ប្រឈមនឹងមេរោគ«ដែលតា» ពិភពលោករឹតបន្តឹងវិធានការសាជាថ្មី

0
97

ដោយមានលេចករណីវិជ្ជមាន«ដែលតា» ចិនបានបិទខ្ទប់តំបន់មួយចំនួន ក្នុងខេត្តចំនួន៥ និងប៉េកាំង។ ជប៉ុនសម្រេចបន្តដាក់តូក្យូក្នុងភាពអាសន្នបន្តទៀត រហូតដល់ចុងខែសីហា។ ក្រុងម៉ានីល និងប្រជាជន ១៣ លាននាក់ ត្រូវបិទខ្ទប់ចាប់ពីសប្តាហ៍ក្រោយទៅ។ នៅអូស្ត្រាលី រដ្ឋាភិបាលបានបញ្ចេញទាហាន ៣០០នាក់ មកជួយប៉ូលិសក្នុងការគ្រប់គ្រងពលរដ្ឋជាង ៦ លាននាក់ នៅក្រុងស៊ីននី ឱ្យគោរពការបិទខ្ទប់ក្រុង និងបន្តការបិទខ្ទប់មួយខែទៀត គិតចាប់ពីថ្ងៃពុធ ទី២៨ ខែកក្កដាទៅ ព្រោះចំនួនអ្នកឆ្លងថ្មី បានកើនឡើងដល់កំពូលកាលពីថ្ងៃព្រហស្បតិ៍៖ ២៣៩ករណី និងស្លាប់សរុប ៩២១នាក់ហើយ។ ចំណែកនៅសហរដ្ឋអាមេរិក ដែលជាប់ឈ្មោះជាប្រទេសចាក់ថ្នាំបង្ការបានច្រើន ហើយលឿនជាងគេ និងមានស្ថានភាពប្រសើរឡើងមុនគេ កាលពីដើមខែកក្កដា ក្នុងថ្ងៃបុណ្យជាតិ លោកប្រធានាធិបតី ចូ បៃដិន បានថែមទាំងសន្យានៅចំពោះមុខប្រជាពលរដ្ឋថា រដូវក្តៅឆ្នាំ២០២១ ជារដូវសេរីភាព។ ប៉ុន្តែមិនបានមួយខែផង គឺនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា លោកប្រធានាធិបតីបានចេញមកប្រកាសចាត់វិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ បំប្លែងខ្លួន«ដែលតា» ដោយតម្រូវឱ្យពលរដ្ឋអាមេរិកទាំងអស់ ទោះបីជាបានចាក់វ៉ាក់សាំងហើយក៏ដោយ ត្រូវតែពាក់ម៉ាស់វិញ ជាពិសេស នៅក្នុងតំបន់ដែលមានការឆ្លងខ្លាំង។ លោក បៃ ដិន ក៏តម្រូវឱ្យទាហាន និងបុគ្គលិកយោធាទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងដែរ។ នៅអ៊ីស្រាអែល ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋច្រើនជាងគេបំផុត ដល់ទៅជាង ៥៥% និងបានដើរចេញពីវិបត្តិកូវីដ១៩ មុនគេ ប៉ុន្តែពេលនេះអ៊ីស្រាអែល ក៏ដូចជាបណ្តាប្រទេសដទៃទៀតកំពុងរងការគំរាមកំហែងនៃមេរោគកូវីដ១៩ បំប្លែងប្រភេទដែលតា។ ប្រឈមនឹងការសន្ទុះករណីវិជ្ជមាននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសចាត់វិធានការរឹតបន្តឹងសាជាថ្មី និងផ្តល់សន្ទុះដល់យុទ្ធនាការចាក់ថ្នាំបង្ការ ដោយតម្រូវឱ្យពលរដ្ឋបង្ហាញបណ្ណសុខភាព បញ្ជាក់ថា បានចាក់ថ្នាំបង្ការ ២ដូសរួចហើយ ឬ លទ្ធផលតេស្តកូវីដ១៩ ដោយប្រើម៉ាស៊ីន PCR អវិជ្ជមាន ក្រោម ៧២ ម៉ោង ទើបអាចចូលក្នុងទីកន្លែងមានមនុស្សច្រើនលើសពី ១០០នាក់ មិនថា នៅទីបិទជិត ឬ ទីវាលខាងក្រៅទេ។ ចំណែកមនុស្សចាស់ចាប់ពីអាយុ ៦០ ឆ្នាំឡើងទៅ ដែលបានចាក់ដូសទីពីររួចរាល់ហើយ កាលពីជាង ៥ខែមុន ត្រូវទៅចាក់វ៉ាក់សាំងលើកទីបី ដើម្បីការពារជីវិតពីមេរោគដែលតា។ បើតាមក្រុមហ៊ុនផលិត វ៉ាក់សាំង Pfizer ម្ជុលទីបី អាចមានប្រសិទ្ធភាពអាចកម្ចាត់មេរោគបំប្លែងដែលតា បាន ៥ ដង ខ្លាំងជាងពីរម្ជុល ចំពោះក្មេង និងដល់ទៅជាង ១១ ដង សម្រាប់មនុស្សចាស់។ ម្យ៉ាងវិញទៀត មេរោគកូវីដ១៩ ក៏ដូចជា មេរោគផ្តាសាយធំ ត្រូវតែចាក់រំលឹកជារឿយៗ។ នៅអឺរ៉ុប និងនៅបារាំងករណីវិជ្ជមាន មានកំណើនខ្លាំងណាស់ មានករណីវិជ្ជមានថ្មីជាង ២ម៉ឺននាក់ ក្នុងមួយថ្ងៃៗ តាំងពីប៉ុន្មានថ្ងៃមកហើយ នៅប្រទេសបារាំង ជាពិសេស នៅតំបន់ដែលមានទេសចរទៅកំសាន្តច្រើន ដូចជា តំបន់មាត់សមុទ្រ និងតំបន់ភ្នំ ដែលប្រជាពលរដ្ឋព្រងើយកន្តើយមិនព្រមចាក់ថ្នាំបង្ការ និងមានអត្រាអ្នកចាក់វ៉ាក់សាំងទាបខ្លាំង មិនដល់ ២០% ផងនោះ ករណីឆ្លងថ្មីបានស្ទុះឡើងខ្លាំង រហូតជំរុញឱ្យអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់ កោះ La Réunion La Matinique យ៉ាងហោច ពីរសប្តាហ៍ ព្រមទាំងបានបញ្ចេញកងកម្លាំងយោធាផ្នែកវេជ្ជសាស្ត្រ មកជួយមន្ទីរពេទ្យស៊ីវិលផង។ ចំនួនអ្នកឈឺធ្ងន់កើនឡើងខ្លាំង រហូតត្រូវដឹកជញ្ជូនមកព្យាបាល នៅរដ្ឋធានីប៉ារីស។ អ្នកជំនាញនិយាយគ្រប់មាត់អំពីលទ្ធភាពនៃរលកចម្លងទីបួន នៅក្នុងប្រទេស និងជំរុញកាន់តែខ្លាំងឡើងៗ មិនឱ្យបង្អង់ល្បឿននៃការចាក់ថ្នាំបង្ការទេ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here