លោក ហេង សួរ ប្រាប់ពលករខ្មែរនៅថៃ កុំឱ្យឆ្លងដែនមកខ្មែរ ព្រោះព្រំដែនបិទហើយ

0
120

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំទៅពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ កុំចេញពីកន្លែងស្នាក់នៅដើម្បីឆ្លងដែនត្រឡប់មកខ្មែរវិញ ព្រោះព្រំដែនត្រូវបានបិទហើយ។

លោក ហេង សួរ បានលើកឡើងលើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី២៩ ខែកក្កដា នេះថា «ចាប់ពីម៉ោងនេះតទៅ សូមបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ កុំចល័តចេញពីកន្លែង ដែលខ្លួនកំពុងស្នាក់នៅឆ្ពោះមកព្រំដែនកម្ពុជា-ថៃ។ បើទោះបីជាបងប្អូនមានធុរៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកវិញ ក៏ត្រូវពន្យារពេលយ៉ាងហោចណាស់ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ»។

លោក ហេង សួរ បានបញ្ជាក់ថា ចំពោះមុខនេះ ប្រសិនបើពលករធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាក៏ដោយ គឺនឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃ តម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលដឹកជញ្ជូនពលករ គឺល្មើសនឹងបំរាមរបស់អាជ្ញាធរថៃ ដូច្នេះត្រូវប្រឈមនឹងការចាត់វិធានការច្បាប់ផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃ ចាប់ពីយប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា (Delta)។ ការធ្វើដំណើរឆ្លងព្រំដែនអនុញ្ញាតតែការដឹកទំនិញ និងការធ្វើដំណើរចាំបាច់តែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here