវាយតម្លៃថា ជាមួយនឹងការកើនឡើងវិញនៃករណីឆ្លងជំងឺកូវីដ១៩ ដែលបង្កឡើងដោយមេរោគបំប្លែងខ្លួន និងការបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក បរិមាណលក់វ៉ាក់សាំងបង្ការកូវីដ១៩ របស់ក្រុមហ៊ុន Pfizer រួមជាមួយមន្ទីរពិសោធន៍អាល្លឺម៉ង់ BioNtech និងក្រុមហ៊ុន Moderna ស្ទុះឡើងលឿនខ្លាំងដែរនៅឆ្នាំនេះ។ នៅក្នុងឱកាសបង្ហាញលទ្ធផលហិរញ្ញវត្ថុ កាលពីថ្ងៃពុធសប្តាហ៍មុន អគ្គនាយកក្រុមហ៊ុន Pfizer បានអះអាងថា រួមជាមួយមន្ទីរពិសោធន៍អាល្លឺម៉ង់ BioNtech ក្រុមហ៊ុនមានកិច្ចសន្យាទិញវ៉ាក់សាំង សរុប ២ពាន់លានដូស។ កិច្ចសន្យាទិញចុងក្រោយ មានពីខាងអាមេរិក ដែលបានកុម្ម៉ង់ទិញវ៉ាក់សាំងបន្ថែម ២០០លានដូស ទៀត សម្រាប់ប្រជាជនអាមេរិក។ ក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩ នៅតែរាតត្បាតពិភពលោក ពីមួយខែទៅមួយខែ ប្រាក់ចំណូលរបស់ក្រុមហ៊ុនដែលបានមកពីការលក់វ៉ាក់សាំងបង្ការកូវីដ១៩ កាន់តែកើនឡើង ជាពិសេស ក្រុមហ៊ុនអាមេរិក Pfizer ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ដែលបានមកពីវ៉ាក់សាំងកើនឡើងដល់ជាង ៣៣ពាន់លានដុល្លារ។ នៅខែឧសភា ក្រុមហ៊ុន Moderna បានបង្ហាញប្រាក់ចំណូល ដែលបានមកពីការលក់វ៉ាក់សាំងប្រមាណ ១៩ ពាន់លានដុល្លារ ចំណែក ក្រុមហ៊ុនអាមេរិកបានព្យាករថា ខ្លួនអាចរកចំណូលជាង ២,៥ពាន់លានដុល្លារ សម្រាប់ការលក់វ៉ាក់សាំង នៅឆ្នាំ២០២១៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here