ភ្លើងឆេះព្រៃរីករាលដាលនៅភាគខាងត្បូងអឺរ៉ុប

0
213

អេស្ប៉ាញ ក្រិក អ៊ីតាលី និងតួកគី ប្រទេសភាគខាងត្បូងអឺរ៉ុបកំពុងរាតត្បាតដោយភ្លើងឆេះព្រៃ ក្នុងទ្រង់ទ្រាយ ធំកម្រនឹងមាន។ កាលពីថ្ងៃអាទិត្យ ក្រុមពន្លត់អគ្គិភ័យក្រិកនៅបន្តបាញ់ទឹកបង្រ្កាបភ្លើងឆេះព្រៃ នៅភាគពាយ័ព្យប្រទេស។ ប្រឈមនឹងអាកាសធាតុក្តៅស្ងួតហួតហែងខ្លាំង អាជ្ញាធរបានជម្លៀសមនុស្សចេញពីភូមិ និងតំបន់ទេសចរណ៍ ដែលស្ថិតនៅក្បែរតំបន់ភ្លើងឆេះព្រៃ កាលពីថ្ងៃសៅរ៍។ នៅអ៊ីតាលី ដែលនៅត្រើយម្ខាងក្រិក ក្រុមពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ពន្លត់ភ្លើង ជាង ៨០០ កន្លែងនៅទូទាំងប្រទេស ក្នុងរយៈពេលតែ ២៤ម៉ោង។ ប្រឈមនឹងអាកាសធាតុក្តៅខ្លាំង និងភ្លើងឆេះព្រៃច្រើនខុសពីធម្មតា តួកគីកំពុងរងគ្រោះដោយភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ក្នុង ១ទសវត្សរ៍ចុងក្រោយនេះ។ គិតចាប់តាំងពីខែមករាមក ដីព្រៃជាង ៩៥០០០ ហិចតា ក្លាយជាចំណីភ្លើង  គឺច្រើនជាងឆ្នាំមុន ដល់ទៅ ៨ដង (១៣ ៥១៦ ហិចតា)។ តាម ក្រុមឧតុនិយមតួកគី នៅទីក្រុងទេសចរណ៍ Antalya ជាដើម កម្រិតទែរម៉ូម៉ែត្រនឹងឡើងដល់ ៤០ អង្សារ នៅថ្ងៃចន្ទ បន្ទាប់ពីសីតុណ្ហភាពនៅភាគអាគ្នេយ៍ប្រទេស បានឡើងក្តៅខ្លាំងដល់ ៤៩អង្សារ កាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅ។ ក្រសួងការពារជាតិតួកគី បានបង្ហាញរូបភាពផ្កាយរណប ដែលបង្ហាញពីការខូចខាត ព្រៃឈើដ៏ដំណំ ដោយសារភ្លើងឆេះព្រៃលើកនេះ។ ប្រធានាធិបតីតួកគីលោក រេស៊េប អ៊ែរដូហ្កាន កំពុងរងការរិះគន់ខ្លាំងក្លានៅក្នុងប្រទេស បន្ទាប់ពីគេដឹងថា តួកគីដែលមានសមត្ថភាពបញ្ជូនយន្តហោះចម្បាំងទៅប្រយុទ្ធនៅទឹកដីបរទេស ប៉ុន្តែបែរជាគ្មានយន្តហោះសម្រាប់ដឹកទឹកទៅពន្លត់ភ្លើងព្រៃទៅវិញ។ គណបក្ស ប្រឆាំងធំជាងគេនៅតួកគី Parti républicain du peuple, social-démocratique បានបន្ទោសប្រធានាធិបតីតួកគីថា បានរុះរើចោលស្ថាប័នដែលគ្រប់គ្រងយន្តហោះពន្លត់ភ្លើងនៅតួកគី៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here