បារាំង “ជំពាក់បំណុល” ប្រជាជនប៉ូលីណេស៊ី ទាក់ទងនឹងការសាកល្បងនុយក្លេអ៊ែរ

0
34

ក្នុងដំណើរទស្សនកិច្ចនៅប៉ូលីណេស៊ី លោកប្រធានាធិបតី ម៉ាក្រុង ប្រកាសទទួលស្គាល់ថា បារាំង “ជំពាក់បំណុល” ប្រជាជនប៉ូលីណេស៊ី ទាក់ទងនឹងការសាកល្បងនុយក្លេអ៊ែរ កាលពីអតីតកាល។ សំណុំរឿងសាកល្បងនុយក្លេអែរ នៅតំបន់ដែនដីនាយសមុទ្រប៉ូលីណេស៊ី គឺជារឿងដ៏រស៊ើបដែលរដ្ឋអំណាចបារាំងព្យាយាមជៀសវាងជាច្រើនទសវត្សរ៍មកហើយ។ ក្រៅពីប្រកាសថា ប្រទេសបារាំង «ជំពាក់បំណុល»ពលរដ្ឋប៉ូលីណេស៊ី លោក ម៉ាក្រុង បានសន្យាបើកបង្ហាញការពិត និងតម្លាភាព តាមរយៈអនុញ្ញាតផ្តល់លទ្ធភាពឲ្យអ្នកស្រាវជ្រាវ មើល និងអានឯកសារសម្ងាត់តម្កល់នៅបណ្ណាសារ។ ការសាកល្បងនុយក្លេអ៊ែររបស់ទ័ពបារាំង នៅប៉ូលីណេស៊ី គឺធ្វើឡើងនៅចន្លោះឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៩៦។ ក្នុងរយៈពេល ៣០ឆ្នាំនោះ បារាំងបានសាកល្បងនុយក្លេអ៊ែរ ចំនួន ១៩៣ នៅលើអាកាស និងនៅក្រោមសមុទ្រ។ អតីតប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់ ពេលទៅទស្សនកិច្ចនៅប៉ូលីណេស៊ី កាលពីឆ្នាំ២០១៦ ទទួលស្គាល់ថា ការសាកល្បងនុយក្លេអ៊ែរ បានជះផលប៉ះពាល់ដល់បរិស្ថាន។ ចំណែក ប្រជាពលរដ្ឋប៉ូលីណេស៊ី និងសមាគមសិទ្ធិមនុស្ស អះអាងថា ព្រោះតែការ សាកល្បងនុយក្លេអ៊ែរ គឺធ្វើឲ្យពលរដ្ឋប៉ូលីណេស៊ីមានបញ្ហាជំងឺមហារីកជាច្រើននាក់។ ព្រឹទ្ធសភាបារាំងបានធ្វើរបាយការណ៍ស៊ើបអង្កេតកាលពីឆ្នាំ២០១៣ រកឃើញថា អាចមានផលប៉ះពាល់ដល់មនុស្ស យ៉ាងហោច ២ពាន់នាក់។ កាលពីថ្ងៃពុធ ទី២៨ ខែកក្កដា លោកប្រធានាធិបតី ម៉ាក្រុង បានថ្លែងថា អ្នកដែលទទួលរកផលប៉ះពាល់នឹងត្រូវស្រាវជ្រាវរក ហើយនឹងត្រូវជួយប៉ះប៉ូវការខូចខាត។ ប៉ូលីណេស៊ី ជាដែនដីឯនាយសមុទ្ររបស់បារាំង ហើយទទួលជំនួយថវិកាជាប្រចាំពីរដ្ឋបារាំង ប្រមាណ ១,៥ ពាន់លានអឺរ៉ូ ជារៀងរាល់ឆ្នាំ។ ប្រមុខរដ្ឋបារាំងបានសន្យាផ្តល់ជំនួយវិនិយោគ ៣០០លានអឺរ៉ូ ហើយ ៦០០លានអឺរ៉ូ សម្រាប់ជួយដោះស្រាយវិបត្តិកូវីដ១៩ នៅប៉ូលីណេស៊ី។ លោក ម៉ាក្រុង ក៏បានអំពាវនាវឲ្យពលរដ្ឋប៉ូលីណេស៊ី ទៅទទួលថ្នាំបង្ការកូវីដ ១៩ ព្រោះបារាំងបានផ្តល់ជំនួយវ៉ាក់សាំង ២៣ម៉ឺនដូស ហើយនៅសល់ ១១ម៉ឺនដូសទៀត ដែលកំពុងរង់ចាំ មនុស្សទៅចាក់៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here