រដ្ឋបាលលោក បៃដិន គ្រោងនឹងបង្កើតវត្តមានជាថ្មីនៅទ្វីបអាហ្វ្រិក ក្រោយចិនពង្រីកឥទ្ធិពលអស់ជាច្រើនឆ្នាំ

0
71

សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ចូ បៃដិន មានគម្រោងបង្កើតវត្តមានរបស់ខ្លួននៅទ្វីបអាហ្វ្រិកឡើងវិញ ខណៈការមិនយកចិត្តទុកដាក់នឹងតំបន់នេះ អស់រយៈពេលជាច្រើនឆ្នាំហើយ បន្ទាប់ពីចិនបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសនៅអាហ្វ្រិកបន្តិចម្ដងៗ រហូតក្លាយទៅជាដៃគូសេដ្ឋកិច្ចដ៏ធំមួយ។ ចាប់តាំងពីឆ្នាំ២០០០ មក ចិនបានរៀបចំវេទិកាកិច្ចសហប្រតិបត្តិការ ចិន-អាហ្វ្រិក (FOCAC) ដើម្បីលើកទឹកចិត្តឱ្យអ្នកជំនួញចិន ទៅធ្វើជំនួញនៅទ្វីបអាហ្វ្រិក។ លុះមកដល់ឆ្នាំ២០០៩ ចិនបានវ៉ាដាច់អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិក។ ខណៈវត្តមានសេដ្ឋកិច្ចចិនកាន់តែកើនឡើង វត្តមានសេដ្ឋកិច្ចរបស់អាមេរិកកាន់តែធ្លាក់ចុះយ៉ាងគំហុក។ ក្រោយពេលដែលលោក ស៊ី ជីនភីង ប្រកាសបង្កើតគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ឥទ្ធិពលរបស់ចិនទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយបានកើនឡើងក្នុងកម្រិតខ្ពស់មួយ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានសាងសង់ឡើង ក្រោមជំនួយ និងកម្ចីរបស់ចិន ចាប់តាំងពីកំពង់ផែនៅប្រទេសម៉ូរីតានី ដែលនៅភាគខាងលិចអាហ្វ្រិក រហូតដល់ផ្លូវរថភ្លើង នៅប្រទេសកេនយ៉ា និងទំនប់វារីអគ្គិសនីនៅប្រទេសអេត្យូពី។ យោងតាមទិន្នន័យរបស់គំនិតផ្ដួចផ្ដើមស្រាវជ្រាវ ចិន-អាហ្វ្រិករបស់សាកលវិទ្យាល័យ Johns Hopkins University កំណើនវិនិយោគចិននៅអាហ្វ្រិក ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩ មានរហូតដល់ទៅ ១០៦,៧ ពាន់លានដុល្លារអាមេរិក។ ជាមួយនឹងគម្រោងចិនជាច្រើនលូតលាស់ និងដុះពន្លកនៅក្នុងទ្វីបអាហ្វ្រិក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken កាលពីចុងខែមេសាកន្លងទៅ បានព្រមានសិស្ស-និស្សិតមកពីប្រទេសអាហ្វ្រិកឱ្យប្រុងប្រយ័ត្នពីអន្ទាក់បំណុល និងការអភិវឌ្ឍដោយមិនមានចីរភាពរបស់ប្រទេសចិន។ ក្រៅពីការវាយប្រហារដោយប្រយោលតាមរយៈពាក្យសម្ដី អាមេរិកបានបង្កើនការវិនិយោគជាថ្មីឡើងវិញទៅកាន់ទ្វីបអាហ្វ្រិក ជាមួយនឹងគម្រោងធំៗ ចំនួន ២ ដែលអាមេរិកបានប្រកាសនៅពេលថ្មីៗនោះ គឺគម្រោងកសាងពិភពលោកឱ្យមានភាពប្រសើរឡើងវិញ (B3W) និងគម្រោងអាហ្វ្រិករីកចម្រើន (Prosper Africa)។ ប៉ុន្តែអ្នកវិភាគជាច្រើនយល់ថា អាមេរិកអាចពិបាកតាមទាន់ចិនណាស់ លើផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ លោក Justus Nam បេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យ Lancaster ចក្រភពអង់គ្លេស បានប្រាប់សារព័ត៌មាន South China Morning Post ថា នយោបាយក្នុងស្រុកអាមេរិកអាចនឹងរារាំងដល់ការប្ដេជ្ញាចិត្តរបស់អាមេរិកនៅទ្វីបអាហ្វ្រិក។ លោកបាននិយាយថា៖ «នៅពេលដែលមានការបោះឆ្នោតរើសសមាជិកសភាពាក់កណ្ដាលអាណត្តិ នៅឆ្នាំ២០២២ គណបក្សកាន់អំណាចច្រើនតែបាត់បង់អាសនៈនៅក្នុងសភា ហើយបើគណបក្សសាធារណរដ្ឋឡើងកាន់កាប់នៅសភា ខ្ញុំគិតថា ពួកគេនឹងមិនបញ្ចេញកញ្ចប់ថវិកាមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅអាហ្វ្រិកនោះទេ»។ សាស្ត្រាចារ្យនៅសាលាកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ ចច វ៉ាស៊ីនតោន លោក David Shinn បាននិយាយថា ខណៈ គម្រោងរបស់អាមេរិកពឹងផ្អែកខ្លាំងលើវិស័យឯកជននោះ វាអាចនឹងពិបាកគ្រប់គ្រងជាជាងគម្រោងរបស់ចិន ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ លោក W. Gyude Moore អតីតរដ្ឋមន្ត្រីសាធារណការប្រទេសលីបេរីយ៉ា លើកឡើងថា គំនិតផ្ដួចផ្ដើម ដូចជា B3W និងគម្រោងអាហ្វ្រិករីកចម្រើន បើធ្វើយ៉ាងណាឱ្យស៊ីចង្វាក់ជាមួយនឹងគម្រោង BRI របស់ចិន៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here