ពួកតាលីបង់សម្រុកវាយប្រហារលើទីក្រុងគន្លឹះរបស់អាហ្វហ្កានីស្ថាន

0
156

ព្រលានយន្តហោះនៅទីក្រុង Kandahar ភាគខាងត្បូងអាហ្វហ្កានីស្ថានត្រូវផ្អាកទាំងស្រុង បន្ទាប់ពីត្រូវបំផ្លាញ ដោយសារគ្រាប់រ៉ុកកែតរបស់ពួកតាលីបង់ កាលពីយប់ថ្ងៃសៅរ៍។ តាមអ្នកគ្រប់គ្រងព្រលានយន្តហោះ លោក Massoud Pashtun គេបានចាប់ផ្តើមជួសជុលផ្លូវយន្តហោះឡើងវិញ នៅថ្ងៃអាទិត្យ។ អ្នកនាំពាក្យរបស់ ពួកតាលីបង់ Zabiullah Mujahid បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា  ក្រុមខ្លួនសំដៅវាយប្រហារលើព្រលានយន្តហោះ Kandahar ព្រោះសត្រូវ (កងទ័ពរដ្ឋាភិបាល) បានប្រើជាទីតាំងសម្រាប់បើកការវាយប្រហារតាមផ្លូវអាកាសលើក្រុមខ្លួន។ ក្រៅពី Kandahar ទីក្រុងធំទី២ របស់អាហ្វហ្កានីស្ថាន ក្រុមតាលីបង់កំពុងវាយចូលកៀកទីក្រុង Hérat ទីក្រុងធំទី៣ (មានប្រជាជន ៦សែននាក់) និងទីក្រុងសំខាន់របស់ខេត្ត Helmand ដែលជាប់ទីក្រុង Kandahar។ ក្រុមតាលីបង់សំដៅវាយប្រហារចង់បានទីក្រុង Kandahar ដែលក្រុមនេះធ្លាប់យកជាទីតាំរដ្ឋាភិបាល ក្នុងអំឡុងអំណាចគ្រប់គ្រងអាហ្វហ្កានីស្ថាន ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ២០០១។ ប្រសិនបើ Kandahar ទីក្រុងធំទី២ របស់អាហ្វហ្កានីស្ថាន ធ្លាក់ក្នុងដៃរបស់ក្រុមឧទ្ទាមតាលីបង់នោះ គឺជាគ្រោះមហន្តរាយដ៏ធំសម្រាប់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ព្រោះវានឹងប៉ះពាល់ជាពិសេសដល់ទឹកចិត្តប្រយុទ្ធរបស់កងទ័ពអាហ្វហា្កនីស្ថាន ដែលចាប់ផ្តើមធ្លាក់ចុះរួចហើយ នៅក្រោយកងទ័ពបរទេសដកខ្លួនចេញ។ បើក្រុមតាលីបង់អាចវាយដណ្តើមយកបានទីក្រុងធំៗរបស់អាហ្វហ្កានីស្ថាននោះ នឹងមានចំណោទសួរចំបងពីសមត្ថភាពការពារប្រទេសរបស់កងទ័ពរដ្ឋាភិបាល នៅចំពោះមុខក្រុមតាលីបង់ ដែលបង្ហាញកាន់តែច្បាស់ពីមហិច្ឆតាចង់ដណ្តើមគ្រប់គ្រងអំណាចនៅអាហ្វហ្កានីស្ថាន តាមរយៈការប្រយុទ្ធជាជាងការចរចាតាមផ្លូវនយោបាយ ដែលសហគមន៍អន្តរជាតិធ្លាប់សង្ឃឹម និងត្រួសត្រាយឲ្យរហូតមក។ សម្រាប់អ្នកជំនាញ សង្រ្គាម ២០ឆ្នាំរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន នៅបំផុតបានបិទបញ្ចប់ ទៅដោយការវិលត្រលប់របស់ពួកតាលីបង់ ដែលបានប្រកាសរួចហើយថា នឹងអនុវត្តច្បាប់អ៊ីស្លាមតឹងរ៉ឹងឡើងវិញនៅអាហ្វហ្កានីស្ថាន៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here