កូវ៉ាក់រំពឹងថា នឹងទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន ២៥០ លានដូស ក្នុង ៦ ទៅ ៨ សប្តាហ៍ទៀត

0
47

ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ២៥០ លានដូស គឺជាកាតាលីករជួយដាស់ឲ្យយន្តការកូវ៉ាក់ ចាប់មានសន្ទុះឡើង និងជួយប្រទេសក្រីក្រដែលកំពុងស្រែកឃ្លានវ៉ាក់សាំងយកទៅចាក់ជូនប្រជាជន។ កាលពីថ្ងៃពុធ ទី២៨ ខែកក្កដា ក្នុងពេលធ្វើបច្ចុប្បន្នភាព អំពីប្រតិបត្តិការរបស់កូវ៉ាក់ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា វ៉ាក់សាំងដែលបរិច្ចាគដោយប្រទេសម្ចាស់ជំនួយនឹងទៅដល់មណ្ឌលកូវ៉ាក់ ក្នុងរយៈពេល ៦ ទៅ ៨ សប្តាហ៍ខាងមុខនេះ។ កូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ដែលបានបង្កើតឡើង ដោយអង្គការសុខភាព ពិភពលោក និងសម្ព័ន្ធដើម្បីវ៉ាក់សាំង ហៅកាត់ Gavi ដើម្បីធានាថា ប្រទេសក្រីក្រអាចទទួលបានវ៉ាក់សាំង បង្ការកូវីដ១៩ ដោយស្មើភាពគ្នាជាមួយនឹងប្រទេសអ្នកមាន។ នៅក្រោមយន្តការកូវ៉ាក់ ប្រទេសក្រីក្រខ្លាំងចំនួន ៩២ អាចទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃ ដោយមានក្រុមម្ចាស់ជំនួយ ជាអ្នកជួយរ៉ាប់រង់រាល់ថ្លៃចំណាយទាំងអស់។

មកទល់នឹងពេលនេះដែរ អង្គការសុខភាពពិភពលោកបានបញ្ជូនវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១៥២ លានដូសហើយ ទៅឲ្យ ១៣៧ ប្រទេស។ តាំងពីឥណ្ឌាបានសម្រេចផ្អាក និងបិទខ្ទប់ការនាំចេញវ៉ាក់សាំង AstraZeneca មួយរយៈរួចមក យន្តការកូវ៉ាក់ ត្រូវពឹងផ្អែកកាន់ខ្លាំងលើការបរិច្ចាគពីប្រទេសអ្នកមាន ដែលបានទិញវ៉ាក់សាំងទុកច្រើនជាងចំនួនដែលពួកគេត្រូវការ។ នៅគ្រាកន្លងមក លោក តេដ្រូស ប្រធានអង្គការសុខភាពពិភពលោក ធ្លាប់បានបរិហាររិះគន់ពីភាពអាត្មានិយមរបស់ក្រុមប្រទេសអ្នកមាន និងបានអំពាវបាននាវផងដែរ ឲ្យពួកគេជួយគិតគូរចែករំលែកវ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសក្រីក្រ ដែលកំពុងខ្វះខាតវ៉ាក់សាំងផង។ តបទៅតាមការអំពាវនាវរបស់ប្រធានអង្គការសុខភាពពិភពលោក ក្រុមប្រទេសអ្នកមាន រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង ស៊ុយអែត និងជប៉ុនជាដើម បានប្រកាសផ្តល់វ៉ាក់សាំងដែលខ្លួនមានទៅឲ្យយន្តការកូវ៉ាក់។ ជាសរុប សម្រាប់ឆ្នាំ២០២១ -២០២២ យន្តការកូវ៉ាក់ រំពឹងថា នឹងទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ យ៉ាងហោច ៦១០ លានដូស។ ក្នុងចំណោមនោះ គេរំពឹងថា នឹងទទួលវ៉ាក់សាំង ចំនួន ២៦០ លានដូសពីសហរដ្ឋអាមេរិក ២០០ លានដូសពីបណ្តាប្រទេសសហភាពអឺរ៉ុប ៨០ លានដូសពីអង់គ្លេស ហើយប្រមាណជា ៣០ លានដូសពីកាណាដា និង ៣០ លានដូសទៀតពីជប៉ុន៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here