មេដឹកនាំរបបសឹកភូមាសន្យារៀបចំបោះឆ្នោត នៅឆ្នាំ២០២៣

0
26

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យ ទី១ ខែសីហា ឧត្តមសេនីយ៍លោក មីន អ៊ុងឡាំង ជាប្រមុខដឹកនាំប្រទេស តាមរយៈការធ្វើរដ្ឋប្រហារកាលពី៦ខែមុន ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិល និងចាប់លោកស្រី អ៊ុងសានស៊ូជី ឃុំឃាំង បានចេញមុខមកធានាអះអាងដល់ប្រជាពលរដ្ឋភូមាថា រដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោតសភាជាថ្មី យ៉ាងយូរក្នុងខែសីហា ឆ្នាំ២០២៣ តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សេចក្តីប្រកាសនេះធ្វើឡើងតែមួយសប្តាហ៍  ក្រោយការប្រកាសលុបចោលលទ្ធផលបោះឆ្នោតសភា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសានស៊ូជី បានឈ្នះយ៉ាងត្រចះត្រចង់  ប៉ុន្តែសម្រាប់លោក មីន អ៊ុងឡាំង  បានបញ្ជាក់ជាថ្មីថា នៅក្នុងការបោះឆ្នោតនោះ មានការលួចបន្លំសន្លឹកឆ្នោត ចំនួនជាង ១១ លានករណី។ លោក មីន អ៊ុងឡាំង បានប្រកាសត្រៀមខ្លួនសហការជាមួយអាស៊ាន និងចរចាជាមួយអន្តរការីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលភូមាក៏ជាសមាជិកដែរ។ ប៉ុន្តែអាស៊ាននៅមិនទាន់រកឃើញថា តើនរណាអាចទទួលតួនាទីនេះ បាននៅឡើយទេ ក្រោយពីបានទទួលភារៈពីអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងចិនថា អាស៊ានជាតួអង្គដ៏សក្តិសមជាងគេក្នុងការទទួលខុសត្រូវ ស្វែងរកដំណោះស្រាយតាមផ្លូវនយោបាយ ស្តារស្ថិរភាពឱ្យភូមា។ បន្ទាប់ពីនិយាយមិនចុះសម្រុងគ្នា អស់រយៈពេលជាច្រើនខែ  និងក្រោមសម្ពាធថ្មីរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស ជាសមាជិកអាស៊ានទាំងអស់ ត្រូវជួបប្រជុំគ្នាជាថ្មី នៅថ្ងៃចន្ទ ទី២ ខែសីហានេះ  ដើម្បីសាកល្បងតែងតាំងអន្តរការីពិសេស ដែលត្រូវមានបន្ទុកទៅចរចាជាមួយរដ្ឋាភិបាលសឹកភូមាបច្ចុប្បន្ន គឺលោក  មីន អ៊ុងឡាំង ដើម្បីបិទបញ្ចប់អំពើហិង្សាក្នុងប្រទេសផង និងរកទំនុកចិត្តឱ្យរដ្ឋាភិបាលសឹក និងក្រុមបក្សប្រឆាំងបានចូលតុចរចាគ្នាផង។ កាលពីថ្ងៃអាទិត្យ  គេសង្កេតឃើញមានចលនាបាតុកម្មក្នុងទ្រង់ទ្រាយតូច នៅក្រុងកាលីភាគខាងលិចប្រទេស បាននាំគ្នាដើរដង្ហែលើកបដាគាំទ្រ លើកទឹកចិត្តដល់អ្នកទោសនយោបាយ  ដោយសារតែប្រជាពលរដ្ឋភូមាភាគច្រើនបង្ខំ ឬ ខ្លាចសំងំនៅតែក្នុងផ្ទះ បាក់ស្បាតលែងចង់ចេញធ្វើបាតុកម្មទៀត  ព្រោះខ្លាចការបង្ក្រាបរបស់កងកម្លាំងសន្តិសុខ ដែលក្នុងរយៈពេល ៦ខែ បានធ្វើឱ្យជនស៊ីវិល ៩៤០ នាក់ ស្លាប់ រាប់រយនាក់បាត់ខ្លួន  និងជាង ៥៤០០នាក់ នៅក្នុងពន្ធនាគារ ម្យ៉ាងទៀត គឺខ្លាចកូវីដ១៩ ដែលកំពុងការរាតត្បាតយ៉ាងខ្លាំង។ អង់គ្លេសដែលធ្លាប់ធ្វើអាណានិគមលើភូមា បានព្រមានប្រាប់អង្គការសហប្រជាជាតិថា ស្ថានភាពរាតត្បាតកូវីដ១៩ ធ្ងន់ធ្ងរខ្លាំងណាស់ នៅភូមា។ ប្រជាពលរដ្ឋភូមាពាក់កណ្តាល (២៧លាននាក់ ) អាចនឹងឆ្លងកូវីដ១៩ នៅ ពីរសប្តាហ៍ខាងមុខ។ ចំនួនមនុស្សស្លាប់ប្រចាំថ្ងៃ បានកើនឡើងជាលំដាប់ និងច្រើនជ្រុល រហូតដល់អាជ្ញាធរលែងចង់រាប់។ ឯសេវាសុខាភិបាលវិញ មានដំណើរការប្រមាណតែ ៤០% ប៉ុណ្ណោះ។ នេះបើតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ ព្រោះបុគ្គលិកពេទ្យមួយភាគធំបន្តធ្វើកូដកម្ម ខ្លះជាប់ដីកាតាមចាប់ខ្លួន ខ្លះរត់គេចខ្លួន និងខ្លះទៀតជាប់ឃុំស្រេចទៅហើយ។ អង្គការការពារសិទ្ធិមនុស្ស Human Rights Watch យល់ថា ស្ថានភាពនៅភូមាកំពុងធ្លាក់ក្នុងភាពបន្ទាន់ខ្លាំង តម្រូវឱ្យមានជំនួយ និងអន្តរាគមន៍អន្តរជាតិបន្ទាន់ដែរ បើពុំនោះទេភូមានឹងធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមួយទៀត គឺវិបត្តិមនុស្សធម៌ និងការខ្វះស្បៀងអាហារ ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here