មនុស្សជាតិប្រើប្រាស់អស់ធនធាន ដែលផែនដីមានសមត្ថភាពផលិតនៅឆ្នាំ២០២១

0
196

គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា មនុស្សជាតិលើផែនដីប្រើប្រាស់អស់ធនធានធម្មជាតិ ដែលភពផែនដីមានសម្រាប់មួយឆ្នាំ២០២១នេះ។ ភពផែនដីទាំងមូល ដូចជា ធម្មជាតិក្រោមដី លើដី ទឹក ប្រេង ខ្យល់ ព្រៃឈើជាដើម មានសមត្ថភាពលូតលាស់ផលិតធនធានទាំងអស់នេះ ក្នុងកំរិតច្បាស់លាស់។ ដោយសារយើងប្រើប្រាស់អស់មុនកាលកំណត់ ហួសសមត្ថភាពផលិតរបស់ផែនដី មានន័យថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ចុងឆ្នាំ២០២១ ធនធានធម្មជាតិដែលយើងប្រើប្រាស់ គឺជាធនធានបម្រុង។ ប៉ុន្តែបើសិនមនុស្សជាតិ នៅតែប្រើប្រាស់ធនធានធម្មជាតិលើសពីសមត្ថភាពផលិតរបស់ភពផែនដីនោះ ធនធានបម្រុងក៏នឹងត្រូវហិនហោចនៅថ្ងៃណាមួយ។ វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ Global Footprint Network ដែលមានទីតាំងនៅ សហរដ្ឋអាមេរិក បានសិក្សាគណនាជារៀងរាល់ឆ្នាំ ចំនួនថ្ងៃដែលមនុស្សជាតិប្រើប្រាស់ធនធានធម្មជាតិរបស់ភពផែនដី។ ដោយផ្អែកលើទិន្នន័យជាង ៣លានរបស់អង្គការសហប្រជាជាតិ វិទ្យាស្ថាននេះបានគុណគណនារវាងសកម្មភាពប្រើប្រាស់ ឬ ស្នាមបរិស្ថានរបស់មនុស្ស ជាមួយនឹងសមត្ថភាពរបស់ផែនដី ដូចជា ការផលិត ធនធានធម្មជាតិ ប្រព័ន្ធជីវិតចម្រុះ ដើម្បីស្រូបកាកសំណល់របស់មនុស្សទៅវិញ ជាពិសេស គឺឧស្ម័នកាបូនិកតែម្តង។ គេអាចកំណត់បានថ្ងៃ ដែលមនុស្សប្រើប្រាស់អស់ធនធានធម្មជាតិ គឺនៅពេលដែលតម្រូវការរបស់មនុស្សមានច្រើនហួសសមត្ថភាពផលិតបានរបស់ផែនដី។ តាមរបាយការណ៍ បើសិនមនុស្សជាតិបន្តប្រកាន់ទម្លាប់របៀបរស់នៅបែបនេះរហូតទៅ គឺទាល់តែមានផែនដីជិត (១,៧) ទើបអាចផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់ចិញ្ចឹមមនុស្សជាង ៧ពាន់លាននាក់នៅលើផែនដី។ វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិនេះ ធ្លាប់បានបង្ហាញថា បើសិនយើងចង់មានលំនឹងរវាងការប្រើប្រាស់ធនធានធម្មជាតិ និងការផលិតរបស់ផែនដីឲ្យបាន ពីពេលនេះដល់ឆ្នាំ២០៣០ នោះ យើងត្រូវចាប់ផ្តើមកាត់បន្ថយដំបូងគេ គឺការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់។ បើសិនពិភពលោកអាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នោះ យើងអាចទប់ទល់កុំឲ្យផែនដីឡើងកំដៅ ដើម្បីធានាការដុះលូតលាស់ប្រព័ន្ធជីវចម្រុះឲ្យបានត្រឹមត្រូវ និងមានលំនឹង។ បញ្ឈប់ការកាប់ព្រៃឈើ ប្តូរទម្លាប់រស់នៅកាត់បន្ថយការបរិភោគសាច់ ឈប់ខ្ជះខ្ជាយចំណីអាហារ កាត់បន្ថយការធ្វើដំណើរតាមរយៈយាន ដែលបញ្ចេញឧស្ម័កាបូនិក។ រឿងទាំងអស់នេះ មនុស្សជាតិអាចធ្វើបាន។ សរុបមកវិញ បើសិនចង់រក្សាធនធានធម្មជាតិផែនដីឲ្យមានលំនឹង កុំឲ្យផែនដីហិនហោច (មិនមែនគ្រាន់តែដើម្បីជីវិតឆ្នាំងបាយរបស់យើងសព្វថ្ងៃទេ ប៉ុន្តែសម្រាប់កូនចៅជំនាន់ក្រោយទៅថ្ងៃអនាគត) យើងអាចធ្វើបាន ហើយក៏ត្រូវធ្វើចាប់ពីនេះ រាល់សកម្មភាពដែលគិតគូរដល់បរិស្ថានធនធានធម្មជាតិរបស់ផែនដី៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here