ក្រោយរដ្ឋប្រហារ ៦ខែ លទ្ធផលនៃការបោះឆ្នោតមីយ៉ាន់ម៉ា ឆ្នាំ២០២០ ត្រូវបានលុបចោលជាផ្លូវការ

0
163

លទ្ធផលនៃការបោះឆ្នោតនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានលុបចោលជាផ្លូវការដោយគណៈកម្មការរៀបចំការបោះឆ្នោតរបស់មីយ៉ាន់ម៉ា (UEC) ដែលចាត់តាំងដោយរដ្ឋាភិបាលយោធា ក្រោមមូលហេតុថា ការបោះឆ្នោតនេះ មិនប្រកបដោយភាពសេរី និងយុត្តិធម៌។ នេះបើតាមសេចក្ដីប្រកាសរបស់ UEC ចុះកាលបរិច្ឆេទនៅថ្ងៃទី២៦ ខែកក្កដា។ លទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០២០ បង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ឈ្នះអាសនៈភាគច្រើន នៅក្នុងសភាជាន់ទាប និងសភាជាន់ខ្ពស់ ដែលគ្រប់គ្រាន់ក្នុងការរៀបចំរដ្ឋាភិបាលដោយខ្លួនឯង។ នៅក្នុងសេចក្ដីប្រកាសនោះUECបានអះអាងថាពួកគេរកឃើញភាពមិនប្រក្រតីលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០ ចំនួនប្រមាណ ១១ លានករណី ក្នុងចំណោមអ្នកបោះឆ្នោតសរុបប្រមាណ ៣០ លាននាក់ នៅមណ្ឌលបោះឆ្នោតទូទាំងប្រទេស។ ភាពមិនប្រក្រតីទាំងនោះរាប់បញ្ចូលទាំងឈ្មោះអ្នកបោះឆ្នោតក្រោមអាយុ ១៨ឆ្នាំ អ្នកបោះឆ្នោតមានអាយុលើស ១០០ ឆ្នាំ ព្រមទាំងអ្នកបោះឆ្នោតដោយមិនមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ។ UEC ក៏រកឃើញបញ្ហាចំនួន ១១ ចំណុចផ្សេងទៀត ដែលបញ្ហាទាំងនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌនៃការបោះឆ្នោត បញ្ហាសមត្ថភាពរបស់ស្ថាប័នរៀបចំការបោះឆ្នោតចាស់ ហើយជាពិសេសនោះ គឺការជ្រៀតជ្រែករបស់គណបក្សសម្ព័ន្ធជាតិដើម្បី ប្រជាធិបតេយ្យ (NLD) ទៅលើនីតិវិធី និងដំណើរការនៃការបោះឆ្នោត និងការរំលោភអំណាចរដ្ឋបាលរបស់គណបក្ស NLD ទាក់ទិនលើរឿងរៀបចំបទបញ្ជានៃការឃោសនាការបោះឆ្នោត និងបទបញ្ជាទប់ស្កាត់ នៃជំងឺកូវីដ១៩។ ទោះជាយ៉ាងណា បណ្ដាញអាស៊ីសម្រាប់ការបោះឆ្នោតសេរី (ANFREL) ដែលបានសង្កេតការណ៍ក្នុងការបោះឆ្នោតនៅមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២០ កន្លងទៅ បានរកឃើញថា ការបោះឆ្នោតនេះឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោត៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here