តើអ្វីទៅជាវ៉ារ៉្យង់ Lambda?

0
38

ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩ មក វីរុស SARS-CoV-2 បានបំប្លែងខ្លួនជាច្រើនដង និងកាន់តែបង្កើនសមត្ថភាពខ្លួនកាន់តែខ្លាំងឡើង។ បច្ចុប្បន្នអង្គការសុខភាពពិភពលោក (WHO) បានចាត់ថ្នាក់វ៉ារ៉្យង់បំប្លែងខ្លួនគួរឱ្យបារម្ភ មាន ៤ ថ្នាក់ គឺថ្នាក់អាល់ហ្វា (Alpha) បេតា(Beta) ហ្គាម៉ា(Gamma) និងដែលតា(Delta)។ បន្ថែមពីនេះ ក៏មានវ៉ារ៉្យង់ ៤ ផ្សេងទៀត រួមមាន អេតា(Eta) អាយតា(Iota) កាប៉ា(Kappa) និងឡាំដា (Lambda) ដែលត្រូវបានគេកំណត់ថា ជាវ៉ារ្យ៉ង់គួរយកចិត្តទុកដាក់។ ប៉ុន្មានសប្តាហ៍ថ្មីៗនេះ គេសង្កេតឃើញមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ៉្យង់ឡាំដា ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសប៉េរូ និងបានទាក់ទាញចំណាប់អារម្មណ៍អ្នកជំនាញជាច្រើន។ វ៉ារ៉្យង់នេះកំពុងលេចធ្លោជាងគេនៅក្នុងតំបន់ភ្នំ Andean នៃប្រទេសអាមេរិកខាងត្បូង ដែលបង្កឱ្យមានអត្រាមរណភាពខ្ពស់ជាងគេបំផុត នៅលើពិភពលោក ខណៈវ៉ារ៉្យង់នេះ បានរីករាលដាលដល់ប្រទេសយ៉ាងហោច ២៨ ប្រទេសទៀត រួមមាន អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អេក្វាទ័រ ចក្រភពអង់គ្លេស អេស្បាញ ហូល្លង់ បែលហ្សិក បារាំង ព័រទុយហ្គាល់ និងសហរដ្ឋអាមេរិក ជាដើម។ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ វ៉ារ៉្យង់នេះបានកើនឡើងដល់ ៨០ ភាគរយនៃករណីទាំងអស់នៅក្នុងប្រទេសប៉េរូ។ នេះបើយោងតាមវិទ្យាស្ថានសុខភាពជាតិរបស់ប្រទេស។ វេជ្ជបណ្ឌិតលោក Pablo Tsukayama ឯកទេសផ្នែកមីក្រូជីវសាស្ត្រម៉ូលេគុលនៅសាកលវិទ្យាល័យ Cayetano Heredia បានប្រាប់សារព័ត៌មាន Al Jazeera ថា៖«នៅពេលដែលយើងរកវាឃើញដំបូង វានៅមិនទាន់មានការចាប់អារម្មណ៍ខ្លាំងនោះទេ។ ប៉ុន្តែយើងនៅតែបន្តដំណើរការសិក្សាគំរូ ហើយបើគិតត្រឹមខែមីនា វ៉ារ៉្យង់នេះ មានចំនួន ៥០ ភាគរយនៃសំណាកនៅលីម៉ាទៅហើយ។ ហើយត្រឹមខែមេសា វាឈានដល់ ៨០ភាគរយនៃសំណាកនៅក្នុងប្រទេសប៉េរូ ដែលការលោតឡើងនេះ គឺជាសូចនាករដំបូងវ៉ារ៉្យង់ ដែលមានសមត្ថភាពចម្លងលឿន»។ បើយោងតាមការស្រាវជ្រាវ ដែលបានចេញផ្សាយនៅខែកក្កដា ដោយក្រុមវេជ្ជបណ្ឌិតមកពីសាលាវេជ្ជសាស្ត្រ Grossman នៃសាកលវិទ្យាល័យញូវយ៉ក បានឱ្យដឹងថា ការបំប្លែងខ្លួននេះ ត្រូវបានគេសង្កេតឃើញនៅក្នុងប្រូតេអ៊ីន គឺដើម្បីបង្កើនសមត្ថភាពឆ្លងរបស់វា ដែលអាចកាត់បន្ថយប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ។ យោងតាមវីរុសវិទូលោក Ricardo Soto-Rifo នៃវិទ្យាស្ថានវិទ្យាសាស្ត្រជីវសាស្រ្តនៃសាកលវិទ្យាល័យប្រទេសស៊ីលី និងអ្នកវិទ្យាសាស្ត្រដទៃទៀត កំពុងធ្វើការសិក្សាបឋមមួយ ស្ដីអំពីផលប៉ះពាល់នៃវ៉ាក់សាំងចិន CoronaVac លើវ៉ារ្យ៉ង់នេះ ប៉ុន្តែការសិក្សានេះនៅមិនទាន់ពិនិត្យមើលឡើងវិញ និងវាយតម្លៃនៅឡើយទេ។ ទោះយ៉ាងណា លទ្ធផលបានបង្ហាញថា វ៉ារ៉្យង់ឡាំដាអាចបន្សាបអង្គបដិបក្ខប្រាណ ដែលបង្កើតដោយវ៉ាក់សាំងបាន។ វេជ្ជបណ្ឌិត Roselyn Lemus-Martin ដែលមានសញ្ញាបត្របណ្ឌិតផ្នែកជីវវិទ្យា និងជីវវិទ្យាកោសិកា ពីសាកលវិទ្យាល័យ Oxford និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន Al Jazeera ថា៖«កាលពីដើមឡើយ យើងមានការព្រួយបារម្ភខ្លាំងណាស់ ដោយសារយើងគិតថា វ៉ារ៉្យង់នេះអាចនឹងឆ្លងខ្លាំងជាងវ៉ារ៉្យង់ដែលតា។ ប៉ុន្តែឥឡូវនេះ នៅសហរដ្ឋអាមេរិក យើងបានឃើញថា វ៉ារ៉្យង់ដែលតា នៅតែឆ្លងខ្លាំងជាងគេដដែល ខណៈវ៉ារ៉្យង់ឡាំដា នៅមិនទាន់ឆ្លងលឿនខ្លាំងទៅតំបន់ផ្សេងនៅឡើយទេ»៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here