ប្រមុខការបរទេសអាមេរិកធ្វើទស្សនកិច្ចផ្លូវការជាលើកដំបូង ទៅកាន់ប្រទេសឥណ្ឌា

0
36

ប្រមុខការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីងកិន កាលពីថ្ងៃពុធ ទី២៨ ខែកក្កដា បានមានវត្តមាននៅក្នុង ទីក្រុងញូវដែលី ប្រទេសឥណ្ឌា សម្រាប់ទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោក។ កិច្ចពិភាក្សារវាងលោក ប្ល៊ីងកិន និងសម្ព័ន្ធមិត្តឥណ្ឌា ផ្តោតជាសំខាន់លើបញ្ហាប្រឈមមុខគ្នាជាមួយចិន បញ្ហាអាហ្វហ្កានីស្ថាន បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ សម្រាប់កិច្ចពិភាក្សាជាផ្លូវការនេះ គេរំពឹងថា មន្ត្រីរដ្ឋាភិបាលឥណ្ឌានឹងសម្តែងការព្រួយបារម្ភរបស់ខ្លួន ចំពោះការដំឡើងសាច់ដុំកាន់តែខ្លាំងឡើងរបស់ចិន។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ចង់ចរចាជំរុញឲ្យមានការគាំទ្របន្ថែមទៀតពីអាមេរិក ដើម្បីប្រឆាំងទល់នឹងប្រទេសចិន ជុំវិញភាពតានតឹងនៅតាមព្រំដែន ជាពិសេស ចាប់តាំងពីមានការប៉ះទង្គិចគ្នាដ៏សាហាវ កាលពីឆ្នាំមុន រវាងទាហានចិន និងឥណ្ឌា នៅតាមព្រំដែនលើជួរភ្នំហិម៉ាឡៃ។ បើយោងតាមអ្នកជំនាញកិច្ចការយុទ្ធសាស្ត្រ នៅមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឥណ្ឌា លោក Brahma Chellaney ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះទីក្រុងញូវដែលីបានធ្លាក់ចុះ ចាប់តាំងពីលោក ចូ បៃដិន បានឡើងកាន់អំណាចជំនួសលោក ដូណាល់ ត្រាំ មក។ មូលហេតុនេះហើយ ធ្វើឲ្យឥណ្ឌាមិនស្រណុកក្នុងចិត្ត និងបានត្រៀមខ្លួនរួចជាស្រេច ជួបចរចាជាមួយលោករដ្ឋមន្ត្រីការបរទេសអាមេរិកលោក ប្ល៊ីងកិន ដើម្បីទាញអាមេរិកឲ្យងាកមកគាំទ្រខ្លួនខ្លាំងដូចមុនវិញ។ នៅក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានបង្កើនការប្រើច្បាប់ប្រឆាំងទល់នឹងអំពើភេរវកម្ម និងការ “បះបោរ” ដើម្បីចាប់ខ្លួនមនុស្សជាច្រើន។ ក្រុមអ្នករិះគន់បាននិយាយថា រដ្ឋអំណាចឥណ្ឌាបានយកច្បាប់ប្រឆាំងទល់នឹងអំពើភេរវកម្ម និងការបះបោរនេះ ជាលេស ដើម្បីបំបិទសំឡេងក្រុមអ្នកប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងអ្នកកាសែត ជាដើម។ លោក ម៉ូឌី ក៏បានតាក់តែងនូវច្បាប់ ដែលក្រុមអ្នកប្រឆាំងនិយាយថា ជាការរើសអើង ចំពោះជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម ចំនួនប្រមាណ ១៧០ លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានបដិសេដ ចំពោះការលើកឡើងនេះ ដោយបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋឥណ្ឌាគ្រប់ស្រទាប់វណ្ណៈទាំងអស់ មិនថា អ្នកមាន អ្នកក្រ អ្នកមាននិន្នាការនយោបាយណា ឬ អ្នកកាន់សាសនាណានោះទេ គឺសុទ្ធមានសិទ្ធិសេរីភាពស្មើគ្នាទាំងអស់។ នៅមុនជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា ប្រមុខការបរទេសអាមេរិកលោក ប្ល៊ីងកិន បានចេញសេចក្តីព្រមានមួយ អំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យរបស់ឥណ្ឌា។ លោកក៏បានប្រាប់ក្រុមសង្គមស៊ីវិលដែរថា សហរដ្ឋអាមេរិក និងឥណ្ឌាត្រូវបានផ្សារភ្ជាប់ដោយគុណតម្លៃរួមគ្នា ដូចជា ក្រមវិន័យច្បាប់ និងសេរីភាពនៃសាសនា ជាដើម។ បញ្ហាទាក់ទិនអាហ្វហ្កានីស្ថានវិញ ឥណ្ឌាដែលជាខ្នងបង្អែកដ៏ធំមួយរបស់រដ្ឋាភិបាលក្រុងកាប៊ុល កំពុងព្រួយបារម្ភខ្លាចថា ការវាយដណ្តើមកាន់កាប់បានទីតាំងភូមិសាស្ត្រជាច្រើន ដោយពួកតាលីបង់នៅក្នុងប្រទេសអាហ្វហា្កនីស្ថាន គឺជាគ្រោះថ្នាក់ធំណាស់សម្រាប់ឥណ្ឌា។ ពួកតាលីបង់ ត្រូវបានឥណ្ឌាមើលឃើញថា ទទួលបានការគាំទ្រពីគូប្រជែងប៉ាគីស្ថាន ដូច្នោះហើយក្នុងករណីពួកតាលីបង់គ្រប់គ្រង់អាហ្វហ្កានីស្ថានបាននោះ ពួកគេនឹងប្រែក្លាយប្រទេសមួយនេះ ទៅជាមូលដ្ឋានសម្រាប់ពួកសកម្មប្រយុទ្ធ ដើម្បីវាយហារមកលើឥណ្ឌា។ ក្រៅពីបញ្ហាប្រឈមមុខគ្នាជាមួយចិន បញ្ហាអាហ្វហ្កានីស្ថាន បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅឥណ្ឌា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌាលើកនេះ ប្រមុខការបរទេសអាមេរិកលោក អង់តូនិ ប្ល៊ីងកិន ក៏បានជជែកពិភាក្សាជាមួយភាគីឥណ្ឌាផងដែរ ស្តីអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា លើការផលិតវ៉ាក់សាំងកូវីដ១៩ និងបញ្ហាស្តីអំពីការប្រែប្រួលអាកាសធាតុ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here