បក្សប្រឆាំង និងអង្គការសង្គមស៊ីវីលកំពុងតែរលាយបាត់សាបសូន្យ ពីដែនដីហុងកុង

0
56

អ្នកនយោបាយបក្សប្រជាធិបតេយ្យ សមាជិកក្រុមប្រឹក្សាសង្កាត់ សមាជិកសភា សកម្មជន អង្គការ សមាគមនានានៅហុងកុងបានចាប់ផ្តើមលាឈប់លែងធ្វើសកម្មភាពជាបន្តបន្ទាប់។ អង្គការសង្គមស៊ីវីលកំពុងតែរលាយបាត់សាបសូន្យ ខណៈដែលប៉េកាំងបានរឹតបន្តឹងការកៀបសង្កត់កាន់តែខ្លាំងឡើង មកលើដែនដីហុងកុង។ និស្សិតហុងកុងឈ្មោះ Wong Yat-chin បានថ្លែងប្រាប់ AFP ថា ឆ្លងកាត់ ២ឆ្នាំមកនេះ ខ្លួនបានសង្កេតឃើញនូវការដាំក្បាលចុះនៃចលនាទាមទារលទ្ធិប្រជាធិបតេយ្យនៅហុងកុង។ កាលពីពាក់កណ្តាលឆ្នាំ២០១៩ ខ្លួនបានសម្រេចចិត្តបង្កើតចលនានិស្សិតមួយឈ្មោះថា «Student Politicism» ដើម្បីប្រឆាំងនឹងគម្រោងច្បាប់ «សន្តិសុខជាតិ» ដោយតែងតែផ្សព្វផ្សាយពីគ្រោះថ្នាក់នៃច្បាប់សន្តិសុខជាតិរបស់ចិន មកលើសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង។ Wong Yat-chin បានលើកឡើងថា អង្គការសង្គមស៊ីវីលនៅហុងកុង បាននិងកំពុងតែរលាយសាបសូន្យ ដោយសារយុទ្ធសាស្ត្រកៀបសង្កត់ ២ដំណាក់កាល គឺជំហានដំបូង ប៉េកាំងបានរៀបចំធ្វើច្បាប់សន្តិសុខជាតិ។ តាមរយៈច្បាប់នេះ មនុស្សយ៉ាងហោច ១២០នាក់ ត្រូវបានគេចាប់ដាក់ឃុំ ឬ ចោទប្រកាន់ ដោយសារការបញ្ចេញទស្សនៈនយោបាយ។ ជំហានទី២ គឺការតម្រូវឲ្យបុគ្គលិករដ្ឋការ និងអ្នកនយោបាយទាំងអស់ត្រូវតែបង្ហាញ «ភក្តីភាពចំពោះចិន»។ «ហុងកុងត្រូវដឹកនាំដោយអ្នកស្នេហាជាតិ» នេះ គឺជាពាក្យស្លោកដែលប៉េកាំងបានផ្សព្វផ្សាយបំភ័យអ្នកនយោបាយណា ដែលមានទំនោរប្រឆាំងនឹងបក្សកុម្មុយនីស្តិចិន។ មេចលនានយោបាយប្រជាធិបតេយ្យ ដែលចេញមុខខ្លាំងសឹងទាំងអស់ បើមិនជាប់ឃុំទេ គឺកំពុងប្រឈមនឹងបទចោទប្រកាន់ ឬ រត់ភៀសខ្លួនទៅក្រៅស្រុក។ បន្ថែមពីនេះ សមាជិក ក្រុមប្រឹក្សា សង្កាត់ ដែលកើតចេញពីការបោះឆ្នោតដោយសេរី និងសកល ចំនួន ២៥០ នាក់ បានលាឈប់ពីមុខងារ ដើម្បីកុំឲ្យមានបញ្ហាជាមួយអាជ្ញាធរ។ លោក Lo Kin-hei ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងចំណាស់មួយនៅហុងកុងបានលាឈប់ពីការងារ ប្រាប់ AFP ថា ការកៀបសង្កត់រករឿងមានទំហំកាន់តែធំ និងលឿនហួសពីការស្មាន ដែលធ្វើឲ្យអ្នកនយោបាយប្រជាធិបតេយ្យអស់សង្ឃឹម។ ក្នុងរយៈពេល ២០ឆ្នាំ ក្រោយការប្រគល់ហុងកុងទៅឲ្យចិនគ្រប់គ្រង គឺប្រជាជនហុងកុងបានរស់ក្នុងសិទ្ធិសេរីភាព ដោយផ្អែកលើគោលការណ៍ដែលចិនបានសន្យា គឺ«ប្រទេសមួយ ប្រព័ន្ធ២» ប៉ុន្តែតទៅ គឺគ្មានពន្លឺអ្វីទៀតឡើយ។ អាជ្ញាធរហុងកុង បានអះអាងថា «ច្បាប់សន្តិសុខជាតិ» គឺមានតួនាទីការពារពង្រឹងស្ថិរភាពហុងកុង។ រីឯយុទ្ធនាការឃោសនា «ទ្រឹស្តីស្នេហាជាតិ» គឺវានឹងអនុញ្ញាតឲ្យគេអាចរារាំង ឬ ចាប់ខ្លួនក្រុមជនមួយក្តាប់តូច ដែលមាននិន្នាការប្រឆាំងនឹងចិន៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here